ភ្នំពេញ៖ កម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានចុះប្រតិបត្តិការបង្ក្រាបករណីជួញដូរ-រក្សាទុក និងដឹកជញ្ចូនសារធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនម្នាក់ ជាមួយថ្នាំញៀន៣៨០ក្រាម និងសារធាតុផ្សំ ១០គីឡូក្រាម ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ។ នេះបេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានឱ្យដឹងនៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤។
ការបង្ក្រាបនេះ អនុវត្តតាមបញ្ជា លោកនាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, លោកនាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ និងលោកឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន និងក្រោមការបញ្ជាដឹកនាំផ្ទាល់របស់លោកឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។
ការបង្ក្រាបនេះធ្វើឡើងនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង២២៖៣០នាទី កម្លាំងជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដោយមានការដឹកនាំ និងសម្របសម្រួលដោយលោក សុក កែវបណ្ឌិត ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានសហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការបង្រ្កាបនៅចំណុច តាមបណ្តោយផ្លូវ៤២៨ កែងផ្លូវ៩៥ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ និងបន្តឈានទៅពន្លាតការស៊ើបអង្កេត ដោយសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដោយមានការដឹកនាំ និងសម្របសម្រួលពីលោក ស៊ិន វីរៈ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ ឆែកឆេរនៅចំណុច ផ្ទះលេខ៤ ក្រុមទី១ ភូមិធ្លក ឃុំស្វាយរំពា ស្រុកបសេឋ ខេត្តកំពង់ស្ពឺ។
កម្លាំងជំនាញឃាត់ខ្លួនជនល្មើស ១នាក់ ឈ្មោះ ហ័ង ឈីនអ៊ី ភេទប្រុស ឆ្នាំកំណើត១៩៩៤ ជនជាតិចិន (តៃវ៉ាន់)។ សម្រាប់វត្ថុតាងចាប់យកបានរួមមាន៖ គ្រឿងញៀនប្រភេទកេតាមីន (Ketamine) ៣២០.៨៧ក្រាម, គ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ICE) ១២.៣៨ក្រាម និងគ្រឿងញៀនប្រភេទនីមេតាហ្សេប៉ាម (Nimetazepam) ៧៤.០៣ក្រាម។ សរុបគ្រឿងញៀនចាប់យក ៣៨០.២៨ក្រាម និងសារធាតុមិនច្បាស់១០០៧០ក្រាម (១០គីឡូ និង៧០ក្រាម)។
បច្ចុប្បន្នជនសង្ស័យ និងត្ថុតាងដែលជាថ្នាំញៀន ត្រូវបានកម្លាំងជំនាញរៀបចំសំណុំរឿងបញ្ជូន ទៅតុលាការរាជធានីភ្នំពេញ៕
ដោយ៖ តារា