ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុនសែន ប្រធានគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ថា : ទោះបីពេលវេលាបានកន្លងផុតទៅរាប់សិបឆ្នាំហើយក្តី ក៏យើងទាំងអស់គ្នានៅតែចងចាំជានិច្ចមិនអាច បំភ្លេចបានឡើយនូវមហាសោកនាដកម្ម និងគ្រោះមហន្តរាយដែលប្រជាជាតិយើងបានជួបប្រទះពី ឆ្នាំ ១៩៧០ ដល់ ឆ្នាំ ១៩៧៨។ គួររំឭកថារដ្ឋប្រហារ ថ្ងៃ ១៨ មីនា ឆ្នាំ ១៩៧០ របស់ពួក លន់ នល់ តាមខ្សែញាក់របស់បរទេស បានបំផ្លាញសន្តិភាពនៅកម្ពុជា ធ្វើឱ្យប្រទេសជាតិត្រូវធ្លាក់ក្នុងភ្លើងសង្គ្រាមយ៉ាងសន្ធោរសនៅបំផុត ដែលបាន បំផ្លាញខឿនសេដ្ឋកិច្ច សង្គម ឱ្យវិនាសអន្តរាយយ៉ាងធ្ងន់ធ្ងរ និងបានសម្លាប់ប្រជាជនកម្ពុជាអស់ជិត ១លាននាក់។ ជាមួយនឹងការដួលរំលំនៃរបបសាធារណរដ្ឋខ្មែររបស់ពួក លន់ នល់ នាថ្ងៃ ១៧ ខែ មេសា ឆ្នាំ១៩៧៥ ប្រជាជន កម្ពុជាសង្ឃឹមថានឹងបានរស់នៅក្នុង ឯករាជ្យ សន្តិភាព សេរីភាព ហើយរួមគ្នាកសាងទឹកដីឡើងវិញ ប៉ុន្តែក្តី សង្ឃឹមនេះត្រូវរលាយសូន្យតែមួយប៉ព្រិចភ្នែក អាស្រ័យដោយពួកប៉ុលពត ដែលដណ្ដើមបានអំណាចទាំងស្រុង បានអនុវត្តនយោបាយប្រល័យពូជសាសន៍ដ៏ឃោរឃៅបំផុត ដែលពុំធ្លាប់មានក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជាក៏ ដូចប្រវត្តិសាស្ត្ររបស់មនុស្សជាតិ។ ក្រោមរបបកម្ពុជាប្រជាធិបតេយ្យរបស់ពួក ប៉ុល ពត កម្ពុជា ត្រូវបានប្រែ ក្លាយជាគុកឥតជញ្ជាំង និងជាវាលពិឃាតដែលក្រាលជោកជាំដោយឈាម និងទឹកភ្នែករបស់ប្រជាជន។ រចនាសម្ព័ន្ធសង្គមជាតិដែលទទួលរងវិនាសកម្មធ្ងន់ធ្ងរដោយសារសង្គ្រាម៥ឆ្នាំរួចមកហើយនោះ ត្រូវបំផ្លាញឱ្យ រលាយខ្ទេចខ្ទីដល់ឫសគល់, សិទ្ធិសេរីភាព កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ប្រជាជនត្រូវបានបំបាត់ចោល ទាំងស្រុង ប្រជាជនក្លាយជាទាសករ ទទួលរងទារុណកម្មយ៉ាងធ្ងន់ធ្ងរ និងត្រូវកាប់សម្លាប់យ៉ាងព្រៃផ្សៃបំផុត។ ក្នុងរយៈពេលតែ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ប្រជាជនជាង៣លាននាក់ ត្រូវសម្លាប់យ៉ាងអយុត្តិធម៌បំផុត រីឯអ្នកនៅរស់ កំរង់ចាំតែដល់វេនត្រូវគេយកទៅសម្លាប់ដែរ។ ប្រាកដណាស់ថារបបប៉ុល