ខេត្តកោះកុង៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃចន្ទទី៨ មករា ២០២៤នេះ បានមានប្រសាសន៍សំខាន់ៗនាឱកាសអញ្ជើញជាអធិបតី ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉” និងជួបសំណេះសំណាលជាមួយ “បងប្អូនកម្មករ និយោជិតចំនួន ១១ ០០០នាក់ ក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង” ។
សូមអានប្រសាសន៍សំខាន់ៗរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានដូចខាងក្រោម៖
-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងអំណរអគុណ ដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាកម្មករ និយោជិតទាំងអស់នៅខេត្តកោះកុង ដែលបានបន្តបោះឆ្នោតជូន ដល់គណបក្សប្រជាជនកម្ពុជាឱ្យបន្តកាន់ដឹកនាំប្រទេសជាតិ ដោយសម្តេចធិបតី លើកឡើងថា តាមរយៈការបោះឆ្នោតអាណត្តិទី៧ នាពេលកន្លងទៅគឺបងប្អូន ប្រជាពលរដ្ឋបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា រហូតដល់ជាង៨៥ ភាគរយ។
-សម្ដេចធិបតី ថ្លែងថា បើគ្មានសន្ដិភាព គឺមិនអាចឱ្យប្រជាពលរដ្ឋរស់នៅប្រកបដោយសេចក្ដីសុខបានទេ។ សន្ដិភាពនេះ គឺកើតឡើងតាមរយៈនយោបាយ ឈ្នះ ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន ដូច្នេះកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យយកថ្ងៃទី ២៩ ខែធ្នូ ជា «ទិវាសន្តិភាពនៅកម្ពុជា» ថ្ងៃឈប់សម្រាក១ថ្ងៃនៅទូទាំងប្រទេស។
-សម្ដេចធិបតី ថ្លែងបញ្ជាក់ថា ការកំណត់យកថ្ងៃ២៩ ធ្នូ ជាទិវាជាតិសន្តិភាព គឺដើម្បីជាការំលឹកគុណដល់តម្លៃនៃសន្តិភាព ដែលខិតខំរកបានយ៉ាងលំបាក ហើយក៏សម្រាប់ខ្មែរទាំងអស់គ្នា ដែលស្រលាញ់សន្តិភាព និងស្អប់សង្គ្រាម។ សម្ដេច ថា បើអ្នកណាមិនពេញ ហើយជំទាស់នឹងទិវាសន្តិភាពនេះ សូមអ្នកទាំងនោះកុំឈប់សម្រាកឱ្យសោះ។
-សម្តេចធិបតី ថ្លែងថា គោលនយោបាយ និងផែនការសកម្មភាពទាំងអស់របស់គណបក្សប្រជាជនកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាលតំណាក់កាលទី៧នៃរដ្ឋសភានេះ គឺធ្វើឡើងដើម្បីបម្រើប្រជាពលរដ្ឋ និងរុញសេដ្ឋកិច្ចប្រជាពលរដ្ឋឱ្យកាន់តែប្រសើរបន្ថែមទៀត។
-សម្តេចធិបតី ថ្លែងថា គណបក្សប្រជាជនកម្ពុជាគឺខុសពីរបបប្រល័យពូជសាសន៍ប៉ុល ពត ឆ្ងាយណាស់ ដោយគណបក្សប្រជាជនកម្ពុជា ទទួលបានអំណាចហើយគឺផ្តល់សិទ្ធិសេរីភាព និងបម្រើផលប្រយោជន៍គ្រប់បែបយ៉ាងដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូបទាំងអស់ ដោយខុសពីសម័យប៉ុល ពត ទទួលបានអំណាចហើយកាប់សម្លាប់ប្រជាជនខ្លួនឯងទៅវិញ។
-សម្តេចធិបតី ថ្លែងជាថ្មីម្ដងទៀតថា គ្រប់គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា មានគោលបំណង់តែមួយគត់ គឺការបម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋឱ្យកាន់តែមានជីវភាពល្អប្រសើរ សេដ្ឋកិច្ចជាតិមានរីកចម្រើន។
-សម្តេចធិបតី ថ្លែងថា ស្ពានសម្ដេចតេជោ ហ៊ុន សែន កោះយ៉ ជាសមិទ្ធផលថ្មី នាដើមឆ្នាំ២០២៤នេះ សម្រាប់ប្រជាពលរដ្ឋដែលរស់នៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ក្រោមម្លប់សន្តិភាព និងការអភិវឌ្ឍរបស់រាជរដ្ឋាភិបាល។
ពីវេទិកាជួបកម្មករនៅខេត្តកោះកុង សម្ដេច ហ៊ុន ម៉ាណែត ថ្លែងថា ជាសច្ចធម៌ពិតនៃប្រវត្ថិសាស្ត្រ បើមិនមែនថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩ ទេនោះ គឺពិតណាស់មិនអាចមានអ្វីៗដូចសព្វថ្ងៃនេះឡើយ។
