ព័ត៌មានទាន់ហេតុការណ៍៖

កម្មករសំណង់ម្នាក់ត្រូវខ្សែភ្លើងឆក់ស្លាប់ខណៈកំពុងធ្វើការនៅក្រុមហ៊ុន អ៉ីង លៀន ក្នុងក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសជាកម្មករសំណង់ម្នាក់ត្រូវបានខ្សែភ្លើងឆក់ស្លាប់ខណៈកំពុងធ្វើការអោយក្រុមហ៊ុននៅផ្សាររាត្រីក្រុងបាវិត។

យោងតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានអោយដឹងនារសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤នេះថា បុរសរងគ្រោះមានឈ្មោះជាម គង់នៅ អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ក្រុមហ៊ុន អ៉ីង លៀន បច្ចុប្បន្នមានទីលំនៅស្ថិតក្នុងភូមិពពេល ឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង។

ប្រភពបន្តថា តាមសេចក្ដីរាយការណ៍ថា កាលពីថ្ងៃទី០៥ ខែ មករា ឆ្នាំ ២០២៤ វេលាម៉ោង១២ និង៣០នាទីរសៀល នៅលើផ្លូវជាតិលេខ១ត្រង់ចំណុចខាងមុខមន្ទីរសម្រាក ព្យាបាល អ៉ឹម បុត្រ ស្ថិតក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង មានកម្មករសំណង់របស់ក្រុមហ៊ុនអ៉ីង លៀន ស្ថិតក្នុងបរិវេណផ្សាររាត្រីត្រូវបានខ្សែភ្លើងឆក់ពេលកំពុងធ្វើការ។

ប្រភពបន្ថែមថា ក្រោយមកខាងក្រុមហ៊ុនបានបញ្ជូនទៅដល់មន្ទីរសម្រាកព្យាបាល អ៉ឹម បុត្រ។ ពេលមកដល់មន្ទីរពេទ្យ ដោយខាងលោកគ្រូពេទ្យបានពិនិត្យមើលឃើញថាជនរងគ្រោះបានស្លាប់បាត់ហើយ។

បន្ទាប់មក កម្លាំងជំនាញពិនិត្យវិភាគ កន្លែងកើតហេតុ និងកម្លាំងជំនាញនគរបាលយុត្តិធម៌នៃអធិការដ្ឋាននគរបាលក្រុងបាវិត បានចុះសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត និងលោកវេជ្ជបណ្ឌិត មូ សុខសៅមករា សមាជិកគណ:កម្មការកោសល្យវិច័យនៃមន្ទីរពេទ្យបង្អែកជីភូ ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញា នៃអយ្យការ អមសាលាដំបូងខេត្តស្វាយរៀងបានចុះពិនិត្យមើល  ហើយជាលទ្ធផលនៃការពិនិត្យបញ្ជាក់ថាសាកសពពិតជាស្លាប់ដោយសារចរន្តអគ្គិសនីឆក់ប្រាកដមែន។

បច្ចុប្បន្ន សាកសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុនិងប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីខ្មែរ៕

ដោយ៖ សុថាន

 


ចែករំលែក៖