ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញ នឹងផាកពិន័យ ទៅលើពលរដ្ឋណាដែលមិនគោរពតាមការណែនាំរបស់អាជ្ញាធរ រឿងវេចខ្ចប់ ទុកដាក់ សំរាម មិនបានត្រឹមត្រូវ តាមផ្លូវច្បាប់

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការផាកពិន័យ ទៅលើប្រជាពលរដ្ឋ ណាដែលមិនធ្វើតាមការណែនាំ របស់អាជ្ញាធរ រឿងវេចខ្ចប់ ទុកដាក់សំរាម មិនបានត្រឺមត្រូវ តាមសេចក្ដីជូនដំណឹង នឹងតាមសេចក្ដីណែនាំ របស់អាជ្ញាធររាជធានីភ្នំពេញ ។ 

នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៨ មករា ឆ្នាំ២០២៤នេះ ។ 

នៅក្នុងសេចក្ដីជូនដំណឹងនោះបានបញ្ជាក់ថា៖ ការផាកពិន័យចំពោះអំពើល្មើស នឹងការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន រាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ មានកិត្តិយស សូមជម្រាបជូនដំណឹងដល់ ម្ចាស់លំនៅដ្ឋាន ម្ចាស់អាជីវកម្មដ្ឋាន ស្ថាប័នរដ្ឋ និងឯកជន រោងចក្រ សហគ្រាស និងបងប្អូនប្រជាពលរដ្ឋទាំងអស់នៅរាជធានីភ្នំពេញ ឱ្យបានជ្រាបថា កន្លងមករដ្ឋបាល រាជធានីភ្នំពេញ ធ្លាប់បានចេញសេចក្តីណែនាំលេខ ០២៥/២១ សណន.ស ចុះថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ស្តីពីការ គ្រប់គ្រងសំរាមសំណល់រឹងនៅរាជធានីភ្នំពេញ ដែលបានណែនាំលម្អិតអំពីការញែក ការវេចខ្ចប់ ការទុកដាក់ និងការ បញ្ចេញសំរាម សំណល់រឹង ដូចខាងក្រោម- ទី ១- សំរាម និងសំណល់រឹង មុននឹងបញ្ចេញ ត្រូវសម្រឹតទឹកចេញដាក់ចូលទៅក្នុងប្រព័ន្ធលូឱ្យបានត្រឹមត្រូវ។ទី,២- ត្រូវញែកសំរាម សំណល់រឹងជា ០២ ប្រភេទ គឺសំរាមសើម និងសំរាមស្ងួត ដោយដាក់នៅក្នុងថង់ដាច់ដោយឡែកពីគ្នាសំរាមសើម  សំណល់ម្ហូបអាហារ សំណល់សរីរាង្គ ផ្លែឈើ ផ្កា ។ ត្រូវដាក់ នៅក្នុងថង់ពណ៌ខ្មៅ សំរាមស្ងួត ក្រដាស ក្រដាសកាតុង ឡាំង គ្រឿងប្លាស្ទីក ហ្វូម ជ័រ ដែក កំប៉ុង ដប  ត្រូវដាក់ ក្នុងថង់ពណ៌ស។ ទី៣- ហាមវេចខ្ចប់សំណល់ដែលបង្កគ្រោះថ្នាក់ ដូចជា អំបែងកញ្ចក់ និងសំណល់មុតស្រួចនានា លាយឡំជាមួយ នឹងសំរាមសើម និងសំរាមស្ងួត។ ទី ៤- ថង់សំរាម សំណល់រឹង ត្រូវចងមាត់ឱ្យបានជិតត្រឹមត្រូវ និងមិនត្រូវហែកឡើយ។ ទី៥- ក្រុមតម្រូវ៖ មានដូចជា ផ្សារទំនើប ផ្សាររដ្ឋ ផ្សារឯកជន អគារពាណិជ្ជកម្ម សណ្ឋាគារ ផ្ទះសំណាក់ អគារ ស្នាក់នៅ ភោជនីយដ្ឋាន កន្លែងកំសាន្ត សាលារៀន មន្ទីរពេទ្យ លំនៅដ្ឋានក្នុងបុរី សហគ្រាស រោងចក្រ សិប្បកម្ម អគារក្រសួង ស្ថាប័នរដ្ឋ ត្រូវមានកាតព្វកិច្ចដាក់ធុងសំរាមដោយខ្លួនឯងជាចាំបាច់។ ទី៦- ក្រុមលើកទឹកចិត្ត៖ មានដូចជា វត្តអារាម ព្រះវិហារ អាជីវកម្មលក់ដូរចល័ត ផ្ទះស្នាក់នៅទូទៅ និងផ្សារក្រមួន… អាចមាន ០២ ប្រភេទ៖ ទី១ មានធុងសំរាមខ្លួនឯងស្រាប់ និងទី២ ធុងសំរាមដែលផ្តល់ឱ្យដោយប្រតិបត្តិករថ្មី ដែលអាចត្រូវបានរៀបចំដាក់ពង្រាយជាពិសេស នៅតាមតំបន់ផ្ទះល្វែងខ្ពស់ៗ។ ទី៧- ត្រូវទុកដាក់សំរាម សំណល់រឹងរបស់ខ្លួនឱ្យបានត្រឹមត្រូវទៅតាមទីកន្លែងដែលបានកំណត់ (ទីតាំងទុកដាក់ សំរាមនឹងត្រូវបានកំណត់ដោយអាជ្ញាធរមូលដ្ឋាន និងប្រតិបត្តិករប្រមូលសំរាម តាមការជាក់ស្តែង)។ ៨- ហាមចោលសំរាម សំណល់រឹង នៅមាត់អណ្តូងលូ ប្រឡាយ តាមទីសាធារណៈ តាមអាងស្តុកទឹក និងហាមដុតសំរាម សំណល់រឹង នៅរាជធានីភ្នំពេញ ជាកំហិត ៕ 

ដោយ ៖ សំរិត


ចែករំលែក៖