ពត បានរុញច្រានមាតុភូមិ និងប្រជាជាតិខ្មែរឱ្យស្ថិតនៅមាត់រណ្ដៅនៃគ្រោះរលាយសូន្យ ប្រសិនបើគ្មានការជួយសង្គ្រោះឱ្យទាន់ពេលទេនោះ។ នៅក្នុងកាលៈទេសៈដ៏ធ្ងន់ធ្ងរបំផុតនេះ បណ្តាកម្លាំងអ្នកស្នេហាជាតិដ៏បរិសុទ្ធនៃគណបក្សប្រជាជនកម្ពុជា ដែលនៅសេសសល់ពីការកាប់សម្លាប់ បានផ្តាច់ខ្លួនចេញពីរបបប៉ុល ពត ដើម្បីធ្វើការតស៊ូសង្គ្រោះជាតិពីរបប ដ៏យង់ឃ្នងនេះ។ នៅថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ១៩៧៧ ខ្ញុំព្រះករុណាខ្ញុំ បានចេញដំណើរភៀសខ្លួនទៅប្រទេស វៀតណាម ដើម្បីស្វែងរកការជួយឧបត្ថម្ភក្នុងការតស៊ូរំដោះជាតិ និងបានបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គី សង្គ្រោះជាតិកម្ពុជា នៅថ្ងៃទី១២ ខែ ឧសភា ឆ្នាំ ១៩៧៨, នៅថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ១៩៧៨ កងទ័ព និង
ប្រជាជនទូទាំងភូមិភាគបូព៌ា បានក្រោកឈរប្រឆាំងនឹងរបបប៉ុល ពត ក្រោមការដឹកនាំរបស់សម្តេច ហេង សំរិន
និងសម្តេច ជា ស៊ីម ព្រមទាំងកម្លាំងតស៊ូប្រឆាំង ប៉ុល ពត ៣ភាគីទៀត។ ការរួបរួមនៃកម្លាំងទាំង៥ភាគីនេះបានផ្ដល់ឱកាសដល់ការបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា នាថ្ងៃ ២ ធ្នូ ឆ្នាំ១៩៧៨ ដែលជាអង្គការចាត់តាំងនយោបាយតែមួយគត់របស់ប្រជាជនកម្ពុជា ដើម្បីដឹកនាំការតស៊ូផ្ដួលរំលំរបបប្រល័យពូជសាសន៍។
រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលមានការគាំទ្រពីប្រជាជននៅទូទាំងប្រទេស និងទទួលបានការជួយឧបត្ថម្ភយ៉ាងធំធេង ទាន់ពេលវេលាពីសំណាក់កងទ័ពស្ម័គ្រចិត្តវៀតណាម ព្រមទាំងការគាំទ្រពីកម្លាំងស្នេហាសន្តិភាព
និងយុត្តិធម៌នានានៅលើពិភពលោក បានវាយផ្ដួលរំលំរបបប្រល័យពូជសាសន៍ សម្រេចបានជ័យជម្នះជាប្រវត្តិសាស្ត្រ
នាថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩ ដែលត្រូវបានប្រជាជនកម្ពុជាប្រសិទ្ធនាមថា ជា «ថ្ងៃកំណើតទី២របស់ខ្លួន»។
