ព័ត៌មានទាន់ហេតុការណ៍៖

ការយល់ដឹងច្បាស់ពីរដ្ឋបាលកីឡា​ គឺបង្កភាពងាយស្រួលដល់បច្ចេកទេសកីឡា

ចែករំលែក៖

ភ្នំពេញ​ ៖​  ការយល់ដឹងច្បាស់ពីរដ្ឋបាលកីឡា​ ពិតប្រាកដជាបានបង្កភាពងាយស្រួលក្នុងការជម្រុញផ្នែកបច្ចេកទេសកីឡាដល់មនុស្សសំខាន់នៅក្នុងវិស័យកីឡា ពិសេស គឺប្រសិទ្ធភាព ការងារដែលបង្កនូវលក្ខណៈងាយស្រួលពីថ្នាក់ដឹកនាំរហូតដល់កីឡាករកីឡាការិនី។​ នេះជាការលើកឡើងរបស់ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា បានលើកឡើងក្នុងវគ្គសិក្សាសាមគ្គីអូឡាំពិក ស្ដីពី រដ្ឋបាលកីឡា នាព្រឹកថ្ងៃទី១២ ខែ កុម្ភៈ នៅអាគារគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា។

      ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា មន្រ្តីសហព័ន្ធ និងកីឡាករកីឡាការិនី ការយល់ដឹងឲ្យបានស៊ីជម្រៅអំពីរដ្ឋបាលកីឡាពិតជាមានសារៈសំខាន់ខ្លាំងណាស់ ព្រោះរដ្ឋបាលកីឡា គឺការយល់ដឹងអំពីតួនាទីភារៈកិច្ចជំនាញបច្ចេកទេសរបស់កីឡាទើបយើងអាចរៀបចំជារចនាសម្ព័ន្ធគ្រប់គ្រងបាន។

    លោកថា វគ្គសិក្សាសាមគ្គីអូឡាំពិក ស្ដីពី រដ្ឋបាលកីឡា ដែលយើងបណ្តុះបណ្តាលជូនមន្រ្តីសហព័ន្ធ និងកីឡាករកីឡាការិនីនាពេលនេះ គឺ ជាការពង្រឹងនូវការផ្តល់សេវ៉ាប្រកបដោយវិជ្ជាជីវៈ ភាពរលូន និងសេវ៉ាដែលមិនមានឧសគ្គជារនាំងបាំងធ្វើឲ្យរាំងស្ទះដល់ការអភិវឌ្ឍវិស័យកីឡា។

ឯកឧត្តម រដ្ឋលេខាធិការ បានបញ្ជាក់ទៀតថា វគ្គសិក្សានេះ គឺមន្រ្តីជំនាញបានបង្ហាត់បង្រៀនមេរៀនជាច្រើនមានដូចជា៖រចនាសម្ព័ន្ធនៃអំណាចរដ្ឋបាលសាធារណៈរបស់កីឡានៅក្រៅប្រទេសនិងក្នុងប្រទេស យល់ដឹងអំពីចលនាកីឡា ប្រភពដើមនៃកីឡាអូឡាំពិក ប្រវត្តិដើមនៃការកកើតរបស់កីឡាអូឡាំពិក យល់ដឹងអំពីរបៀបរបបការងាររបស់សហព័ន្ធកីឡាជាតិ និង បង្រៀនឲ្យមន្រ្តីសហព័ន្ធបានយល់ដឹងអំពីភាពជាអ្នកដឹកនាំក្នុងវិស័យកីឡា។

  គួរបញ្ជាក់ថា វគ្គសិក្សាសាមគ្គីអូឡាំពិក ស្ដីពី រដ្ឋបាលកីឡា មានសិក្ខាកាមដែលជាកីឡាករ កីឡាការិនី គ្រូបង្វឹក និងមន្រ្តី សហព័ន្ធកីឡាជាតិចូលរួមចំនួន៥៨នាក់ សិក្សារយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី ១២ ដល់ ១៥ ខែកុម្ភៈ ឆ្នាំ ២០២៤៕

ដោយ​ ៖​ ភារ៉ា ដង្កោ


ចែករំលែក៖