ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៤នេះ បានចាត់ឱ្យលោកវរសេនីយ៍ឯក គីម សុង នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បន្តដឹកនាំគ្រូបង្គោលនៃកម្លាំងជំនាញអធិការនគរបាលស្រុកព្រៃនប់ ចុះធ្វេីបទបង្ហាញស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក និងសុវត្ថិភាពក្នុងការបេីកបរ ក្នុងកម្មវិធីយុទ្ធនាការសុវត្ថិភាពឆ្នាំ២០២៤ ដល់សិស្សសាលាវិទ្យាល័យ ហ៊ុន សែនវាលរេញ ។
កម្មវិធីនេះបានរៀបចំឡេីងនៅក្នុង បរិវេណដងទង់ជាតិសាលាវិទ្យាល័យ ហ៊ុន សែន វាលរេញ ដែលស្ថិតនៅភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីមន្ត្រីនៃអធិការនគរបាលស្រុកព្រៃនប់ មន្ត្រីមកពីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ លោកនាយកសាលាវិទ្យាល័យ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ចំនួន១០៥០នាក់ ស្រី៦៥០នាក់។
សូមជម្រាបជូនថា កម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមូលដ្ឋាន ជារៀងរាល់ថ្ងៃ តែងតែបានចុះសម្រួលចរាចរណ៍ជូនសិស្សានុសិស្ស នៅតាមសាលារៀន ក្នុងភូមិសាស្រ្តក្រុងព្រះសីហនុ ដេីម្បីទប់ស្កាត់ការគ្រោះថ្នាក់ចរាចរណ៍ណាមួយជាយថាហេតុ។
ដោយឡែកនាពេលរាត្រី លោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់ឱ្យលោកឧត្តមសេនីយ៍ត្រី ឌិន លីក្រូ ស្នងការរងផែនការងារ គ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងអគ្គីភ័យ បានដឹងនាំកម្លាំងការិយាល័យគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងជាតិពុល សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក កម្លាំងនគរបាលការពារអន្តរាគមន៍ និងកម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន បានធ្វេីការចុះឆែកឆេរអាវុធគ្រឿងផ្ទុះ និងបទល្មើសផ្សេងៗ នៅតាមទីតាំងសំខាន់ៗនៅក្នុងក្រុងព្រះសីហនុផងដែរ៕
ដោយ៖ តារា