បន្ទាប់ពីថ្ងៃជ័យជម្នះ៧មករា សាធារណរដ្ឋប្រជាមានិតកម្ពុជា ដែលជារដ្ឋរបស់ប្រជាជន និងដើម្បីប្រជាជនត្រូវបានបង្កើតឡើង។ រដ្ឋនៃសាធារណរដ្ឋប្រជាមានិតកម្ពុជា ត្រូវគ្រប់គ្រងប្រទេសក្នុងស្ថានភាពមាន សន្តិភាពផង និងមានសង្គ្រាមផង ព្រមទាំងត្រូវមជ្ឈដ្ឋានខាងក្រៅមួយចំនួនហ៊ុមព័ទ្ធខាងសេដ្ឋកិច្ច និងឯកោ ខាងនយោបាយយ៉ាងអយុត្តិធម៌ថែមទៀត។ ប៉ុន្តែទោះបីត្រូវជួបឧបសគ្គ និងការលំបាកយ៉ាងណាក្តី ក៏សាធារណរដ្ឋប្រជាមានិតកម្ពុជា ដែលបន្ទាប់មកបានប្តូរឈ្មោះជារដ្ឋកម្ពុជា នៅឆ្នាំ ១៩៨៩ បានបំពេញតួនាទីជាប្រវត្តិសាស្ត្ររបស់ខ្លួនប្រកបដោយជោគជ័យ ក្នុងបុព្វហេតុប្រយុទ្ធទប់ស្កាត់ការប៉ុនប៉ងវិលត្រឡប់នៃរបបប្រល័យពូជសាសន៍ ដើម្បីការពារការរស់ឡើងវិញរបស់ប្រជាជាតិ និងបុព្វហេតុ ស្តារ និងកសាងសេដ្ឋកិច្ច សង្គមកម្ពុជាឡើងវិញពីគំនរផេះផង់ ឱ្យមានស្ថិរភាពជាជំហានៗ និងអាចឈានទៅពង្រឹងពង្រីកខ្លួនបានតែក្នុងរយៈពេល ១០ឆ្នាំ ប៉ុណ្ណោះ។
កិច្ចព្រមព្រៀងទីក្រុងប៉ារីសត្រូវបានចុះហត្ថលេខាបន្ទាប់ពីការចរចាសន្តិភាពអស់រយៈពេលច្រើនឆ្នាំ ដោយចាប់ផ្តើមពីការចរចាដំបូងរវាង សម្តេចព្រះនរោត្តមសីហនុ ជាមួយខ្ញុំព្រះករុណាខ្ញុំ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៨៧។
លើមូលដ្ឋានសមិទ្ធផលជាប្រវត្តិសាស្ត្រដែលរដ្ឋកម្ពុជាសម្រេចបាននេះ បានបង្កើតនូវបុព្វបទ និងលក្ខណសម្បត្តិ
ចាំបាច់នានាឱ្យកម្ពុជាបន្តឈានទៅមុខនៅលើមាគ៌ាសន្តិភាព បង្រួបបង្រួមជាតិ ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍។
ដើម្បីសម្រេចទាំងស្រុងនូវដំណើរការស្វែងរកសន្តិភាព និងការបង្រួបបង្រួមជាតិនៅកម្ពុជា ខ្ញុំព្រះករុណាខ្ញុំបានដាក់ចេញ និងដឹកនាំអនុវត្តដោយជោគជ័យនូវនយោបាយឈ្នះ ឈ្នះ ដែលបាននាំមកនូវសន្តិភាពពេញលេញ និងការឯកភាពជាតិ ឯកភាពទឹកដីទាំងស្រុង ចាប់ពីចុងឆ្នាំ១៩៩៨ មក។ ជោគជ័យនៃនយោបាយឈ្នះ ឈ្នះ បានបញ្ចប់សង្គ្រាម ការបែកបាក់ជាតិ និងការបែងចែកទឹកដី ដែលកម្ពុជាបានឆ្លងកាត់អស់រយៈកាលជាង ៥០០ឆ្នាំ ចុងក្រោយនៃប្រវត្តិសាស្ត្ររបស់ខ្លួន។ សន្តិភាពដែលកម្ពុជាសម្រេចបានដោយខ្លួនឯង និងដោយគ្មានការបង្ហូរឈាមនេះ បាននិងកំពុងធ្វើជាមូលដ្ឋានគ្រឹះយ៉ាងរឹងមាំនៃការអភិវឌ្ឍសសង្គម-សេដ្ឋកិច្ចនិងដំណើរការប្រជាធិបតេយ្យរបស់កម្ពុជាឱ្យសម្រេចបានជោគជ័យយ៉ាងធំធេង ៕
ដោយ ៖ សុខ ខេមរា