ភ្នំពេញ៖ ដោយអនុវត្តតាមទិសដៅការងាររបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ បានពង្រឹងអនុវត្តភារកិច្ចការងារបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ជាពិសេសសេវាលើការងារផ្តល់អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ(ក៤) សៀវភៅស្នាក់នៅ(ក២)។
ជាក់ស្ដែងនៅក្នុងនោះកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ បានផ្តល់សេវាធ្វើអត្តសញ្ញាណប័ណ្ណ ចំនួន១៣៧នាក់ (ផ្តល់ឡើងវិញ ចំនួន៨០នាក់ និងផ្តល់ថ្មីចំនួន៥៧នាក់), សៀវភៅស្នាក់នៅថ្មី ចំនួន២៣គ្រួសារ, ទុតិយតាសៀវភៅស្នាក់នៅ ចំនួន៤១គ្រួសារ, សៀវភៅគ្រួសារថ្មី ចំនួន១៧គ្រួសារ, ទុតិយតាសៀវភៅគ្រួសារ ចំនួន០២គ្រួសារ។
ជាមួយគ្នានេះដោយអនុវត្តតាមលិខិតបង្គាប់ការលេខ០៨៨ ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ របស់លោកអគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ស្តីពីការចុះតម្រងទិសការងារអត្តសញ្ញណកម្ម និងមានការចង្អុលដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ហម វ៉ាន់ថា ស្នងការរង ទទួលផែនការងារអត្តសញ្ញាណកម្ម នាព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ ការិយាល័យជំនាញបានចុះផ្សព្វផ្សាយ និងតម្រង់ទិសការងារអត្តសញ្ញាណកម្មនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដោយមានការចូលរួមពីអធិការរង នាយផ្នែកជំនាញ និងនាយប៉ុស្តិ៍ផងដែរ។
ដោយឡែកជារៀងរាល់ថ្ងៃ អធិការដ្ឋាននគរបាលទាំង១៤ខណ្ឌ បានចាត់ឱ្យមន្ត្រីជំនាញ ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់សហការជាមួយកម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន ដឹកនាំមន្ត្រីក្រោមឱវាទ ចុះផ្សព្វផ្សាយពីផលប៉ះពាល់នៃការប្រើប្រាស់សារធាតុញៀន និងគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព ដល់សិស្សានុសិស្ស នៅសាលាវិទ្យាល័យនានាក្នុងរាជធានីភ្នំពេញ៕
ដោយ៖ តារា