ខេត្តកោះកុង ៖ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉» និងសំណេះសំណាលជាមួយកម្មករ និយោជិត ចំនួន ១១,០០០នាក់ ធ្វើឡើងនៅ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា នៅខេត្តកោះកុង នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យមួយដែលកំណត់យក ២៩ធ្នូ គឺជាទិវាសន្តិភាពនៅកម្ពុជា និងជាថ្ងៃឈប់សម្រាកសម្រាប់ជាតិយើងទាំងមូល ហើយ សន្ដិភាព មិនមែនរបស់ត្រកូលហ៊ុន តែម្នាក់ឯងនោះទេ គឺជារបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ទិវា សន្តិភាពនេះ គឺសម្រាប់ប្រជាពលរដ្ឋខ្មែរទាំងអស់ដែលស្រឡាញ់សន្តិភាព និងស្អប់សង្រ្គាម ដែលក្នុងនោះក៏មាន «ត្រកូលហ៊ុន» មួយដែរ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា សម្រាប់អ្នកដែលមិនសប្បាយចិត្តជាមួយទិវាសន្តិភាពនេះ កុំឈប់សម្រាកក៏បានដែរ ប៉ុន្តែយើងទាំងអស់គ្នាត្រូវទទួលស្គាល់ថា សន្តិភាពគឺបានផ្តល់ផលប្រយោជន៍សម្រាប់យើងទាំងអស់គ្នា។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា បើគ្មានសន្ដិភាព គឺមិនអាចឱ្យប្រជាពលរដ្ឋរស់នៅប្រកបដោយសេចក្ដីសុខបានទេ។ សន្ដិភាពនេះ គឺកើតឡើងតាមរយៈនយោបាយ ឈ្នះ ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន ដូច្នេះកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យយកថ្ងៃទី ២៩ ខែធ្នូ ជា «ទិវាសន្តិភាពនៅកម្ពុជា» ថ្ងៃឈប់សម្រាក១ថ្ងៃនៅទូទាំងប្រទេស។
សូមបញ្ជាក់ថា ៖ រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានចេញ អនុក្រឹត្យកំណត់យកថ្ងៃទី២៩ធ្នូ ជា «ទិវាសន្តិភាព នៅកម្ពុជា» និងជាថ្ងៃបុណ្យជាតិផ្លូវការមួយនៅព្រះរាជាណាចក្រកម្ពុជា។
សន្តិភាពនៅកម្ពុជាដែលកើតចេញមកពីនយោបាយឈ្នះឈ្នះ អាចត្រូវបានចាត់ទុកជាដំណាក់កាល សំខាន់បំផុតមួយនៃប្រវត្តិសាស្ត្ររបស់កម្ពុជាសម័យបច្ចុប្បន្ន។ នយោបាយនេះមានយុទ្ធសាស្ត្រ និងការដឹកនាំ ផ្ទាល់ដោយ សម្តេចតេជោ ហ៊ុន សែន កាលសម្តេចនៅជានាយករដ្ឋមន្ត្រី ហើយសម្តេច បានយកជីវិតផ្ទាល់ធ្វើជាដើមទុនដើម្បីសម្រេចគោលដៅ។ ចំណែកលទ្ធផលដែលទទួលបាន គឺសុខសន្តិភាព និងការបង្រួបបង្រួមជាតិយ៉ាងពេញបរិបូរណ៍ ដែលមិនអាចកាត់ថ្លៃបាន។ សន្តិភាពនេះបាននិងកំពុងនាំមកជូន ប្រជាពលរដ្ឋនូវជីវភាពដ៏សុខក្សេមក្សាន្ត និងជាមូលដ្ឋាននៃការអភិវឌ្ឍ ភាពរីកចម្រើន រុងរឿងរបស់ព្រះរាជា ណាចក្រកម្ពុជានាពេលបច្ចុប្បន្ននេះ៕
ដោយ ៖ សិលា