ព័ត៌មានទាន់ហេតុការណ៍៖

អ្នកខេត្តប៉ៃលិន មានជំនឿថា រ៉ែ​ត្បូង​ នៅតែមាន ដូច្នេះរែង​យក​កម្ទេច​ថ្មស្វែងរក​រ៉ែ​ត្បូងដែល​នៅ​សេសសល់ ដើម្បី​យក​ទៅ​លក់​សម្រាប់​ផ្គត់ផ្គង់​ជីវ​ភា​ប្រចាំ​ថ្ងៃ

ចែករំលែក៖

ខេត្តប៉ៃលិន ៖ ប្រវត្តិខេត្តត្បូងពេជ្រ ប៉ៃលិន មិនត្រឹមតែសម្បូរណ៍នូវធនធានធម្មជាតិ រ៉ែត្បូងប៉ុណ្ណោះ ខេត្តដ៏សុីវីល័យមួយនេះ ត្រូវបានកវីនិពន្ធ បទចំរៀង និពន្ធរឿងប្រលោមលោក ជាអក្សរសីល្ប៍ បន្សល់ទុកនូវ រឿងរ៉ាវអនុស្សាវរីយ៍ ផ្អែមល្ហែម ជូរចត់ សើច យំ ។ល។ ជាសិល្បះនៃថ្វីដៃអ្នកកវីនិពន្ធ។ 

បច្ចុប្បន្ន រ៉ែ​ត្បូង​នៅ​ប៉ៃលិន​នៅ​តែ​អាច​ឱ្យ​ពលរដ្ឋ​ផ្សងសំណាង អ្នកខ្លះ​រស់​ដោយសារ​ព្យាយាម​រែង​រក​ត្បូង​បាត​ស្ទឹង ខណៈនៅព្រឹកថ្ងៃ​ទី​៣១ ខែមករា ឆ្នាំ​២០២៤ គេ​សង្កេត​ឃើញ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ខេត្ត​ប៉ៃលិនតែ​ប៉ុន្មាន​​នាក់​ប៉ុណ្ណោះ​ មុខ​ដដែលៗ​បាន​នាំ​គ្នា​ចុះ​ទៅ​ក្នុង​ស្ទឹង ដើម្បី​រែង​យក​កម្ទេច​ថ្មស្វែងរក​រ៉ែ​ត្បូងដែល​នៅ​សេសសល់ ដើម្បី​យក​ទៅ​លក់​សម្រាប់​ផ្គត់ផ្គង់​ជីវ​ភា​ប្រចាំ​ថ្ងៃ ខណៈដែល​អ្នកខ្លះអាច​រក​ប្រាក់​ចំណូល​បាន​ចាប់ពី​៣​ទៅ​៥​ម៉ឺន​រៀល ក្នុង​១​ថ្ងៃ ក្លាយ​ជា​មុខ​ជំនាញ​របស់​ខ្លួន​ទៅ​ហើយ​ ឯ​អ្នកខ្លះ​អាច​រក​បាន​១០​ទៅ​២០​ម៉ឺន​រៀល តែ​ក៏​មាន​អ្នក​មិន​អាច​រកបាន​សោះ​ពេញ​១​ថ្ងៃ​ក៏​មាន​ដែរ ។

ទោះបីជា​រ៉ែ​ត្បូង ហាក់ដូចជា​ពុំ​សូវ​សម្បូរ​ដូច​ពី​កាលសម័យ​មុន​ក៏​ដោយ តែ​ក៏​មាន​អ្នក​ភូមិខ្លះ​នៅ​តែ​បន្ត​នាំ​គ្នា​ផ្សងព្រេង ។ បើ​តាម​ប្រភព​ព័ត៌មាន​ពី​បុរស​ម្នាក់ ឈ្មោះ សាន្ត អាយុ​៥០​ឆ្នាំ និង​ឈ្នោះ ម៉ៅ ភេទ​ប្រុស អាយុ​៦២​ឆ្នាំ រស់នៅ​ក្នុង​ក្រុងប៉ៃលិន បានឱ្យ​​​ដឹង​ថា ៖ ពួក​គាត់​បាន​នាំ​គ្នា​ចុះ​ទៅ​ក្នុង​ស្ទឹង​នា​ពេល​នេះ គឺ​ដើម្បី​ជីក​កកាយ​រាវរក​កម្ទេច​រ៉ែ​ត្បូងដែល​នៅ​សេសសល់​ក្នុងស្ទឹង អាច​យក​ទៅ​លក់​ឱ្យ​ឈ្មួញ​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​​ប្រចាំ​ថ្ងៃ ។ 

ពួក​គាត់​ភាគច្រើន គឺ​អត់​មាន​ដីស្រែ​ចម្ការ​ដូច​អ្នក​ផ្សេង ទើប​ពី​១​ថ្ងៃ​ទៅ​១​ថ្ងៃ តែងតែ​យក​ដែក​ស្បែង ប៉ែលនិង​បង្គីចុះ​ទៅ​ក្នុង​ស្ទឹង​ប​យ៉ាខា នាំ​គ្នា​រែង​រក​រ៉ែ​ត្បូង​តែ​ម្តង ។ បើ​តាម​ប្រភព​ពី​ជនបរទេស​១​ក្រុម​បានឱ្យ​ដឹង​ថា ពួក​គាត់​មិន​ធ្លាប់​ឃើញ​ការ​រែង​រក​រ៉ែ​ត្បូង​បែប​នេះ​ពី​មុន​ទេ។ លុះ​សួរនាំ​ប្រជាពលរដ្ឋ​ពី​របៀប​រែង​រក​រ៉ែ​ត្បួ​ង​រួចក៏​នាំ​គ្នា​ខ្ចី​កញ្ច្រែង ដើម្បី​ចុះ​ទៅ​ក្នុង​ស្ទឹង​រែង​សាកល្បង​មើល ហើយ​ជា​ការ​កម្សាន្ត​ផង​ដែរ ។ 

សូមបញ្ជាក់ថា ៖ កម្ពុជា ជាប្រទេសអឆ្ឆរិយះ សំបូរទៅដោយធនធានធម្មជាតិ រ៉ែត្បូង រ៉ែមាស រ៉ែដែក ថ្មកែវ ថ្មម៉ាប ថ្មភក់ ។ល។ ដែលមិនងាយរងគ្រោះធម្មជាតិធ្ងន់ធ្ងរ៕

ដោយ ៖ សិលា


ចែករំលែក៖