ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាលស្រុកចេញល្បាតនិងចុះណែនាំអប់រំដល់សិស្សដែលប្រមូលផ្តុំគ្នាមិនចូលរៀននៅកន្លែងតាបបុកប៊ីយ៉ា ក្នុងស្រុកស្វាយជ្រំ

ចែករំលែក៖

ខេត្តស្វាយរៀង៖ កម្លាំងនគរបាលស្រុកស្វាយជ្រំ បានចេញល្បាតនិងចុះណែនាំអប់រំដល់សិស្សដែលប្រមូលផ្តុំគ្នាមិនចូលរៀន នៅកន្លែងតាបបុកប៊ីយ៉ាក្នុងស្រុកស្វាយជ្រំ។

   យោងតាមលោកសោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ បានអោយដឹងនារសៀលថ្ងៃទី១២ខែកុម្ភៈឆ្នាំ២០២៤នេះថា ក្រោមបទបញ្ជារបស់លោកស្នងការនគរបាលខេត្តស្វាយរៀង ក្នុងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្តិភាពទាំង៧ចំណុច។ ជាក់ស្ដែងនៅព្រឹកនេះ លោកបានដឹកនាំកម្លាំងក្រុមម៉ូតូធំ បានចេញល្បាតចល័តការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងស្រុកស្វាយជ្រំក៏ប្រទះឃើញប្អូនៗ សិស្សសាលាប្រុសស្រីជាច្រើននាក់ដែល  នៅអង្គុយកន្លែងតាបបុកប៊ីយ៉ា និងឈរប្រមូលផ្តុំគ្នានិយាយលេង ដោយមិនបានចូលរៀននោះទេ។

    លោកបន្តថា ដោយប្អូនៗសិស្សសាលាប្រុសស្រីទាំងនោះមកពីវិទ្យាល័យស្វាយរៀង និងមកពីវិទ្យាល័យហ៊ុនសែនក្រោលគោ ស្រុកស្វាយជ្រំដោយរូបលោកបានធ្វើការណែនាំអប់រំនិងបានអំពាវនាវដល់អាណាព្យាបាលក៏ដូចជាឪពុកម្ដាយ សូមជួយពិនិត្យនិងតាមដានការសិក្សារៀនសូត្ររបស់កូនៗរបស់ខ្លួនផង ព្រោះបើនៅបណ្ដែតបណ្ដោយទៀតអាចធ្លាក់ក្នុងអំពើអបាយមុខ ដោយបង្កើតជាក្រុមបងតូចបងធំនិងឈានដល់ការប្រើប្រាស់គ្រឿងញៀនខូចអនាគតជាក់ជាពុំខានឡើយ៕

ដោយ៖ សុថាន


ចែករំលែក៖