ឆ្លើយតបនឹងការចោទប្រកាន់ថា ក្នុងសម័យរំដោះពលរដ្ឋពីរបប ប៉ុល ពត នាឆ្នាំ១៩៧៩ ហេតុអ្វីមិនពឹងអង្គភាពសហប្រជាជាតិ ជំនួសឱ្យការពឹងវៀតណាម ត្រូវបានសម្ដេច ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា គឺដោយសារច្បាប់ មិនអនុញ្ញាតឱ្យអង្គភាពសហប្រជាជាតិ មកជួយកម្ពុជាបានទាន់ឡើយ ហើយកម្ពុជា ក៏មិនមានជម្រើសអ្វីផ្សេងក្រៅពីពឹងវៀតណាមឡើយ ព្រោះខ្មែរក្រហមនៅតែបន្តកាប់សម្លាប់ពលរដ្ឋ។
-សម្តេចធិបតី បានប្រកាសយកឆ្នាំ២០២៤នេះ ជាឆ្នាំជំរុញការវិនិយោគនៅខេត្តព្រះសីហនុជាថ្មី ជាពិសេសដើម្បីជំរុញការដោះស្រាយ បញ្ហាអគារជាប់គាំងនៅក្នុងខេត្តព្រះសីហនុ។ លោក បញ្ជាក់ឱ្យដឹងថា សម្ដេច នឹងអញ្ជើញប្រកាសជាផ្លូវការដាក់ឱ្យអនុវត្តផែនការវិនិយោគនេះ នៅពេលឆាប់ៗខាងមុខនេះ។
-សម្ដេចធិបតី បានគូសបញ្ជាក់ថា ការកំណត់យកថ្ងៃទី ២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជាទិវាសន្តិភាព និងជាថ្ងៃឈប់សម្រាក។សម្ដេចធិបតី ថ្លែងបញ្ជាក់ថា «មានអ្នកខ្លះចេញមករិះគន់ថា ថ្ងៃហ្នឹងដាក់ថ្ងៃបុណ្យជាតិ ថ្ងៃឈប់សម្រាកគឺដើម្បីត្រកូល ហ៊ុន ខ្ញុំសូមប្រាប់អញ្ចេះ ខ្ញុំអត់បដិសេធថា ត្រកូល ហ៊ុន ក៏ស្វាគមន៍សន្តិភាពដែរ អញ្ចឹងទិវាសន្តិភាពនេះ គឺសម្រាប់ប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលស្រលាញ់សន្តិភាព និងស្អប់សង្រ្គាម ក្នុងនោះក៏មានត្រកូល ហ៊ុន មួយដែរ»។
-សម្ដេចធិបតី បានគូសបញ្ជាក់ទៀតថា ការកំណត់យកថ្ងៃទី ២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជាទិវាសន្តិភាពនោះ មិនមែនផ្ដាច់មុខសម្រាប់តែត្រកូល ហ៊ុន នោះទេ គឺសម្រាប់ប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលស្រលាញ់សន្តិភាព និងបានផលពីសន្តិភាព។
-សម្ដេចធិបតី បានបន្ថែមដូច្នេះថា «ចឹងទិវាសន្តិភាព ដើម្បីកម្ពុជា នៅកម្ពុជានេះ គឺជាផលសម្រាប់យើងទាំងអស់គ្នា របស់ប្រជាពលរដ្ឋយើង សម្រាប់បច្ចុប្បន្ន និងទៅអនាគត សម្រាប់កូនចៅយើងគ្រប់គ្នា»។
-សម្ដេចធិបតី បានប្រកាស នឹងចុះត្រួតពិនិត្យស្ថានភាពនៅតាមបណ្ដាខេត្ត ដោយមិនប្រាប់ដំណឹងឱ្យអាជ្ញាធរដឹងជាមុនឡើយ ដើម្បីត្រួតពិនិត្យជាក់ស្ដែងលើការគ្រប់គ្រង ដឹកនាំ និងការអនុវត្តការងារនានារបស់រដ្ឋបាលខេត្តនីមួយៗ។
សូមជម្រាបជូនថា នេះគឺជាលើកទី១១ និងជាជំនួបលើកដំបូងក្នុងឆ្នាំ២០២៤ ដែលសម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញចុះជួបសំណេះសំណាលជាមួយនឹងបងប្អូនកម្មករនិយោជិតតាមបណ្តារោងចក្រ សហគ្រាសនានា ក្នុងឋានៈជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ បងប្អូនកម្មករ និយោជិត ចំនួន ១១ ០០០នាក់ មកពីបណ្តារោងចក្រ សហគ្រាស ចំនួន ៥ រួមមាន៖ ប្រភេទរោងចក្រកាត់ដេរសម្លៀកបំពាក់ ចំនួន ១ រោងចក្របង្គុំខ្សែភ្លើង ចំនួន ១ រោងចក្របរិក្ខារអេឡិចត្រូនិក ចំនួន ១ រោងចក្រប៉ាក់លើសម្លៀកបំពាក់ ចំនួន ១ និងរោងចក្រដំឡើងរថយន្ត និងបង្គុំខ្សែភ្លើងចំនួន ១។
គួរបញ្ជាក់ថា ស្ពានបេតុងដែលសម្ពោធដាក់ឱ្យប្រើប្រាស់នេះ មានឈ្មោះថា «ស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉»។ ស្ពាននេះជាសមិទ្ធផលថ្មីមួយទៀត សម្រាប់ប្រជាពលរដ្ឋរស់នៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយ:អ្នកឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភា និងភរិយា។ ស្ពាននេះមានប្រវែង១២០ម៉ែត្រ ទទឹង១១ម៉ែត្រ ចំណាយថវិកាសាងសង់ ១,៣៨៧,០០០ដុល្លារ។
ស្ពាននេះសាងសង់ឡើងដើម្បីសម្រួលចរាចរណ៍ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរបានធ្វើដំណើរ បន្ទាប់ពីស្ពានបេឡេ ដែលឆ្លងកាត់ព្រែកកោះយ៉មានសភាពចាស់ទ្រុឌទ្រោម៕
ដោយ៖ ស តារា