ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ “រាជរដ្ឋាភិបាលបានចំណាយថវិកាជិត៥លានដុល្លារហើយក្នុងរយៈពេល៣ខែមកនេះ ដើម្បីជួយឧបត្ថម្ភគាំពារដល់ស្រ្តីមានផ្ទៃពោះ”

ចែករំលែក៖

ខេត្តកោះកុង ៖ សម្តេចធិបតីហ៊ុន ម៉ាណែត បានថ្លែងថា “រាជរដ្ឋាភិបាលបានចំណាយថវិកាជិត៥លានដុល្លារហើយក្នុងរយៈពេល៣ខែមកនេះ ដើម្បីជួយឧបត្ថម្ភគាំពារដល់ស្រ្តីមានផ្ទៃពោះ”។ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងណែនាំឱ្យក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ បន្តការខិតខំយកចិត្តទុកដាក់ដល់ស្រ្តី កម្មការិនីមានផ្ទៃពោះ ដើម្បីទារកកើតមកមានសុខភាពល្អ ទទួលបានការយកចិត្តទុកដាក់“។ នេះជាការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉ និងពិធីសំណេះសំណាលជាមួយកម្មករនិយោជិត ស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ថ្ងៃចន្ទ ទី៨ ខែមករា ឆ្នាំ២០២៤នេះ។ 

   សូមជម្រាបថា ៖ ចំពោះបងប្អូនកម្មករនិយោជិតជាស្រ្តីបានទទួលការយកចិត្តទុកដាក់ និងគាំពារតាមរយៈប្រព័ន្ធគាំពារសង្គម គឺកម្មវិធីផ្តល់ប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលចំពោះស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ក្នុងនោះមុនពេលសម្រាលឧបត្ថម្ភចំនួន៤លើក ក្រោយពេលសម្រាលឧបត្ថម្ភចំនួន ១០លើក (សរុបចំនួន ១៤លើក) ដោយ១លើកៗទទួលបានថវិកាចំនួន ៨ម៉ឺនរៀល, ហើយនៅពេលសម្រាលកូនទទួលបានប្រាក់ឧបត្ថម្ភបន្ថែមចំនួន ៨០ម៉ឺនរៀល។ ជាសរុបរាជរដ្ឋាភិបាលជួយ ឧបត្ថម្ភសាច់ប្រាក់ចំនួន ១លាន៩សែន ២ម៉ឺនរៀល ដល់បងប្អូនកម្មការិនី តាំងពីពេលមានផ្ទៃពោះរហូតដល់កូនអាយុ ២ឆ្នាំ។ 

   ដោយឡែក សម្រាប់អ្នកមានកូនភ្លោះ ២នាក់គឺទទួលបានប្រាក់បន្ថែមចំនួន ៤០ម៉ឺនរៀល និងភ្លោះ៣នាក់ទទួលបានប្រាក់បន្ថែមចំនួន ៨០ម៉ឺនរៀល។ លើសពីនេះ បងប្អូនដែលមានកូនភ្លោះ៣នាក់ ទទួលបានថវិកាឧបត្ថម្ភបន្ថែមចំនួន ៥លានរៀលពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ 

    បច្ចុប្បន្នបងប្អូនកម្មការិនីដែលឈប់សម្រាកលំហែមាតុភាពចំនួន៩០ថ្ងៃ ទទួលបានប្រាក់ឈ្នួលរហូតដល់១២០% ក្នុងនោះ ៥០% ទទួលបានពីនិយោជក និង ៧០% ទៀតទទួលបានពី ប.ស.ស ដែលពីមុនបងប្អូនទទួលបានតែ ៥០% ពីនិយោជកប៉ុណ្ណោះ។

   សូមបញ្ជាក់ថា ៖ នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤នេះ សម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញសម្ពោធស្ពានបេតុង និងសំណេះសំណាលជាមួយកម្មករ និយោជិតសរុបជាង១ម៉ឺននាក់នៅក្នុងខេត្តកោះកុង។

   ស្ពានបេតុងដែលសម្ពោធដាក់ឱ្យប្រើប្រាស់នេះ មានឈ្មោះថា «ស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉»។ ស្ពាននេះជាសមិទ្ធផលថ្មីមួយទៀត សម្រាប់ប្រជាពលរដ្ឋរស់នៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយ:អ្នកឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភា និងភរិយា។ ស្ពាននេះមានប្រវែង ១២០ ម៉ែត្រ ទទឹង១១ម៉ែត្រ ចំណាយថវិកាសាងសង់ជាង ១,៣ លានដុល្លារអាមេរិក។ ស្ពាននេះសាងសង់ឡើងដើម្បីសម្រួលចរាចរណ៍ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរបានធ្វើដំណើរ បន្ទាប់ពីស្ពានបេឡេ ដែលឆ្លងកាត់ព្រែកកោះយ៉មានសភាពចាស់ទ្រុឌទ្រោម ៕

ដោយ ៖ សិលា


ចែករំលែក៖