ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ រក្សាស្មារតីធ្វើការងារជាក្រុមក្នុងតួអង្គតែមួយ នឹងធ្វើឱ្យសមិទ្ធផលការងារកាន់តែល្អប្រសើរ សម្រេចបាននូវ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ ២០២៤»

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ ការសម្រេចបាននូវ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ ២០២៤» ដែលបាននិងកំពុងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការពេលនេះ បានឆ្លុះបញ្ជាំងពីសមត្ថភាពក្នុងការធ្វើការងារជាក្រុម ពោលគឺក្រុមការងារបានដើរតួនាទីជាតួអង្គតែមួយ ក្នុងដំណោមថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួង ស្ថាប័នពាក់ព័ន្ធនានា។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងដូចនេះ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២ ក្នុងឱកាសដែលសម្ដេចអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤ ដែលពិធីនេះប្រារព្ធនៅក្នុងខេត្តព្រះសីហនុ។

សម្តេចធិបតី បានថ្លែងបន្តថា ដោយផ្អែកលើស្មារតីនេះ សម្ដេចសូមលើកទឹកចិត្តដល់ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ក្រោមការដឹកនាំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងមានការចូលរួមពីក្រសួង-ស្ថាប័ននានា ឱ្យបន្តបំពេញភារកិច្ចរបស់ខ្លួនក្នុងស្មារតីជាក្រុមបែបនេះបន្តទៀត ដើម្បីទទួលបានលទ្ធផលជាក់ស្តែង ស្របតាមគោលបំណង និងគោលដៅការងារឱ្យប្រកបដោយប្រសិទ្ធភាព។ 

សូមបញ្ជាក់ថា ៖ រាជរដ្ឋាភិបាល បានចេញសេចក្តីសម្រេច ស្តីពី ការបង្កើត “ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ” ក្រោមឆត្រគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។

មុនការឆ្លងរាលដាលជាសកលនៃជំងឺកូវីដ-១៩ កម្ពុជា ស្ថិតក្នុងចំណោមប្រទេស ដែលមានកំណើនសេដ្ឋកិច្ចខ្ពស់, ទាំងនៅក្នុងតំបន់ និងលើសកលលោក, ជាមួយនឹងអត្រាកំណើន ជាមធ្យម ប្រមាណ ៧% ក្នុងមួយឆ្នាំ ។ កំណើនដ៏ខ្ពស់នេះ បានធ្វើឱ្យកម្ពុជាចាកចេញពីឋានៈជាប្រទេសក្រីក្រ និងបានក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាប កាលពីឆ្នាំ ២០១៥ កន្លងទៅ ។ ជាមួយនឹងសមិទ្ធផលដ៏ត្រចះត្រចង់នេះ, រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ចក្ខុវិស័យនៃការប្រែក្លាយកម្ពុជា ឱ្យទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០ និង ជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ ២០៥០ ។ ក្នុងន័យនេះ, ការប្រកាសដាក់ឱ្យអនុវត្ត  «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤» ឬ ហៅកាត់ថា «វិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤» ក្នុងថ្ងៃនេះ អាចត្រូវបានចាត់ទុកថាជាជំហានជាក់ស្តែងថ្មីមួយទៀត របស់រាជរដ្ឋាភិបាល នៅក្នុងទិសដៅនេះ ។

«អត្ថប្រយោជន៍ពិសេស», កម្មវិធីនេះ នឹងផ្តល់ការសម្រួលនីតិវិធី និងការលើកទឹកចិត្តពិសេស, លើសពីការកំណត់ក្នុងច្បាប់ និងបទដ្ឋានគតិយុត្តជាធរមាន, ដល់វិនិយោគិន និងធុរជន ដែលស្នើសុំ និងអនុវត្តគម្រោង ឬ​ សកម្មភាព ក្នុងឆ្នាំ ២០២៤ នេះ ទៅតាមប្រភេទគម្រោង ឬ សកម្មភាព រួមមាន ៖ (១). គម្រោងវិនិយោគពាក់ព័ន្ធនឹងអគារជាប់គាំង; (២). គម្រោងវិនិយោគដែលមិនជាប់ពាក់ព័ន្ធនឹងអគារជាប់គាំង; និង (៣). ការពង្រីកគម្រោងវិនិយោគដែលមានស្រាប់នៅក្នុងខេត្ត 

ដោយ ៖ សិលា


ចែករំលែក៖