ព័ត៌មានទាន់ហេតុការណ៍៖

វិនិយោគិនកូរ៉េបង្ហាញចំណាប់អារម្មណ៍យ៉ាងក្រៃលែងក្នុងការពង្រីកសកម្មភាពវិនិយោគលើវិស័យយានយន្ត និងសកម្មភាពដែលមានសែស្រឡាយពាក់ព័ន្ធ

ចែករំលែក៖

ភ្នំពេញ ៖ ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ លោក សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) បានដឹកនាំក្រុមការងារទទួលជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុន Camko Infracore ក្នុងគោលបំណងបង្កើនការឈ្វេងយល់អំពីការលើកទឹកចិត្តលើគម្រោងពង្រីកសកម្មភាពវិនិយោគលើវិស័យយានយន្ត និងសកម្មភាពដែលមានសែស្រឡាយពាក់ព័ន្ធ។

មានមតិក្នុងជំនួបពិភាក្សាខាងលើ លោកបានថ្លែងអំណរគុណជូនសមភាគីដែលបានសម្តែងចំណាប់អារម្មណ៍ក្នុងការបន្តពង្រីកខ្សែច្រវាក់ផលិតកម្មនៅកម្ពុជាក្រោយទទួលបានជោគជ័យប្រកបដោយផ្លែផ្កាពីគម្រោងវិនិយោគរបស់ខ្លួនកាលពីពេលកន្លងទៅ។ ជាមួយគ្នានេះ លោកក៏បានជម្រាបជូនតំណាងក្រុមហ៊ុនអំពីវត្តមាននៃតុកូរ៉េ (Korea Desk) ដែលជាយន្តការជួរមុខសម្រាប់ប្រចាំការផ្តល់កិច្ចសម្រួល និងផ្តល់សេវាវិនិយោគឯកជនប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈជូនវិនិយោគិនកូរ៉េ។ បន្ថែមពីនេះ លោកបានគូសរំលេចអំពីកញ្ចប់លើកទឹកចិត្តសម្រាប់គម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់ និងគម្រោងពង្រីកនៃគម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់ដែលជ្រកក្រោមរបបវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដោយផ្តោតសំខាន់លើការលើកទឹកចិត្តមូលដ្ឋាន, ការលើកទឹកចិត្តបន្ថែម, និងការលើកទឹកចិត្តពិសេស។ លើសពីនេះ លោកបានឆ្លៀតយកឱកាសបំផុសគំនិតផ្តួចផ្តើមជូនតំណាងក្រុមហ៊ុនដើម្បីពិនិត្យលទ្ធភាពរៀបចំតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-កូរ៉េ ក្នុងគោលបំណងប្រែក្លាយទីតាំងនោះទៅជាបណ្តុំកម្រងឧស្សាហកម្ម (Industrial Cluster Complex) ដែលនឹងបម្រើសេចក្តីត្រូវការរបស់សហគ្រាសដែលមានសែស្រឡាយពាក់ព័ន្ធ។      

ជាការឆ្លើយតប សមភាគីបានសម្តែងនូវសេចក្តីសោមន្សជូនចំពោះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែលបានផ្តល់នូវសេវាពិគ្រោះយោបល់ប្រកបដោយភាពកក់ក្តៅ និងគួរជាទីទុកចិត្ត។ ទន្ទឹមនឹងនេះ តំណាងក្រុមហ៊ុនបានសន្យាថានឹងពាំនាំខ្លឹមសារនៃកិច្ចពិភាក្សាខាងលើទៅជម្រាបជូនថ្នាក់ដឹកនាំនៃសហគ្រាសរបស់ខ្លួនដើម្បីជ្រាបជាព័ត៌មាន និងពិនិត្យសម្រេចជាគោលការណ៍មុននឹងរៀបចំដំណើរទស្សនកិច្ចការងារមកកាន់ព្រះរាជាណាចក្រកម្ពុជានាពេលខាងមុខ ៕ 

ដោយ ៖ សិលា


ចែករំលែក៖