ព័ត៌មានទាន់ហេតុការណ៍៖

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន ដឹកនាំប្រតិភូជូនពរឯកអគ្គរដ្ឋទូតចិន និងអនុព័ន្ធយោធាចិន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានដឹកនាំប្រតិភូជូនពរ ឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិន និង វរសេនីយ៍ឯកពិសេស តាំង ហាវ ប្រធានការិយាល័យអនុព័ន្ធយោធាចិនប្រចាំកម្ពុជា ក្នុងឱកាសត្រៀមអំណរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិននាពេលខាងមុខ។

ក្នុងឱកាសនោះ ឯកឧត្តម វ៉ាង វិនធាន ជំនួសមុខឲ្យមន្រ្តី បុគ្គលិក និងអនុព័ន្ធយោធាចិនប្រចាំនៅកម្ពុជា បានថ្លែងអំណរគុណដល់ប្រតិភូអគ្គបញ្ជាការ ដែលបានឆ្លៀតពេលវេលាដ៏មានតម្លៃមកជូនពរឆ្នាំថ្មីនាឱកាសនេះ បង្ហាញពីមនោសញ្ចេតនាជ្រាលជ្រៅនូវចំណងមិត្តភាព ប្រៀបបីដូចជាបងប្អូន រួមសុខរួមទុក្ខជាមួយគ្នា។

ឯកឧត្តម វ៉ាង វិនធាន បានលើកឡើងពីទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការរវាង ចិន- កម្ពុជា ដែលពីមួយថ្ងៃទៅមួយថ្ងៃមានកាន់តែមានភាពល្អប្រសើរ ឈានដល់កម្រិតកំពូលរាប់ចាប់តាំងពីកម្រិតដៃគូយុទ្ធសាស្ត្រ មកដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ហើយឈានមកចុះកិច្ចព្រមព្រៀងកសាងសហគមន៍កម្ពុជា-ចិន ដែលមានជោគវាសនារួមតែមួយ។

លើវិស័យយោធា ឯកឧត្តមឯកអគ្គរដ្ឋទូតចិន បានគូបញ្ជាក់អំពីទំនាក់ទំនងដ៏ល្អរវាងកងទ័ពប្រទេសទាំងពីរ ទាំងការផ្ដល់ជំនួយ ក៏ដូចជាការហ្វឹកហ្វឺនធ្វើសមយុទ្ធ ធ្វើឲ្យកងទ័ពប្រទេសទាំងពីរ ទទួលបានការផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ រៀនសូត្រពីគ្នា ទៅវិញទៅមក បង្កើនកិច្ចសហការជាមួយគ្នាកាន់តែជិតស្និទ្ធ ក្នុងគោលដៅសម្រាប់ជួយផ្ដល់ការគាំទ្រដល់សន្តិសុខក្នុងតំបន់ និងសកលលោក។

ឯកឧត្តម ឯកអគ្គរដ្ឋទូតចិន បានបង្ហាញនូវភាពជឿជាក់ និងសុទិដ្ឋិនិយមថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ចំណងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-ចិន នឹងកាន់តែមានភាពរឹងមាំថែមទៀត សំដៅឆ្ពោះទៅសម្រេចបានសហគមន៍ជោគវាសនារួមកម្ពុជា-ចិន ប្រកៀកស្មាគ្នាឆ្ពោះទៅមុខក្នុងដំណើរថ្មី។

ជាកិច្ចឆ្លើយតប ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន ក្នុងនាមថ្នាក់ដឹកនាំអគ្គបញ្ជាការ បានជូនពរ ឯកអគ្គរដ្ឋទូត វ៉ាង វិនធាន និងមន្ត្រី បុគ្គលិក អនុព័ន្ធយោធាចិន ព្រមទាំងក្រុមគ្រួសារ សូមឆ្នាំថ្មីប្រកបដោយតែសិរីសួស្ដី ជ័យមង្គលឧត្តុងឧត្តម និងទទួលបានជ័យជំនះគ្រប់ភារកិច្ច។

ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានរម្លឹកឡើងវិញពីទំនាក់ទំនងជាយូរលង់រវាងកម្ពុជា-ចិន ហើយក្នុងរយៈពេលជាង ៦៥ឆ្នាំមកនេះ បានពង្រឹងពង្រីកទំនាក់ទំនងកាន់តែស៊ីជម្រៅលើគ្រប់វិស័យ រហូតឈានដល់កិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជាមិត្តដែកថែប កិច្ចសហប្រតិបត្តិការត្បូងពេជ្រ កិច្ចសហប្រតិបត្តិការខ្សែក្រវាត់និងផ្លូវ ក្នុងយុគសម័យថ្មី។

ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លៃងអំណរគុណដល់សាធារណរដ្ឋប្រជាមានិតចិន ដែលបានជួយកម្ពុជាលើគ្រប់វិស័យ ធ្វើឲ្យកម្ពុជាមានការអភិវឌ្ឍរីកចម្រើន ប្រែមុខមាត់ថ្មីយ៉ាងឆាប់រហ័ស ក្នុងនោះវិស័យកងទ័ព ចិនក៏បានជួយបណ្ដុះបណ្ដាលធនធានមនុស្ស ជួយកសាងហេដ្ឋារចនាសម្ព័ន្ធនៅវិទ្យាស្ថានទ័ពជើងគោក និងការធ្វើទំនើបកម្មមួយចំនួនទៀត។

ឯកឧត្តម អគ្គមេបញ្ជាការ បានគូសបញ្ជាក់ពីការធ្វើសមយុទ្ធរវាងកងទ័ពកម្ពុជា-ចិន នាពេលកន្លងមក ពិតជាមានសារៈសំខាន់ ជាយុទ្ធសាស្រ្តទំនាក់ទំនងប្រទេសទាំងពីរ ក្នុងបរិបទនៃការផ្លាស់ប្ដូរ និងបញ្ហាប្រឈមនានាក្នុងពិភពលោកនាពេលបច្ចុប្បន្ននេះ និងខិតខំបង្កើនការធ្វើសមយុទ្ធនាពេលខាងមុខឲ្យកាន់តែខ្ពស់ជាមុន ស្របតាមការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល កងទ័ពប្រទេសទាំងពីរ៕

ដោយ៖ សិលា


ចែករំលែក៖