ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង បញ្ជាឱ្យមន្ដ្រីជំនាញ ស្ដារ ប្រឡាយព្រែកប្រា និងបុស៊ីផាយ ដើម្បីរំដោះទឹកជំនន់ នៅរដូវវស្សា

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យ មន្ដ្រីជំនាញ ស្ដារ ប្រឡាយព្រែកប្រា និងបុស៊ីផាយ ដើម្បីរំដោះទឹកជំនន់ នៅរដូវវស្សា ខណៈ នៅអមសងខាងប្រឡាយ ព្រែកប្រានេះ ស្ថិតនៅ សង្កាត់ព្រែកប្រា និងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ មានផ្លូវបេតុងស្អាតរួចរាល់។

   ក្នុងដំណើរចុះពិនិត្យប្រឡាយព្រែកប្រានេះ   បានប្រព្រឹត្ដទៅ នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ។ 

      លោក ចេង មុនីរ៉ា អភិបាលខណ្ឌ ច្បារអំពៅ បានបញ្ជាក់ឱ្យដឹងថា៖ ប្រឡាយព្រែកប្រា គឺជាប្រឡាយរំដោះទឹកដ៏មានសារៈសំខាន់មួយ នៅក្នុងខណ្ឌច្បារ អំពៅ តែប្រឡាយនេះត្រូវបានប្រជាពលរដ្ឋរំលោភនិងរស់នៅលើប្រឡាយនេះតែម្តង ដែលបានបង្កឱ្យយស្ទះចរន្តផ្លូវទឹកហូរ កន្លង មកពិសេស នៅរដូវវស្សាតែម្ដង។ 

     ដោយហេតុនេះទើប លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យ មន្ដ្រីជំនាញ និងអាជ្ញាធរខណ្ឌធ្វើការដោះស្រាយ ដើម្បី ឱ្យប្រជាពលរដ្ឋរុះរើចេញពីលើប្រឡាយព្រែកប្រា ដោយស្ម័ក្រចិត្ត ។ 

       ក្រោមពីអាជ្ញាធរធ្វើការសម្របសម្រួលជួនពួកគាតរួច ប្រជាពលរដ្ឋដែលរស់នៅលើប្រឡាយនេះ មានចំនួន២២៩គ្រួសារ តែមកដល់ពេលនេះប្រជាពលរដ្ឋដែលស្ម័ក្រចិត្តរុះរើចេញមានចំនួនជាង២០០គ្រួសារហើយ ពោលគឺ នៅសល់តែចំនួន២៤គ្រួសារ ប៉ុណ្ណោះ ដែលពួកគាត់មិនទាន់បានរុះរើចេញពីលើប្រឡាយ។ ប៉ុន្តែទោះបីយ៉ាងណាក្តី អាជ្ញាធរនិងជំរុញការដោះស្រាយជាមួយបងប្អូនប្រជាពលរដ្ឋទាំង២៤គ្រួសារនេះឱ្យបានលឿន ដើម្បីឱ្យដំណើរការនៃការស្ដារប្រឡាយ ក៏ដូចជាការបុកស៊ីផាយ ដំណើរការទៅដោយរលូន នៅមុនរដូវវស្សាមកដល់។ 

   លោក ចេង មុនីរ៉ា បានបន្ដថា៖ ប្រជាពលរដ្ឋដែលព្រមស្ម័គ្រចិត្តរុះរើ លំនៅដ្ឋានចេញពីទីតាំងប្រឡាយខាងលើនេះ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ រៀបចំទីតាំង ដោះដូរមួយកន្លែងនៅក្នុងភូមិចំពុះក្អែក១ ស្ថិតនៅក្នុងសង្កាត់ព្រែកថ្មី ដែលមាន ទីតាំងមិនឆ្ងាយពីទីតាំងដើមឡើយ ហើយនៅទីតាំងថ្មីនេះ ប្រជាពលរដ្ឋនឹងទទួលបានប្លង់រឹងដីកម្មសិទ្ធិស្របច្បាប់ ទំហំ៤ម៉ែត្រកន្លះគុណនិង១៥ម៉ែត្រក្នុងមួយគ្រួសារ ជាមួយនិងការរៀបចំហេដ្ឋារចនាសម្ព័ន្ធយ៉ាងល្អប្រសើរផងដែរ ដែលមានទាំងការធ្វើផ្លូវបេតុងជូន បំពាក់ភ្លើងអគ្គិសនី ទឹកស្អាត ជាមួយនឹងប្រព័ន្ធបណ្តាញលូផងដែរ។  ប្រឡាយព្រែកប្រាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរំដោះទឹកចេញពីសង្កាត់ចំនួន៤ នៅក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ ក្នុងនោះ មានសង្កាត់ព្រែកប្រា សង្កាត់ព្រែកថ្មី សង្កាត់ព្រែកឯង និងសង្កាត់វាលស្បូវ។

        លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ  បានបញ្ជាក់ថា៖ អាជ្ញាធរ និងមន្ទីរជំនាញ មុននិងសាងសង់ត្រូវធ្វើការសិក្សានៅទីតាំងខាងលើនេះឱ្យបានច្បាស់លាស់ សិនដើម្បីឱ្យដំណើរការនៃការស្ថាបនា បុកស៊ីផាយ ការស្តារប្រឡាយនេះ ឱ្យបានលឿនមុនរដូវវស្សាមកដល់ ។ ជាគម្រោងសម្រាប់រដ្ឋបាលរាជធានីភ្នំពេញ ក្រោយស្ថាបនា ចាក់ស៊ីផាយប្រឡាយនេះរួចរាល់ យើងក៏ និងស្ថាបនាស្ថានីយ៍បូមទឹកនៅប្រឡាយព្រែកប្រានេះមួយកន្លែង ជាមួយនឹងការស្ថាបនាជាអាងប្រតិកម្មទឹកស្អាតផងដែរ។ 

      សូមបញ្ជាក់ថា ប្រឡាយព្រែកប្រា នេះមានទទឹងពី៣០ម៉ែត្រទៅ៥០ម៉ែត្រដោយកន្លែង ហើយប្រជាពលរដ្ឋដែលស្ម័ក្រចិត្តរុះរើចេញពីនៅប្រឡាយមានប្រវែងជាង១គីឡូម៉ែត្រ ៕

ដោយ ៖ សំរិត


ចែករំលែក៖