ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ស្លាប់នៅប្រឡាយទឹកជាករណីឃាតកម្ម សមត្ថកិច្ចកំពុងតាមស្រាវជ្រាវ

ចែករំលែក៖

ខេត្តស្វាយរៀង៖ យោងតាមលោកអែមសុវណ្ណរិទ្ធ អធិការនគរបាលក្រុងបាវិតបានអោយដឹងនារសៀលថ្ងៃទី៨ខែមករាឆ្នាំ២០២៤នេះថា ករណីបុរសម្នាក់ដែល ស្លាប់នៅក្នុងប្រឡាយទឹកគឺជាករណីឃាតកម្ម ហើយសមត្ថកិច្ចរបស់លោកកំពុងធ្វើការស្រាវជ្រាវតាមចាប់ឃាត់ខ្លួនឃាតកអោយខាងតែបាន។

   ប្រភពបន្តថា កាលពីវេលាម៉ោង១០និង៤៥នាទីព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤ បន្ទាប់ពីទទួលបានព័ត៌មានថាមានករណីមនុស្សស្លាប់ នៅក្នុងភូមិព្រៃផ្ដៅ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀងរួចមក កម្លាំងជំនាញពិនិត្យវិភាគកន្លែងកើតហេតុនិងកម្លាំងជំនាញនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងបាវិត បានសហការជាមួយកម្លាំងជំនាញការិយាល័យនគរបាលបច្ចេកទេសនិងវិទ្យាសាស្ត្រ  កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ដឹកនាំដោយលោកឧត្ដមសេនីយ៍ត្រីកុយ សុភាព ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌនិងលោកវេជ្ជបណ្ឌិត សំបូរ សារឹមភីសុភាព សមាជិកគណ:កម្មការកោសល្យវិច័យ នៃមន្ទីរពេទ្យបង្អែកជីភូ ដោយមានការដឹកនាំសម្របសម្រួលនីតិវិធីពីលោកហួត វិចិត្រ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានចុះពិនិត្យសាកសព និងធ្វើការស្រាវជ្រាវ។

   ជាលទ្ធផលនៃការពិនិត្យ គឺសាកសព ភេទប្រុស មិនស្គាល់អត្តសញ្ញាណ សម្បុរសណ្ដែកបាយ កម្ពស់១,៧៨ម៉ែត្រ ពាក់អាវយឺតដៃខ្លីពណ៌ប្រផេះ ស្លៀកខោជើងវែងពណ៌ខ្មៅ នៅដើមដៃឆ្វេងផ្នែកខាងក្នុងមានចាក់សាក់អក្សរចិនចំនួន០៣តួ ដែលប្រែជាភាសាខ្មែរថា(ហ្វាន់ ជាហ្វៃ) និងរូបក្បាលខ្មោចនៅដើមដៃខាងឆ្វេង។

   ស្លាកស្នាមនៅលើដងខ្លួនសាកសព: ផ្នែកក្បាល៖ នៅលើផ្ទៃមុខផ្នែកខាងឆ្វេង មានស្នាមជាំទំហំ៨ស.មX១៥ស.ម. ស្នាមជាំភ្នែកខាងឆ្វេងទំហំ០,៣ស.មX០,៥ស.ម, ភ្នែកទាំងសងខាងមានជាំឈាម។

ផ្នែកក៖ មានសភាពធម្មតា, ផ្នែកដងខ្លួន៖មានស្នាមជាំទំហំ១៣ស.មX១៣ស.ម នៅលើដើមទ្រូងខាងឆ្វេង, បាក់ឆ្អឹងដើមទ្រូងខាងឆ្វេងចំនួន០២, ស្នាមជាំចំនួន០៣កន្លែង។

  គ្រូពេទ្យបានបូមយកទឹកមូត្រពី សាកសពដើម្បីតេស្តរកសារធាតុញៀនលទ្ធផលវិជ្ជមាន(+) សារធាតុញៀនប្រភេទមេតំហ្វេតាមីន។

    ក្រុមសមត្ថកិច្ចបានសន្និដ្ឋានថា ការស្លាប់របស់ជនរងគ្រោះមានពាក់ព័ន្ធនឹងអំពើឃាតកម្ម ដោយសារការប៉ះទង្គិចនៅផ្នែកទ្រូងខាងឆ្វេងធ្ងន់ធ្ងរ។

បច្ចុប្បន្ន សាកសពត្រូវបានដឹកតាមរថយន្ដប្រគល់ជូនកម្លាំងជំនាញការិយាល័យពិនិត្យ វិភាគកន្លែងកើតហេតុ នៃនាយកដ្ឋានគរបាលបច្ចេកទេសនិងវិទ្យាសាស្ត្រ ដោយរក្សាទុកនៅសាលរក្សាសពវត្តស្ទឹងមានជ័យ រាជធានីភ្នំពេញដើម្បីបន្តនីតិវិធីច្បាប់៕

ដោយ៖ សុថាន

 


ចែករំលែក៖