ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចក្រសួងមហាផ្ទៃឃាត់ខ្លួនក្មេងទំនើង ១២០នាក់ លើ ​៥១ករណី ​រយៈពេល២សប្ដាហ៍ឆ្នាំថ្មី២០២៤!

ចែករំលែក៖

ភ្នំពេញ ៖ លោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា  ៖ យោងតាមរបាយការណ៍ប្រចាំថ្ងៃក្នុងពីរសប្ដាហ៍ចុងក្រោយ គិតពីថ្ងៃទី២ ដល់ថ្ងៃទី១៥ ខែ​មករា ឆ្នាំ២០២៤ សមត្ថកិច្ចចំណុះក្រសួងមហាផ្ទៃបានបង្ក្រាបករណីក្មេងទំនើងទូទាំងប្រទេស សរុប ៥១ករណី និងឃាត់ខ្លួនជនសង្ស័យបាន ១២០នាក់​ដើម្បីចាត់ការតាមនីតិវិធី។

ការិយាល័យនគរបាលព្រហ្មទណ្ឌ ​កម្រិតស្រាល ក៏ដូចជាកម្រិតធ្ងន់បាននិងកំពុង តែធ្វើការជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ​ក្រោមការបញ្ជារផ្ទាល់ពី ស្នងការនគរបាលរាជធានីខេត្ត រហូតប៉ុស្តិ៍នគរបាលរដ្ឋបាលទូទាំងប្រទេសបានដាក់​វិធានការបង្ការទប់ស្កាត់និងបង្ក្រាបក្រុមក្មេងទំនើងដែលមួយចំនួន យើង​បានសង្កេតឃើញថាបានបង្កើតជាក្រុមនៅតាមភូមិ ឃុំ សង្កាត់ និង​គ្រឹះស្ថានអប់រំរដ្ឋ ឯកជនមួយចំនួន។ នេះ​បើ​តាម​ការ​បញ្ជាក់បន្ថែមពី លោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ 

អ្នកនាំពាក្យរងរូបនេះ បញ្ជាក់ទៀតថា ករណីបង្ក្រាបក្មេងទំនើង គឺជាចំណុចអាទិភាពមួយ ​ដែលត្រូវដោះស្រាយ​នៅទូទាំងប្រទេសក្នុងចំណោមទិសដៅអាទិភាពទាំង៦ ដែលដាក់ចេញដោយ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផៃ្ទ តាមទស្សនៈ អ្វីៗធ្វើដើម្បីផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ។

លទ្ធផលនៃចំណាត់ការពីមួយសប្តាហ៍ទៅមួយសប្តា​ហ៍គឺត្រូវបានតាមដានយ៉ាង​យកចិត្តទុកដាក់ពីសំណាក់ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ លោកឧបនាយករដ្ឋមន្ត្រី តែងក្រើនរំលឹក ភ្ជាប់នឹងការកោតសរសើរ ដល់កិច្ចខិតខំប្រឹងប្រែងរបស់សមត្ថកិច្ច អាជ្ញាធរ ប្រជាការពារ និងតួអង្គពាក់ព័ន្ធទាំងអស់ ព្រមទាំងជំរុញបន្តឱ្យធ្វើការយ៉ាងយក​ចិត្តទុកដាក់បន្ថែមទៀតដើម្បីបម្រើប្រជាពលរដ្ឋប្រកបដោយការទទួលខុសត្រូវ ម្ចាស់ការតាមតួនាទីភារកិច្ច ដោយ​ឆ្លើយតបឱ្យបានលឿនរហ័ស និងទាន់ពេលវេលាតបទៅនឹងបទល្មើសនានា។ ក្នុងនោះ ក៏មិនត្រូវភ្លេចអនុវត្តផែនការសកម្មភាពផ្សាព្វផ្សាយអប់រំ ទប់ស្កាត់បង្ការ គ្រប់យន្តការជាមុនផងដែរ៕

ដោយ ៖ សិលា


ចែករំលែក៖