ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុនអាមេរិកចំនួន៥រងការដាក់ទណ្ឌកម្មពីចិន ដោយការលក់អាវុធឱ្យតៃវ៉ាន់

ចែករំលែក៖

សារព័ត៌មាន AFP នាថ្ងៃអាទិត្យ ទី៧ ខែមករា ឆ្នាំ២០២៤ បានផ្សាយថា ចិនបានប្រកាសដាក់ទណ្ឌកម្មប្រឆាំងក្រុមហ៊ុនការពារជាតិអាមេរិកសរុបចំនួន៥ ដើម្បីឆ្លើយតបការចូលរួមពាក់ព័ន្ធរបស់ពួកគេក្នុងការលក់សម្ភារការពារជាតិឱ្យកោះតៃវ៉ាន់ ដែលត្រូវប្រទេសចិនចាត់ទុកជាផ្នែកនៃដែនដីរបស់ខ្លួន។
កាលពីខែធ្នូ ឆ្នាំមុន ក្រសួងការបរទេសអាមេរិកបានអនុម័តការលក់សម្ភារទាក់ទងវិស័យការពារជាតិទំហំ៣០០លានដុល្លារឱ្យទៅតៃវ៉ាន់ ជាហេតុនាំឱ្យទីក្រុងប៉េកាំងចេញមុខព្រមានចាត់វិធានការវាយបក ប្រឆាំងលើក្រុមហ៊ុនអាមេរិកទាំងឡាយណាដែលជាប់ពាក់ព័ន្ធ។ សហរដ្ឋអាមេរិកមានកាតព្វកិច្ចផ្លូវច្បាប់ ដើម្បីផ្តល់មធ្យោបាយការពារខ្លួនដល់តៃវ៉ាន់ ខណៈដែលចិនបានប្តេជ្ញាថា នឹងបង្រួបបង្រួមគ្នាវិញជាមួយតៃវ៉ាន់នាថ្ងៃណាមួយ។
នៅថ្ងៃអាទិត្យនេះ ក្រសួងការបរទេសចិនបានប្រកាសពីឈ្មោះក្រុមហ៊ុនអាមេរិកដែលខ្លួនសម្រេចដាក់ទណ្ឌកម្ម រួមមានដូចជា BAE Systems Land and Armament, Alliant Techsystems Operation, AeroVironment, ViaSat និង Data Link Solutions។ ចំណាត់ការទណ្ឌកម្មរបស់ទីក្រុងប៉េកាំង រួមមានការបង្កកទ្រព្យសម្បត្តិក្រុមហ៊ុនទាំងនោះ ដែលមាននៅក្នុងទឹកដីចិន ទាំងចលនទ្រព្យនិងអចលនាទ្រព្យ ការហាមឃាត់ស្ថាប័ននិងបុគ្គលនៅក្នុងប្រទេសចិន មិនឱ្យធ្វើប្រតិបត្តិការហិរញ្ញវត្ថុឬកិច្ចសហប្រតិបត្តិការ ជាមួយក្រុមហ៊ុនទាំងនោះ។
ទីក្រុងប៉េកាំងបានបង្កើនសម្ពាធខ្លាំងលើតៃវ៉ាន់ ចាប់តាំងពីលោកស្រី Tsai Ing-wen បានឡើងជាមេដឹកនាំដែនកោះនេះ កាលពីឆ្នាំ២០១៦។ ទាំងចិននិងសហរដ្ឋអាមេរិកសុទ្ធតែកំពុងរង់ចាំមើលការបោះឆ្នោតជ្រើសរើសមេដឹកនាំតៃវ៉ាន់ថ្មី ដែលនឹងប្រព្រឹត្តទៅនាចុងសប្តាហ៍ក្រោយ ខណៈបេក្ខជនរបស់បក្សលោកស្រី គឺមេដឹកនាំរងបច្ចុប្បន្ន លោក Lai Ching-te កំពុងមានសំឡេងប្រជាប្រិយភាពនាំមុខគេ៕ ដោយ៖ ធីរីណា

រូប​ថត​៖ Reuters


ចែករំលែក៖