ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទបានសុំទោសអ្នកភូមិដែលរួមគ្នាធ្វើផ្លូវបេតុងនៅស្រុកអូរជុំប្រតិកម្មនិងការច្រានចោលទឹកប្រាក់៧លានរៀល

ចែករំលែក៖

ខេត្តរតនគិរី៖ លោកអៀម អឿន ប្រធានមន្ទីរ អភិវឌ្ឍន៍ជនបទខេត្តរតនគិរីកាលពីថ្ងៃទី២៨ខែធ្នូឆ្នាំ២០២៣ដែលបានកើតទុក្ខមិនសុខចិត្តចេញសេចក្ដីស្រាយបំភ្លឺ ភូតភកុហក់ថ្នាក់លើដោយបានច្រានចោលនូវទឹកប្រាក់ជាង៧លានរៀលដែលបងប្អូនអ្នកភូមិរៃអង្គាសបាននោះ ថាជាប្រាក់របស់គណ:កម្មាធិការអភិវឌ្ឋន៍ភូមិបានផ្ដល់ឲ្យ យកទៅធ្វើផ្លូវនោះសម្រួលការធ្វើចរាចរណ៍ជាបណ្ដោះអាសន្នទៅវិញ។

ឯការច្រានចោលរបស់លោកអៀន អឿន នោះក៏បានធ្វើឲ្យកម្លាំងប្រជាពលរដ្ឋជាង៣០០គ្រួសារ រួមនិងមេភូមិចាអ៊ុងកៅនិងចាអ៊ុងចាន់ផងដែរបានបញ្ចេញប្រតិកម្មខឹងសម្បាយ៉ាងខ្លាំងហើយក៏ចង់ឲ្យលោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទរូបនោះ បង្ហាញឯកសារចំណាយសាច់ប្រាក់របស់គណ:កម្មាធិការអភិវឌ្ឍន៍ភូមិយកមកដាក់នៅលើតុដើម្បីបង្ហាញមហាជនឲ្យបានដឹងផងតែបើពុំមានឯកសារទេនោះតម្រូវឲ្យលោកអៀម អឿន ត្រូវតែធ្វើកាសុំទោសដោយលាយលក្ខណ៍អក្សរនិងសុំទោសជាសាធារណ:ទើបពួកគាត់ស្ងប់ចិត្ត។

ពេលនេះតំណាងប្រជាពលរដ្ឋជាង៣០០គ្រួសារ លោកភួយ វណ្ណា បានបញ្ជាក់ថានៅថ្ងៃទី៥ខែមករាឆ្នាំ២០២៤នេះលោកអៀម អឿន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរីក៏បានមកសុំអភ័យទោសនៅចំពោះមុខតំណាងប្រជាពលរដ្ឋរហើយ។

តែការសុំទោសនោះនៅពុំទាន់បាន ធ្វើការសុំទោស លាយលក្ខណ៍អក្សនិងសុំទោសជាសាធារណ:នៅឡើយទេ។

រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទក៏ បានផ្ដាំផ្ញើតាមរយ:លោកអភិបាលខេត្តរតនគិរីឲ្យជួយសួរសុខទុក្ខនិងថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋជាង៣០០គ្រួសារនោះដែរដែលបានរ៉ៃអង្គាសប្រាក់ផ្ទាល់ខ្លួនយកទៅធ្វើជាផ្លូវបេតុងបានប្រវែង៧០ម៉ែត្រនៅស្រុកអូរជុំនោះ។ 

ថ្ងៃទី៦ខែមករាឆ្នាំ២០២៤នេះលោកអភិបាលខេត្តរតនគិរីរួមនិងមន្ត្រី បាននាំយកថវិកាមួយចំនួននិងពាក្យពេចន៍ផ្ដាំផ្ញើរ របស់រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ទៅសួរសុខទុក្ខនិងជូនដល់តំណាងប្រជាពលរដ្ឋដល់ទីតាំងតែម្ដង គឺនៅលើកំណាត់ផ្លូវបេតុងប្រវែង៧០ម៉ែត្រដែលស្ថិតនៅឃុំចាអ៊ុងស្រុកអូរជុំ ខេត្តរតនគិរី។ 

លោកញ៉ែម សំអឿន អភិបាលខេត្តរតនគិរីបានថ្លែងកោតសរសើរយ៉ាងជ្រាលជ្រៅ ចំពោះសមិទ្ធផលដែលកើតចេញពីកម្លាំងសាមគ្គីរបស់បងប្អូននៅទីនោះ បើទោះបី ការធ្វើផ្លូវនោះពុំមានអ្នកបច្ចេកទេសចូលរួមក៏ដោយ។

