ព័ត៌មានទាន់ហេតុការណ៍៖

លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ៧កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង ធនធានទឹក និងឧតុនិយម បានអនុញ្ញាតឱ្យប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី ដឹកនាំដោយ លោក Scott Morris អនុប្រធានធនាគារអភិវឌ្ឍន៍អាស៊ីទទួលបន្ទុកតំបន់អាស៊ីបូព៌ា អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ក្នុងកិច្ចជំនួបលោករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី លោក Scott Morris អនុប្រធានធនាគារអភិវឌ្ឍន៍អាស៊ីទទួលបន្ទុកតំបន់អាស៊ីបូព៌ា អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក លោកស្រី Jyotsana Varma នាយិកាស្ថានតំណាងធនាគារអភិវឌ្ឍន៍អាស៊ី ប្រចាំកម្ពុជា និងសហការី ដែលបានឆ្លៀតពេលដ៏មមាញឹកចូលជួបសម្តែងការគួរសម និងពិភាក្សាការងារវិស័យធនធានទឹក ក្រោមជំនួយបច្ចេកទេស និងកម្មវិធីវិនិយោគរបស់ធនាគារអភិវឌ្ឍន៍អាស៊ី។

ជាមួយគ្នានេះដែរលោករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណចំពោះធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ដែលបានចូលរួមចំណែកយ៉ាងធំធេងប្រកបដោយប្រសិទ្ធភាពខ្ពស់ក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យធនធានទឹក និងឧតុនិយម ដើម្បីធ្វើទំនើបកម្មវិស្វកម្មវិស័យហេដ្ឋារចនាសម្ព័ន្ធទឹកទប់ទល់នឹងការប្រែប្រួលអាកាសធាតុ និងការឡើងកម្តៅនៃភពផែនដី ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា។

លោករដ្ឋមន្ត្រីក៏បានជម្រាបជូនប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ីថា ក្នុងអាណត្តិរាជរដ្ឋាភិបាលថ្មីនេះ ក្រសួងធនធានទឹក និងឧតុនិយមនៅតែបន្តកសាងហេដ្ឋា រចនាសម្ព័ន្ធ និងអភិវឌ្ឍន៍វិស័យធនធាន ទឹក និងឧតុនិយម ដើម្បីធានាបាននូវសុវត្ថិភាពទឹក ព្រមទាំងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងជាចលករជំរុញដល់កំណើនសេដ្ឋកិច្ច លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននិងកាត់បន្ថយភាពក្រីក្រ។ លោករដ្ឋមន្ត្រីបានស្នើដល់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ពិចារណាពង្រីកទុនវិនិយោគបន្ថែមទៀតលើវិស័យគ្រប់គ្រងធនធាន ទឹក និងឧតុនិយម ដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសធាតុ និងហានិភ័យនៃគ្រោះធម្មជាតិនានា។

សូមជម្រាបថា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានធ្វើការវិនិយោគជាបន្តបន្ទាប់ តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីធ្វើទំនើបកម្មលើហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងវិស័យធនធានទឹក និងឧតុនិយម ចាប់ពីខ្នាតមធ្យមដល់ខ្នាតធំ ក្នុងនោះរួមមាន គម្រោងកែលម្អវិស័យធារាសាស្ត្រកសិកម្ម(TAIP) និងគម្រោងខ្សែច្រវ៉ាក់ផលិតកម្មប្រកបដោយភាតរបរិស្ថាន(CFAVC)។ 

តំណាងប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី លោក Scott Morris បានថ្លែងអំណរ គុណចំពោះលោករដ្ឋមន្រ្តី ដែលបានអនុញ្ញាតឱ្យលោក និងសហការីបានជួបសម្តែងការគួរសម និងពិភាក្សាការងារលើវិស័យធនធានទឹក ដើម្បីបន្តចូលរួមចំណែកជួយដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការរក្សា និងជំរុញកំណើននៃការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាឱ្យមានសន្ទុះឈានឡើង។

ជាមួយការវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការនាពេលកន្លងមកលោក Scott Morris បានគូសបញ្ជាក់ពីការបន្តជួយដល់វិស័យធនធានទឹក ដើម្បីរួមចំណែកទ្រទ្រង់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា តាមរយៈការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធធារាសាស្រ្ត ការគ្រប់គ្រងទឹកជំនន់និងគ្រោះរាំងស្ងួត ការគ្រប់គ្រងធនធានទឹកចម្រុះសម្រាប់អាងទន្លេ និងការពង្រឹងស្ថាប័នជាដើម។

ជំនួបពិភាក្សាការងារបានបញ្ចប់ក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាល ដោយភាគីទាំងពីរបានបញ្ជាក់ពីការបន្តពង្រឹងនូវកិច្ចសហប្រតិបត្តិការ ដើម្បីជំរុញការ គ្រប់គ្រង និងអភិវឌ្ឍន៍ធនធានទឹកឱ្យកាន់តែរីកចម្រើនប្រកបដោយនិរន្តរភាព។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ២០២៣កន្លងទៅនេះ ធនាគារអភិវឌ្ឍន៍អាស៊ីបានអនុម័តផ្តល់ជំនួយបច្ចេកទេសចំនួន ៤,៨លានដុល្លារ លើគម្រោងជំរុញការអភិវឌ្ឍជនបទធន់នឹងអាកាសធាតុ និងសន្តិសុខស្បៀង ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលជំនួយបច្ចេកទេសនេះនឹងគាំទ្រដល់ការរៀបចំគម្រោង ការអនុវត្តគម្រោង ការកសាងសមត្ថភាព និងការណែនាំអំពីគោលនយោបាយចំពោះគម្រោង ឬកម្មវិធីមួយចំនួន រួមទាំងការធ្វើបច្ចុប្បន្នភាពការវាយតម្លៃធនធានទឹកកម្ពុជា និងផែនទីបង្ហាញផ្លូវវិនិយោគ៕

ដោយ៖ សិលា


ចែករំលែក៖