ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងមហាផ្ទៃ ជូនដំណឹងស្តីពីការដាក់ឱ្យដំណើរការសេវាផ្តល់លិខិតឆ្លងដែនធម្មតាជូនប្រជាពលរដ្ឋ និងពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េ

ចែករំលែក៖

ភ្នំពេញ៖​ អនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងមហាផ្ទៃ សូមជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា រាជរដ្ឋាភិបាល កម្ពុជាបានសម្រេចដាក់ឱ្យដំណើរការសេវាផ្តល់លិខិតឆ្លងដែនធម្មតាជូនប្រជាពលរដ្ឋ និងពលករកម្ពុជា ដែល កំពុងស្នាក់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ តទៅ។ ព័ត៌មានផ្សេងៗ ពាក់ព័ន្ធនឹងការផ្តល់សេវា មានដូចខាងក្រោម៖

១. ទីតាំងផ្តល់សេវា៖ ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េ ដែលមាន អាសយដ្ឋាន – 55 Sejong Daero, Jung-gu, Seoul 04513; Tel. +82 2 3785 1041

២. ពេលវេលានៃការផ្តល់សេវា៖ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ (លើកលែងថ្ងៃសម្រាក ឬការកំណត់ដោយឡែក) ពេលព្រឹកចាប់ពីម៉ោង ០៩:០០ – ១២:០០ និងរសៀលចាប់ពីម៉ោង ១៤:០០ – ១៧:០០

៣. បែបបទនៃការផ្តល់៖

ក. ករណីពលរដ្ឋដែលមានអាយុចាប់ពី១៥ឆ្នាំឡើង ត្រូវមានឯកសារដូចខាងក្រោម៖ លិខិតឆ្លងដែនច្បាប់ដើម (ដែលផុតឬជិតផុតសុពលភាព) ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬសេចក្តីចម្លងសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើត ឬឯកសារផ្សេងទៀត ដែលបញ្ជាក់អំពីសញ្ជាតិខ្មែរ និងសៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ ឬលិខិតបញ្ជាក់ទីលំនៅដែលចេញដោយស្ថានទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅបរទេស។

ខ . ករណីទារក ឬកុមារដែលមានអាយុក្រោម១៥ឆ្នាំ ត្រូវមានឯកសារដូចចំណុច (ក) ខាងលើ ដោយភ្ជាប់បន្ថែមនូវឯកសារដូចខាងក្រោម៖

លិខិតអនុញ្ញាតជាលាយលក្ខណ៍អក្សរពីឪពុក ឬម្តាយ ឬអាណាព្យាបាល និង សំបុត្រពេទ្យ (ករណីកើតនៅក្រៅប្រទេស)។

៤. រយៈពេលផ្តល់៖ លិខិតឆ្លងដែននឹងត្រូវផ្តល់ជូនក្នុងរយៈពេល៤-៥សប្ដាហ៍ គិតចាប់ពីថ្ងៃស្នើសុំ៕

ដោយ៖ តារា


ចែករំលែក៖