ភ្នំពេញ ៖ ដោយសារតែដណ្ដេីមកន្លែងលក់ដូរនៅមុខរោងចក្រមិនបាន ទេីបជនសង្ស័យម្នាក់បានធ្វេីសកម្មភាព ប្រើកាំបិតប៉័ងតោកាប់ទៅលេីបុរសម្នាក់ទាំងកំរោលចំនួន០២កាំបិត បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ កាលពីវេលាម៉ោង១៨និង២០នាទី ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ត្រង់ចំណុចលើផ្លូវបេតុង៥០ម៉ែត្រ ស្ថិតនៅភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ភ្លាមៗកម្លាំងសមត្ថកិច្ចមូលដ្ឋានក៏ដេញឃាត់ខ្លួនជនសង្ស័យយកមកសាកសួរផងដែរ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ហ៊ិន ហាន ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួលគ្មានលេខ ស្ថិតនៅភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ចំណែកជនសង្ស័យឈ្មោះ ភឿន ភ័ន ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួលគ្មានលេខ ស្ថិតនៅភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ជនសង្ស័យគ្មានសារធាតុញៀន) ។
វត្ថុតាងចាប់យក៖ ១/កាំបិតប៉័ងតោ ពណ៌ស ប្រវែង២៦សង់ទីម៉ែត្រ ចំនួន០១ ,២/ម៉ូតូរុឺម៉កកង់បីម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខកណ្តាល1H-6377 (ម៉ូតូចាស់) ,៣/ទូរស័ព្ទដៃម៉ាកOPPO ពណ៌ខៀវ ចំនួន០១គ្រឿង ។
សមត្ថកិច្ចបានបញ្ចាក់ថា ៖ កាលពីថ្ងៃ៣០ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង១៥និង៣០នាទី ជនរងគ្រោះឈ្មោះ ហ៊ិន ហាន ភេទប្រុស អាយុ៥១ឆ្នាំ បានជិះម៉ូតូរុឺម៉កកង់បីម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1CN-6029 (ម៉ូតូចាស់) ឌុបប្រពន្ធឈ្មោះ ស៊ិន សំអូន អាយុ៥៤ឆ្នាំ ចេញពីផ្ទះជួលគ្មានលេខ ស្ថិតនៅភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ទៅកន្លែងលក់ភេសជ្ជ: នៅខាងមុខរោងចក្រកាត់ដេរ ផ្លូវ៥០ម៉ែត្រ ស្ថិតនៅភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ពេលជនរងគ្រោះទៅដល់ក៏បានឃើញជនសង្ស័យឈ្មោះ ភឿន ភ័ន ភេទប្រុស អាយុ៣៤ឆ្នាំ កំពុងលក់ដូរភេសជ្ជ:នៅលើម៉ូតូរុឺម៉កកង់បីម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខកណ្តាល1H-6377 (ម៉ូតូចាស់)នៅកន្លែងលក់ដូរជនរងគ្រោះ ហើយជនរងគ្រោះក៏បានដើរទៅប្រាប់ឲ្យជនសង្ស័យខិតចេញបន្តិចព្រោះជនរងគ្រោះចូលលក់ដែរ តែជនសង្ស័យមិនព្រមចេញរួចនិយាយថាសុំលក់នៅកន្លែងនឹងដែរថែមទាំងប្រើកាយវិកាច្រង៉េងច្រង៉ាងទៀតផង បន្ទាប់មកជនរងគ្រោះក៏បានត្រឡប់មកកន្លែងម៉ូតូរុឺម៉កកង់បីខាងលើលក់ដូរដូចធម្មតាវិញ ។ រហូត ដល់វេលាម៉ោង១៨និង២០នាទី ថ្ងៃខែឆ្នាំដដែល ជនរងគ្រោះនិងប្រពន្ធក៏បានជិះម៉ូតូរុឺម៉កកង់បីម៉ាកខាងលើ ត្រឡប់ទៅផ្ទះ វិញតាមផ្លូវ៥០ម៉ែត្រ ស្ថិតនៅភូមិខាងលើ បានចំងាយប្រហែល២០០ម៉ែត្រ ប្រពន្ធជនរងគ្រោះក៏បានឲ្យជនរងគ្រោះឈប់ ម៉ូតូ រួចចុះទៅបត់ជើងតូច ស្រាប់តែជនសង្ស័យឈ្មោះ ភឿន ភ័ន បានជិះម៉ូតូរុឺម៉កកង់បីខាងលើមកពីក្រោយរួចស្រែកសួរជនរងគ្រោះថា គ្រាន់តែអញលក់ដូរកន្លែងនឹងផងមិនបាន ដេញអញឲ្យខិតចេញ រួចយកកាំបិតប៉័ងតោ ពណ៌ស ប្រវែង២៦សង់ទីម៉ែត្រកាប់មកលើជនរងគ្រោះចំនួន០២កាំបិត ១កាំបិតចំគល់កខាងស្តាំ ១កាំបិតទៀតចំដៃ ខាងស្តាំ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ហើយជិះម៉ូតូគេចខ្លួន ។
ភ្លាមៗប្រពន្ធជនរងគ្រោះឈ្មោះ ស៊ិន សំអូន បានស្រែកឲ្យគេជួយ ស្របពេលកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស ជិះម៉ូតូល្បាតក្បែរ កន្លែងកើតហេតុ ក៏បានជួយអន្តរាគមន៍ ដេញតាមឃាត់ខ្លួនជនស្ស័យខាងលើបាន ត្រង់ចំណុចផ្លូវ បេតុង៥០ម៉ែត្រ ស្ថិត នៅភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ រួមនិងវត្ថុងតាង យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃសតាមផ្លូវច្បាប់ ព្រមទាំងបានយកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យេឯកជនឈ្មោះ០៣ ស្ថិតនៅភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយរបួសជនរងគ្រោះចំគល់កខាងស្តាំប្រវែង០៨សង់ទីម៉ែត្រ ដេរចំនួន១២ថ្នេរ និង របួសចំដៃខាងស្តាំ ប្រវែង៤សង់ទីម៉ែត្រ ដេរចំនួន៥ថ្នេរ ។
ក្រោយពីធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា រូបគេ (ជនសង្ស័យ) ពិតជាបានយកកាំបិតប៉័ងតោកាប់ជនរងគ្រោះ ប្រាកដមែន ទើបឈ្មោះ ស៊ិន សំអូន ភេទស្រី អាយុ៥៤ឆ្នាំ (ត្រូវជាប្រពន្ធរបស់ជនរគ្រោះ) តំណាងឱ្យជនរងគ្រោះដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យ ដើម្បីឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តង ៕
ដោយ ៖ ភារ៉ា ដង្កោ