ភ្នំពេញ៖ មន្រ្តីសម្របសម្រួលនៃស្ថាប័នត្រួតពិនិត្យគ្រឿងញៀនបណ្តាប្រជាជាតិអាស៊ីអាគ្នេយ៍ នាថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានជួបប្រជុំគ្នាក្នុងសិក្ខាសាលាលើកទី២ស្តីពីការអភិវឌ្ឍន៍គម្រោងកិច្ចសហប្រតិបត្តិការអាស៊ាន សម្រាប់កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ានស្តីពីបញ្ហាគ្រឿងញៀន (ASOD)។
លោកឧត្តមសេនីយ៍ទោ ប៉ាន់ សុវណ្ណារិទ្ធ ប្រធាននាយកដ្ឋាននីតិកម្ម ផែនការ និងបណ្តុះបណ្តាលនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានប្រាប់ឱ្យដឹងថា សិក្ខាសាលានេះប្រព្រឹត្តទៅក្រោមការរៀបចំតាមប្រព័ន្ធអនឡាញពីប្រទេសភូមា បានផ្តោតពិភាក្សាលើការងារពិនិត្យឡើងវិញក្នុងក្របខណ្ឌការងារគ្រប់គ្រងគម្រោងអាស៊ានស្តីពីបញ្ហាគ្រឿងញៀន ដែលក្នុងនោះមន្រ្តីសម្របសម្រួលពីបណ្តាប្រទេសអាស៊ាននិមួយៗត្រូវបានផ្តល់នូវចំណេះដឹងសំខាន់ៗពាក់ព័ន្ធនឹងធាតុចូលដល់គម្រោងASOD ។
សូមជម្រាបជូនថា កាលពីម្សិលមិញនេះ ក្រុមការងារអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ និងជាអនុប្រធានគណៈកម្មការ ការតាមដាន ការប្រមូល ការគ្រប់គ្រង និងការចាត់ចែងទ្រព្យសម្បត្តិដែលពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ដោយមានការណែនាំ ចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីលោកសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រីប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីលោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក្រុមការងារបានអញ្ជើញចូលជួបពិភាក្សាការងារជាមួួយលោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការគ្រប់គ្រង និងចាត់ចែងវត្ថុតាង(គ.គ.ច.វ.) ពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់គណៈកម្មការទាំងពីរខាងលើ ដែលកន្លងមកនៅមានចំណុចមួយចំនួនមិនទាន់បែងចែកឱ្យដាច់ពីគ្នា ទៅលើសមត្ថកិច្ចចាត់ចែង គ្រប់គ្រងវត្ថុតាង(ទ្រព្យដែលរឹបអូស)។
ជាលទ្ធផល ក្រុមការងារទាំងពីរខាងលើ បានសន្យាពាំនាំនូវលទ្ធផលនៃកិច្ចពិភាក្សាខាងលើ ដើម្បីគោរពស្នើសុំយោបល់ដឹកនាំបន្ថែមពីថ្នាក់ដឹកនាំអាជ្ញាធរជាតិ និងលោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដែលនឹងមានលើកកញ្ចប់បញ្ហារួមមកដោះស្រាយបន្ត ក្រោយទទួលបានការចង្អុលបង្ហាញ និងណែនាំបន្តពីថ្នាក់ដឹកនាំ៕
ដោយ៖ តារា