ភ្នំពេញ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ«ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បានឱ្យដឹងនៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤នេះថា៖ មន្ត្រីស៊ើបអង្កេត និងមន្ត្រីអធិការកិច្ចម្ហូបអាហារនៃសាខារាជធានី ខេត្ត បានខិតខំបន្តអនុវត្តតួនាទីដ៏សំខាន់របស់ខ្លួនក្នុងការធានាឱ្យបាននូវការចរាចរទំនិញដែលមានសុវត្ថិភាពជូនប្រជាពលរដ្ឋ។
ជាក់ស្ដែងមន្ត្រីជំនាញ កាលពីថ្ងៃទី១៦ ខែមករាម្សិលមិញនេះ បានចុះត្រួតពិនិត្យនៅតាមបណ្តាទីផ្សារ និងផ្ទះលក់ទំនិញ នៃភូមិសាស្ត្រសំខាន់ៗ ក្នុងខេត្តរតនគិរី កំពង់ឆ្នាំង ព្រៃវែង កំពង់ធំ និងរាជធានីភ្នំពេញ ដេីម្បីមានសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងការប្រេីប្រាស់។
ក្នុងការត្រួតពិនិត្យនេះ មន្ត្រីជំនាញបានយកចិត្តទុកដាក់ត្រួតពិនិត្យគុណភាព សុវត្ថិភាពលើទំនិញចម្រុះគ្រប់ប្រភេទ ដែលជាលទ្ធផលបានរកឃើញទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព រួមមាន៖ ទឹកដោះគោ តែកញ្ចប់ តំណាប់ បន្លែ ជ្រក់ គ្រឿងសមុទ្រ ម្ហូបអាហារក្រៀម ។ល។ សរុបចំនួន ៣២.២៥គីឡូក្រាម ដោយបានដកហូតយកមករក្សាទុកនៅទីស្នាក់ការសាខា និងកម្ទេចចោលពេលក្រោយតាមនីតិវិធី។
ជាមួយគ្នានេះដែរ មន្ត្រីជំនាញក៏បានបន្តអប់រំ ផ្សព្វផ្សាយដើម្បីបញ្ជ្រាបការយល់ដឹងដល់អាជីវករអំពីច្បាប់និងបទប្បញ្ញត្តិនានា ដែលអគ្គនាយកដ្ឋាន ក.ប.ប. កំពុងអនុវត្ត ដើម្បីចៀសវាងការប្រព្រឹត្តបំពាន នាំឱ្យត្រូវប្រឈមចំពោះមុខច្បាប់ និងបានចែកជូននូវផ្ទាំងរូបភាពផ្សព្វផ្សាយ (Poster) អំពីសុវត្ថិភាពម្ហូបអាហារមួយចំនួន និងខិត្តប័ណ្ណស្តីពីកិច្ចការហាឡាលជាច្រើនសន្លឹកជូនអាជីវករផងដែរ៕
ដោយ៖ តារា