ខេត្តប៉ៃលិន៖ យោងតាមរបាយការណ៍របស់មន្ត្រីសមត្តកិច្ចជំនាញអធិការដ្ឋានស្រុកសាលាក្រៅ កាលពីវេលាម៉ោង១១ និង៤៩នាទី ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ មានករណីលួច (ម៉ូតូ )មួយករណីកើតឡើងនៅចំណុចបន្ទប់ជួលម្លប់ខ្នុរស្ថិតនៅក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយសារជនរងគ្រោះបានជិះម៉ូតូទៅហូបបាយជាមួយមិត្តភក្ភិនៅបន្ទប់ជួលកន្លែងកើតហេតុ។ ពេលទៅដល់ជនរងគ្រោះបានចតម៉ូតូទុកនៅខាងមុខបន្ទប់ជួល រួចក៏ដើរចូលទៅក្នុងបន្ទប់មិត្តភក្កិដើម្បីហូបបាយ។ ពេលហូបបាយរួចជនរងគ្រោះបានដើរចេញពីបន្ទប់ស្រាប់តែបាត់ម៉ូតូមិនឃើញក៏នាំគ្នាផ្អើលឆោឡោ រួចមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងកាច់។
ក្រោយពីសមត្តកិច្ចជំនាញបានទទួលព័ត៌មានរួច កម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋានស្រុកសាលាក្រៅ សហការជាមួយកម្លាំងប៉ុស្តិ៍ស្ទឹងកាច់និងកម្លាំងអធិការដ្ឋាននគរបាលស្រុកកំរៀង បានឃាត់ខ្លួនជនសង្ស័យបាននៅវេលាម៉ោង១៤និង៣០នាទី ថ្ងៃខែឆ្នាំដដែល នៅចំណុចផ្សារឡែម ភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។
បន្ទាប់មកកម្លាំងជំនាញក៏បានដកហូតម៉ូតូរបស់ជនរងគ្រោះមួយគ្រឿងដែលជនសង្ស័យបានលួច។ ក្រោយមកសមត្ថកិច្ចក៏យកទៅសួរនាំនៅអធិការដ្ឋានស្រុកសាលាក្រៅ ហើយជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចម៉ូតូនេះពិតប្រាកដមែន។
ជនរងគ្រោះដែលចោរលួចម៉ូតូនោះឈ្មោះ កែវ ពិសិទ្ធ ភេទប្រុស អាយុ៣២ ឆ្នាំ មានបុខរបរជាបុគ្គលិកកាស៊ីណូផាលេស មានទីលំនៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
រីឯជនសង្ស័យឈ្មោះ សឹង្ហ កក្កដា ហៅសិទ្ធ ភេទប្រុស អាយុ២៥ ឆ្នាំ មានមុខរបរមិនពិតប្រាកដ មានទីលំនៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
+ សម្ភារបាត់បង់រួមមាន៖
– ម៉ូតូម៉ាកហុងដាឃ្លិច ស៊េរីឆ្នាំ២០១៩ ពណ៌ស ពាក់ស្លាកលេខបាត់ដំបង ១Y-៩២៨៦ មានលេខ ម៉ាស៊ីន ៣១១៥៦០៨ ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅដើម្បីអនុវត្តតាមនីតិវិធី៕
ដោយ៖ ស សារ៉េត