ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមអ្នកនាំពាក្យខុទ្ទកាល័យសម្តេចធិបតី ហ៊ុន ម៉ាណែត ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលជំនួបរវាងសម្តេចធិបតី និងប្រធានសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ ក្រុមអ្នកនាំពាក្យខុទ្ទកាល័យសម្តេចធិបតី ហ៊ុន ម៉ាណែត នៅរសៀលថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលជំនួបរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក Devin Barta ប្រធានសភាពាណិជ្ជកម្មអាមេរិក នៅកម្ពុជា (AmCham Cambodia) នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ នៅវិមានសន្តិភាព។

នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះ រាជាណាចក្រកម្ពុជាបានអនុញ្ញាតឱ្យលោក Devin Barta ប្រធានសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា (AmCham Cambodia) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

ជាកិច្ចចាប់ផ្តើម សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ចំពោះលោក Devin Barta ប្រធានសភា ពាណិជ្ជកម្មអាមេរិកនៅកម្ពុជា (AmCham Cambodia) និងសហការី ដែលបានចូលជួបសម្តែងការគួរសម និង ពិភាក្សាការងារនាឱកាសនេះ។

ក្នុងឱកាសនៃជំនួប លោកប្រធានសភាពាណិជ្ជកម្ម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេច ធិបតី ដែលបានចំណាយពេលដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូ បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ លោកប្រធានសភាពាណិជ្ជកម្ម ក៏បានសម្តែងនូវការអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែបានបង្កលក្ខណៈងាយស្រួល និងធានាបាននូវបរិយាកាស វិនិយោគល្អប្រសើរសម្រាប់ធុរកិច្ចអាមេរិក នៅក្នុងព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះ ការបើកចំហ និងកិច្ចសហប្រតិបត្តិការយ៉ាងល្អ ប្រសើររវាងក្រសួង-ស្ថាប័ន និងសភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា។ លោកប្រធានសភាពាណិជ្ជកម្ម ក៏បាន គោរពជម្រាបជូន សម្តេចធិបតី អំពីសកម្មភាពការងារមួយចំនួនរបស់ សភាពាណិជ្ជកម្មអាមេរិក (AmCham Cambodia) ដែលរួមមាន ការលើកកម្ពស់កិច្ចទំនាក់ទំនង វិនិយោគ និងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និង ព្រះរាជាណាចក្រកម្ពុជា ការជំរុញការផ្សព្វផ្សាយអំពីសក្តានុពល និងឱកាសវិនិយោគរបស់កម្ពុជា ដល់វិនិយោគិន អាមេរិក និងការជួយកសាងសមត្ថភាព និងភាពជាអ្នកដឹកនាំស្ត្រីជាសហគ្រិន។ ទន្ទឹមនឹងនេះ លោកប្រធានសភា ពាណិជ្ជកម្ម បានបង្ហាញពីជំហរនៃការបន្តការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើការទាក់ទាញវិនិយោគ ផ្ទាល់ពីបរទេស (FDI)មកកម្ពុជា វិស័យធុរកិច្ច អចលនទ្រព្យ និងការគាំទ្រដល់ស្ត្រី លើភាពជាម្ចាស់នៃសហគ្រាស ធុនតូច ការបណ្តុះបណ្តាលនិងអភិវឌ្ឍន៍ជំនាញ និងផ្នែកហិរញ្ញវត្ថុជាដើម។

ជាការឆ្លើយតប សម្តេចធិបតី បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការល្អរវាងសភាពាណិជ្ជកម្ម អាមេរិកប្រចាំនៅកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា និងបានអរគុណចំពោះក្រុមហ៊ុនអាមេរិក ដែលតែងតែជឿជាក់ និងបានបណ្តាក់ទុនវិយោគនៅកម្ពុជា ដែលនេះ គឺជាការចូលរួមចំណែកមួយយ៉ាងសំខាន់ ដល់ការអភិវឌ្ឍសង្គម- សេដ្ឋកិច្ចនៅកម្ពុជា។ សម្តេចធិបតី ក៏បានលើកទឹកចិត្តឱ្យសភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា បន្តពង្រឹង និង ពង្រីកនូវកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ព្រមទាំងបានគូសបញ្ជាក់ ជូន លោកប្រធានសភាពាណិជ្ជកម្ម អំពីការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជានៅក្នុង ការធានានូវបរិយាកាសវិនិយោគល្អនៅកម្ពុជា ដូចជាការពង្រឹងភាពធន់នៃប្រព័ន្ធសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងការពង្រីក មធ្យោបាយក្នុងការទូទាត់ទំនើបតាមប្រព័ន្ធ QR-Code ក្រោមក្របខ័ណ្ឌកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីរវាង កម្ពុជាជាមួយបណ្តាប្រទេសជាច្រើន ទាំងក្នុងតំបន់ និងពិភពលោក។ បន្ថែមពីនេះ សម្តេចធិបតី ក៏បាន បញ្ជាក់ពីភាពទាក់ទាញនៃច្បាប់ស្តីពីការវិនិយោគ នៃព្រះរាជាណាចក្រកម្ពុជា និងគោលនយោបាយលើកទឹកចិត្ត សម្រាប់វិនិយោគិននិងធុរជន ព្រមទាំងការតភ្ជាប់កម្ពុជាទៅក្នុងតំបន់ និងពិភពលោក ដែលធានាបាននូវភាព ប្រាកដនិយមចំពោះបរិយាកាសវិនិយោគប្រកបដោយភាពអនុគ្រោះ និងភាពបត់បែន។ សម្តេចធិបតី ក៏បាន បញ្ជាក់ជូនលោកប្រធានសភាពាណិជ្ជកម្ម អំពីឱកាសនៃ ការវិនិយោគលើសួនឧស្សាហកម្មបច្ចេកវិទ្យាជាន់ខ្ពស់ (High Tech Industrial Park) ដែលរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ ក្នុងទិសដៅចូលរួមក្នុងការអភិវឌ្ឍ វិស័យឌីជីថលនៅកម្ពុជា។

ជាទីបញ្ចប់ សម្តេចធិបតី បានជូនពរឱ្យ លោក ប្រធានសភាពាណិជ្ជកម្មអាមេរិក និងសហការការី ឱ្យទទួល បានជោគជ័យ នៅក្នុងបេសកកម្មការងារជាបន្តទៀតនៅថ្ងៃអនាគត៕

ដោយ ៖ សិលា


ចែករំលែក៖