ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ៖ ខួបអនុស្សាវរីយ៍លើកទី២៥ នៃថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក ប្រារព្ធធ្វើឡើងនៅពេលដែលព្រះរាជាណាចក្រកម្ពុជា សម្រេចបានសមិទ្ធិផលធំៗជាច្រើនលើគ្រប់វិស័យ។ មិនតែប៉ុណ្ណោះ កម្ពុជាក៏បាននិងកំពុងបន្តឈានទៅប្រកបដោយភាពជឿជាក់លើមាគ៌ាសុខសន្តិភាព និងការអភិវឌ្ឍ ជាមួយនិងសមិទ្ធិផលថ្មីៗរបស់ខ្លួនលើឆាកអន្តរជាតិ ខណៈពេលដែលប្រជាជនកម្ពុជាទូទាំងប្រទេស កំពុងរស់នៅយ៉ាងសុខដុមរមនា ប្រកបដោយសេចក្តីសុខ និងផ្លែផ្កានៃសុខសន្តិភាព។
ឆ្លៀតក្នុងឱកាសនោះ សម្តេចធិបតីបានថ្លែងអំណរគុណ និងកោតសរសើរចំពោះនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃកងយោពលខេមរភូមិន្ទដែលតែងតែធ្វើពលិកម្មយ៉ាងធំធេង និងខិតខំពុះពារជំនះគ្រប់ឧបសគ្គក្នុងបុព្វហេតុការពារជាតិ និងមាតុភូមិកម្ពុជា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ «ខួបអនុស្សាវរីយ៍លើកទី២៥ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ២៤ មករា ១៩៩៩ – ២៤ មករា ២០២៤» នៅព្រឹកថ្ងៃទី ២៤ ខែមករា ឆ្នាំ២០២៤ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវជាថ្មីម្តងទៀត ដល់នាយទាហាន នាយទាហានរង ពលទាហានទាំងអស់ត្រូវតែការពារនូវសុខសន្តិភាពឲ្យខាងតែបានគ្រប់កាលៈទេសៈទាំងអស់ ខណៈសន្តិភាពនេះហើយ ដែលធានាបាននូវការអភិវឌ្ឍប្រទេសជាតិរបស់យើង។
សម្ដេចធិបតី នាយករដ្ឋមន្ត្រី៖ កំណែទម្រង់កងទ័ព ត្រូវ ផ្អែកលើស្មារតីជាតិនិយម ៕
ដោយ ៖ សិលា