តែក៏អាចប្រើប្រាស់បានក្នុងការធ្វើដំណើររបស់បងប្អូនយើងនៅមូលដ្ឋាននេះនិងមានអត្ថន័យសម្រាប់ខេត្តរតនគិរីនិងទូទាំងប្រទេសផងដែរ។

ក្នុងនាមជាអាជ្ញាធរខេត្តសុំឲ្យមានការយោបយល់ ពីសំណាក់បងប្អូនប្រជាពលរដ្ឋផងដែរ ព្រោះថាកាលពីពេលកន្លងមក មានការ ភាន់ច្រឡំបន្ដិចបន្តួច ពីប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី ហើយលោកអៀម អឿន វិញក៏បានធ្វើការសុំទោសដែរ។

រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទលោកក៏បានថ្លែងអំណរអរគុណពីចម្ងាយដល់បងប្អូនជាង៣០០គ្រួសារនោះតាមរយ:លោកផងដែរ។

នៅក្នុងឱកាសនោះ លោកអភិបាលខេត្ត ក៏បានផ្ដល់ថវិកាចំនួន៥០មុឺនរៀលនិងស្រាបៀរចំនួន២០កេសជូនបងប្អូនដើម្បីជាការចូលរួមលើកទឹកចិត្តនិងធ្វើកិច្ចពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នៅផ្លូវបេតុងប្រវែង៧០ម៉ែត្រនោះផងដែរ។

លោកអភិបាលខេត្តថា កាលពីពេលថ្មីៗកន្លងមកនេះ លោកបានជួបជាមួយ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ខណ:នោះលោកបានលើកឡើង ពីទុក្ខលំបាក របស់បងប្អូនយើង គឺរឿងផ្លូវលំជាង៣៨គីឡូម៉ែត្រ ដែលតភ្ជាប់ពីផ្លូវជាតិលេខ៧៨ កាត់ស្រុកអូរជុំ ឆ្ពោះទៅឃុំហាត់ប៉ក់ស្រុកវុឺនសៃ ដែលបច្ចុប្បន្នពុំទាន់បានធ្វើឲ្យល្អប្រសើរជូនបងប្អូនបានធ្វើដំណើរនិងប្រើប្រាស់ទៅតាមតម្រូវការនៅឡើយទេ។

ក្នុងជំនួបនោះលោកឆាយ រិទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទបានសម្រេចប្រគល់ផ្លូវប្រវែងជាង៣៨គីឡូម៉ែត្រនោះទៅឲ្យខាងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តរតនគិរី ជាអ្នករៀបចំធ្វើវិញ។

ដោយមិនអាចរង់ចាំគំរោងអភិវឌ្ឍន៍ សហប្រតិបត្ដិការ របស់កូរ៉េនោះបានទេ មានតែចាត់ចែងធ្វើជាបណ្ដើរៗសិន។

គួរបញ្ជាក់ថាកាលពីថ្ងៃទី២២ខែធ្នូឆ្នាំ២០២៣ប្រជាពលរដ្ឋនៅឃុំចាអ៊ុង ស្រុកអូរជុំចំនួន៣១០គ្រួសារបាននាំគ្នារ៉ៃប្រាក់ក្នុងមួយគ្រួសារចំនួន២មុឺនរៀលយកទៅធ្វើផ្លូវបេតុងបានប្រវែង៧០ម៉ែត្រដើម្បីសម្រួលដល់ការធ្វើដំណើររបស់ពួកគាត់ក៏ដោយសារតែផ្លូវនោះបានខូចខាតយ៉ាងធ្ងន់ធ្ងរទៅហើយពិបាកក្នុងការធ្វើដំណើរចេញចូលភូមិ។

ហើយក៏ត្រូវប្រធានមន្ទីអភិវឌ្ឍជនបទខេត្តបង្វែរនិងច្រានចោលថាជាប្រាក់របស់គណ:កម្មាធិការអភិវឌ្ឋន៍ភូមិបានផ្ដល់ឲ្យយកទៅធ្វើផ្លូវនោះទៅវិញនោះក៏បង្ហាញថាគឺជាការឆកល្វែងរបស់លោកប្រធានមន្ទីររូបនោះព្រោះមិនដឹងថាខ្លួនកំពុងគ្រប់គ្រងអ្វីនិងបានធ្វើសកម្មភាពអីឲ្យប្រាកដទើបស្រពិចស្រពិលបែបនេះ៕

ដោយ ៖ ជីវ័ន្ត

 


ចែករំលែក៖