ភ្នំពេញ៖ យោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា បានបង្ហាញថា គិតត្រឹម១ខែដំបូងដើមឆ្នាំ២០២៤នេះ ការនាំចេញអង្កររបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិមានចំនួនសរុបជាង ៤៦ ពាន់តោនដែលគិតជាទឹកប្រាក់មានចំនួនប្រមាណ ៣២,៦២ លានដុល្លារអាម៉េរិកកើនឡើង ២៦% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣កន្លងទៅ។
យោងតាមរបាយការណ៍ដដែល បានបញ្ជាក់ថា ទីផ្សារដែលជាគោលដៅរបស់កម្ពុជា ក្នុងការនាំចេញអង្ករទៅដាក់លក់នោះ មានចំនួន ៤២ ប្រទេស នៅទូទាំងពិភពលោក។ ក្នុងនោះនៅប្រទេសអឺរ៉ុបចំនួន ២២ សរុបចំនួនជាង ២ ម៉ឺន ៥ពាន់តោន ដែលមានតម្លៃសរុប ៨,៨៥ លានដុល្លារ។ អឺរ៉ុបបានលេចចេញជាទីផ្សារធំជាងគេ ដែលមានចំនួន ៥៤% នៃការនាំចេញអង្ករសរុបរបស់កម្ពុជា។
ដោយឡែកនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ កម្ពុជាបាននាំចេញអង្ករទៅកាន់គោលដៅចំនួន៥ រួមមាន ទីម័រខាងកើតចំនួនជិត ២ម៉ឺនតោន ដែលមានតម្លៃ ៨,៣០ លានដុល្លារ។ បន្ថែមពីនេះកម្ពុជាបាននាំចេញអង្ករចំនួន ៥,១៧១ តោន មានតម្លៃ ២,៩៣ លានដុល្លារ ទៅកាន់ប្រទេសចិន ក៏ដូចជាទៅកាន់គោលដៅចំនួន ១៣ ផ្សេងទៀត ដូចជា អាហ្រ្វិក មជ្ឈិមបូព៌ា សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី និងនូវែលសេឡង់ ដែលសរុបចំនួនជាង ៤ ពាន់តោនតោន មានតម្លៃប្រមាណ ២,៥៥ លានដុល្លារ។
ចំណែកការនាំចេញស្រូវទៅកាន់ប្រទេសជិតខាងរបស់កម្ពុជា មានចំនួនសរុប ៥៨ ម៉ឺនតោន ដែលស្មើនឹងទឹកប្រាក់ប្រមាណជាង ១៨០ លានដុល្លារក្នុងរយៈពេលដូចគ្នានេះ។ ក្នុងចំណោមការនាំចេញទាំងនេះ ៤៧% ត្រូវបានធ្វើឡើងតាមរយៈសំណើជាផ្លូវការសម្រាប់ការបញ្ជាក់ដែលបានអនុម័តដោយអាជ្ញាធរពាក់ព័ន្ធ៕
ដោយ៖ តារា