ភ្នំពេញ៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតឱ្យលោក John Ayliefff នាយកប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការស្បៀងអាហារពិភពលោក ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាថ្ងៃទី១ ខែកុម្ភៈឆ្នាំ២០២៤។
កម្មវិធីស្បៀងអាហារពិភពលោកប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក បាន និងកំពុងធ្វើការសហការជាមួយប្រទេសចំនួន ១៤ ពាក់ព័ន្ធនឹងកម្មវិធីផ្ដល់អាហារតាមសាលារៀន។ អាទិភាពរបស់កម្មវិធីស្បៀងអាហារពិភពលោកប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក មានដូចជា សុវត្ថិភាពស្បៀងនៅក្នុងតំបន់ អាហារូបត្ថម្ភ និងការអប់រំ រួមទាំងការផ្ដល់ហិរញ្ញប្បទានសម្រាប់ជួយដល់ប្រទេសនៅក្នុងតំបន់ ដើម្បីដោះស្រាយបញ្ហាចម្បងៗ។
ឆ្លៀតក្នុងឱកាសនេះផងដែរ លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់អង្គការស្បៀងអាហារពិភពលោកចំពោះកិច្ចសហប្រតិបត្តិការក្នុងការជួយដល់សាលារៀនដែលបានអនុវត្តកម្មវិធីផ្ដល់អាហារតាមសាលារៀន ដើម្បីធានាឱ្យបាននូវសុវត្ថិភាពស្បៀងនៅក្នុងតំបន់ អាហារូបត្ថម្ភ និងការអប់រំ ដល់សិស្សានុសិស្សប្រកបដោយភាពកក់ក្ដៅ និងជឿជាក់ថាកម្មវិធីផ្ដល់អាហារតាមសាលារៀន នឹងបន្តជាចំណែកមួយយ៉ាងសំខាន់ក្នុងការជំរុញអភិវឌ្ឍន៍មូលធនមនុស្ស និងសេដ្ឋកិច្ច នៅក្នុងប្រទេសកម្ពុជា។
កម្មវិធីផ្តល់អាហារតាមសាលារៀន ក៏ជាផ្នែកមួយ នៃការលើកកម្ពស់គុណភាពអប់រំ ដោយប្រើប្រាស់កសិផលក្នុងសហគមន៍ មានគោលបំណងលើកកម្ពស់អាហារូបត្ថម្ភ និងការសិក្សារបស់កុមារក្នុងតំបន់មានភាពក្រីក្រ និងភាពងាយរងគ្រោះខ្ពស់ ដោយចូលរួមចំណែកបង្កើនការចុះឈ្មោះចូលរៀន និងកាត់បន្ថយអត្រាបោះបង់ការសិក្សានៅកម្រិតបឋមសិក្សា ព្រមទាំងចូលរួមលើកកម្ពស់សេដ្ឋកិច្ចសហគមន៍ផងដែរ៕
ដោយ ៖ សិលា