ខេត្តស្វាយរៀង៖ លោកសៅ សុខា អនុប្រធានគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តស្វាយរៀងនិងជាប្រធានគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុករមាសហែក បានធ្វើការផ្ដាំផ្ញើដល់លោកមាស សុវណ្ណ ប្រធានក្រុមការងារចុះមូលដ្ឋានឃុំកំពង់ត្រាច និងលោក ម៉ន សាម៉ុន ប្រធានក្រុមការងារគណបក្សឃុំអំពិល ស្រុករមាសហែក ដែលបានទទួលបានការតែងតាំងមុខតំណែងថ្មី ត្រូវបន្តខិតខំប្រឹងប្រែងដើម្បីចូលរួមចំណែកកសាង និងអភិវឌ្ឍន៍ក្នុងឃុំរបស់ខ្លួនឲ្យមានការរីកចម្រើនថ្មីៗ បន្ថែមទៀត ពិសេសត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវលក្ខន្តិកៈរបស់គណបក្ស និងកម្មវិធីគោលនយោបាយ គោលការណ៍ទាំងឡាយរបស់គណបក្ស ដែលថ្នាក់កណ្ដាលបានដាក់ចុះឲ្យបានត្រឹមត្រូវម៉ឺងម៉ាត់។
ការផ្ដាំផ្ញើរបស់លោកបានធ្វើឡើងនាព្រឹកថ្ងៃទី៦ខែមករាឆ្នាំ២០២៤ ក្នុងពិធីប្រកាសសមាសភាព ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំកំពង់ត្រាចនិងឃុំអំពិល ព្រមទាំងផ្សព្វផ្សាយ សេចក្តីសម្រេចចិត្ត នៃមហាសន្និបាតវិសាមញ្ញ តំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា ដោយមានការចូលរួមពីសំណាក់លោក ស៊ូ ម៉ុល ប្រធានគណបក្សប្រជាជនកម្ពុជាស្រុក លោកអនុប្រធាន ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុក លោកប្រធានក្រុមក្រុមការងារគណបក្សចុះមូលដ្ឋានតាមបណ្ដាឃុំ លោក លោកស្រីប្រធានគណបក្សឃុំ ទាំង១៦ឃុំភូមិ សរុបចំនួន៦៥៨ស្រី១៤២នាក់ នៅសាលប្រជុំទីចាត់ការគណបក្សស្រុករមាសហែក។
ថ្លែងក្នុងឱកាសនោះ លោក សៅសុខា បានធ្វើការកោតសសើរ ដល់ លោក ង៉ុយ ហាក់ អតីត ប្រធានក្រុមការងារចុះមូលដ្ឋានឃុំកំពង់ត្រាចនិងលោក ហុឹម វិបុលឬទ្ធិ ឃុំអំពិល ដែលបានដឹកនាំក្រុមការងារគណបក្សចុះមូលដ្ឋាននាពេលកន្លងមក ដោយសម្រេចបាននូវសា្នដៃជាច្រើន ក្នុងការចូលរួមចំណែក ក្នុងការថែរក្សាសុខសន្តិភាព សណ្តាប់ធ្នាប់សង្គម ការអភិវឌ្ឍនសង្គម សេដ្ឋកិច្ច លើកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
លោក ក៏បានផ្ដាំផ្ញើដល់លោក ប្រធានដែលបានទទួលបានការតែងតាំងមុខតំណែងថ្មី ត្រូវបន្តខិតខំប្រឹងប្រែងដើម្បីចូលរួមចំណែកកសាង និងអភិវឌ្ឍន៍ឲ្យមានការរីកចម្រើនថ្មីៗ បន្ថែមទៀត ពិសេសត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវលក្ខន្តិកៈរបស់គណបក្ស និងកម្មវិធីគោលនយោបាយ គោលការណ៍ទាំងឡាយរបស់គណបក្ស ដែលថ្នាក់កណ្ដាលបានដាក់ចុះឲ្យបានត្រឹមត្រូវម៉ឺងម៉ាត់។
ព្រមទាំងសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានរឹងមាំ ដោយឈរលើមាគ៌ារបស់បក្ស ដើម្បីត្រៀមការងារសំខាន់ៗ ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ការបោះឆ្នាតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ និងការបោះឆ្នោតនៅអាណត្តិក្រោយៗទៀត ឱ្យទទួលបានលទ្ធផលជោគជ័យ។
ក្នុងឱកាសនោះ លោក សៅសុខា បានធ្វើការប្តេជ្ញាចិត្តចំណុចសំខាន់ៗ ដើម្បីបង្កើនជំនឿទុកចិត្តកាន់តែខ្លាំងរបស់ពលរដ្ឋខេត្តកំពង់ធំ និងដណ្តើមជ័យជម្នះគ្រប់ការ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលរួមមាន៖ បន្តពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងរបស់ក្រុមការងារគ្រប់ថ្នាក់ ឲ្យបានកាន់តែរឹងមាំ ដោយឈរលើគោលការណ៍ រក្សាចាស់បង្កើនថ្មី ផ្តល់យោបល់ដល់គណបក្សគ្រប់ថ្នាក់ ក្នុងការពង្រឹងអង្គការចាត់តាំងគណបក្សឲ្យបានរឹងមាំ ទាំងផ្នែកនយោបាយ សតិអារម្មណ៍ ការងារចាត់តាំង និងហិរញ្ញវត្ថុ។
ត្រូវ យកចិត្តទុកដាក់សហការជាមួយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក ដើម្បីកសាងទំនាក់ទំនងល្អជាមួយមហាជន ប្រជាពលរដ្ឋ និងសហការជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមក និងធ្វើអំពើល្អជាមួយប្រជាជនគ្រប់មជ្ឈដ្ឋាន សំដៅលើកកម្ពស់ប្រជាប្រិយភាពរបស់គណបក្ស ដើម្បីទាក់ទាញការគាំទ្របន្ថែមទៀតពីសំណាក់មហាជន និងប្រជាពលរដ្ឋ ចំពោះគណបក្សប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា។
បន្តខិតខំពង្រឹង ពង្រីកសមាជិកបក្ស និងបង្កើនប្រៀបឈ្នះក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ នាថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ។
ខិតខំជួយគាំទ្រ បំពាក់បំប៉នពង្រឹងសមត្ថភាពដល់មន្ត្រីគណបក្ស សំដៅលើកកម្ពស់ភាពជាម្ចាស់និងស្មារតីទទួលខុសត្រូវរបស់មន្ត្រី និងអង្គការចាត់តាំងគណបក្សនៅមូលដ្ឋាន ក្នុងការចាត់ចែងដោយផ្ទាល់នូវការងារបក្ស ស្របតាមតួនាទី ភារកិច្ច និងការទទួលខុសត្រូវដែលគណបក្សបានកំណត់និងយកចិត្តទុកដាក់សហការជាមួយគណបក្សគ្រប់ថ្នាក់ ដើម្បីចិញ្ចឹមចលនានៅមូលដ្ឋានឲ្យដូចភ្លៀងរលឹម ៕
ដោយ៖ សុថាន