ព័ត៌មានទាន់ហេតុការណ៍៖

ប្រទេសអារ៉ាប់នឹងបង្កើនទំនាក់ទំនងជាមួយអុីស្រាអែលវិញ ក្រោយបញ្ហាប៉ាឡេស្ទីនត្រូវបានដោះស្រាយ

ចែករំលែក៖

សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៧ ខែមករា ឆ្នាំ២០២៤បានផ្សាយថា ព្រះអង្គម្ចាស់ Faisal bin Farhan ដែលជារដ្ឋមន្រ្តីការបរទេសនៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត បានមានបន្ទូលនៅថ្ងៃអង្គារសប្តាហ៍នេះថា អារ៉ាប៊ីសាអ៊ូឌីតនឹងរាប់រកអ៉ីស្រាអែលវិញ ប្រសិនបើកិច្ចព្រមព្រៀងដ៏ធំមួយត្រូវសម្រេចបាន ដែលរួមបញ្ចូលនូវភាពជារដ្ឋសម្រាប់ប៉ាឡេស្ទីន និងការពិភាក្សាប្រកបដោយភាពជាក់លាក់ ខណៈដែលបច្ចុប្បន្នសង្រ្គាមរវាងអ៉ីស្រាអែលនឹងក្រុមហាម៉ាស់មិនមានសញ្ញាថមថយនៅឡើយ។
ព្រះអង្គម្ចាស់ Faisal បានប្រាប់សមាជិកមួយក្រុមនៅឯវេទិកាសេដ្ឋកិច្ចពិភពលោកក្នុងទីក្រុងដាវ៉ូស ប្រទេសស្វីស យ៉ាងដូច្នេះថា «យើងយល់ស្របថា សន្តិភាពនៅក្នុងតំបន់ក៏រួមមានសន្តិភាពសម្រាប់អ៉ីស្រាអែល ប៉ុន្តែវាអាចកើតឡើងបានក៏អាស្រ័យលើ សន្តិភាពសម្រាប់ប៉ាឡេស្ទីនដែរ នោះគឺតាមរយៈរដ្ឋប៉ាឡេស្ទីន»។
នៅពេលសួរថា តើអារ៉ាប៊ីសាអ៊ូឌីត នឹងទទួលស្គាល់អ៉ីស្រាអែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងនយោបាយដ៏ទូលំទូលាយឬយ៉ាងណា? ព្រះអង្គម្ចាស់បានឆ្លើយតបថា «ប្រាកដណាស់។ ការធានាសន្តិភាពក្នុងតំបន់ តាមរយៈការបង្កើតរដ្ឋប៉ាឡេស្ទីន គឺជាអ្វីដែលយើងកំពុងធ្វើការជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិក»។
អារ៉ាប៊ីសាអ៊ូឌីត គឺជាប្រទេសដ៏មានឥទ្ធិពលបំផុតនៅក្នុងពិភពអារ៉ាប់ ជាកន្លែងជាទីសក្ការៈបំផុតនៅក្នុងសាសនាអ៊ិស្លាម និងមានឥទ្ធិពលខាងសាសនានៅទូទាំងពិភពលោក។ ការត្រលប់ទៅរកកិច្ចព្រមព្រៀង ដើម្បីធ្វើឱ្យមានប្រក្រតីភាពនៃទំនាក់ទំនងជាមួយអារ៉ាប៊ីសាអ៊ូឌីតឡើងវិញ នឹងក្លាយជារង្វាន់ធំសម្រាប់អ៉ីស្រាអែល បន្ទាប់ពីការបង្កើតទំនាក់ទំនងការទូតជាមួយអេមីរ៉ាត់អារ៉ាប់រួម បារ៉ែន និងម៉ារ៉ុក ហើយអាចផ្លាស់ប្តូរភូមិសាស្ត្រនយោបាយនៃតំបន់មជ្ឈិមបូព៌ា៕ ដោយ៖ ធីរីណា

រូប​ថត​៖ Getty


ចែករំលែក៖