ទីក្រុងប៉ារីស ៖ ក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូនខ្មែរដែលកំពុងរស់នៅ ធ្វើការ និងសិក្សា ប្រមាណ ២៥០០នាក់ នៅទ្វីបអឺរ៉ុប ដែលធ្វើឡើងនៅទីក្រុងប៉ារីស ប្រទេសបារាំង នៅយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ គណបក្សប្រជាជនកម្ពុជា ទទួលបានការគាំទ្រខ្ពស់បំផុតនៅក្នុងការបោះឆ្នោតអាណត្តិទី៧នៃរដ្ឋសភានេះ ដែលជាមូលហេតុមួយអាចឱ្យថ្នាក់ដឹកនាំផ្ទេរអំណាចទៅអ្នកបន្តវេនថ្មី ហើយការផ្ទេរអំណាចដល់យុវជនបន្តវេន គឺដោយសារថ្នាក់ដឹកនាំជំនាន់មុន ចង់ឃើញសមិទ្ធផលដែលពួកគាត់ខំកសាងរយៈពេល៤០ឆ្នាំកន្លងមក បន្តទៅមុខទៀតដោយនិរន្តរភាព។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ៖ ការសម្រេច ការផ្ទេរ និងការផ្តល់ឱកាសដើម្បីបន្តអនុវត្តន៍គោលនយោបាយ មិនស្រួលទេ ព្រោះក្នុងរយៈពេល៤០ឆ្នាំ យើង បានកសាងប្រទេសតាំងពីបាតដៃទទេ រហូតដល់ប៉ុណ្ណេះ ថ្នាក់ដឹកនាំយើង បានសម្រេចចិត្តដើម្បីធ្វើយ៉ាងណា កុំឱ្យសមិទ្ធផលដែលគាត់ខំប្រឹងកសាងមក ត្រូវបំផ្លាញចោល។ សម្តេចធិបតី បានបន្តថា រាជរដ្ឋាភិបាល ត្រូវធ្វើយ៉ាងណាដើម្បីធានាថា ក្រោយពីការផ្ទេរតំណែងទៅ គឺនៅតែអាចថែរក្សាការពារផលប្រយោជន៍ប្រទេសជាតិនិងប្រជាជនបាន។
លើសពីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសង្កត់ធ្ងន់ថា ៖ ការសម្រេចចិត្តផ្ទេរតំណែងនេះទៀតសោត ក៏វាអាស្រ័យទៅលើការគាំទ្ររបស់ប្រជាពលរដ្ឋដ៏ច្រើនលើសលុបដែលជឿជាក់មកលើគណបក្សប្រជាជនកម្ពុជាផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា វត្តមាននៅអឺរ៉ុប៦ថ្ងៃនេះ សម្តេចមានកម្មវិធីប្រជុំប្រមាណ៤០ ហើយពេលខ្លះសូម្បីតែម៉ោងបាយ ក៏ត្រូវទទួលទាននៅលើយន្តហោះដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា គោលបំណងរបស់សម្តេចមកអឺរ៉ុបនេះ មិនមែនដើម្បីថតបង្ហោះនោះទេ។ សម្តេចបានសង្កាត់ថា បើជំនួបរបស់ សម្តេចជាមួយដៃគូអន្តរជាតិ ត្រឹម១៥នាទី អាចទាក់ទាញការវិនិយោគរបស់ពួកគាត់នៅកម្ពុជា នោះសម្តេចត្រូវតែចំណាយពេលជួប ទោះកិច្ចការទាំងនេះគឺជាប្រយោជន៍ដើម្បីប្រជារាស្រ្តកម្ពុជា។
សូមជម្រាបថា ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសបារាំង ចាប់ពីថ្ងៃ១៨-១៩ ខែមករា ឆ្នាំ២០២៤ តបតាមការអញ្ជើញផ្លូវការរបស់លោកប្រធានាធិបតី បារាំង អេម៉ានុយអែល ម៉ាក្រុង ៕
ដោយ ៖ សិលា