ភ្នំពេញ៖ គិតចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ ពោលគឺក្នុងអំឡុងចូលឆ្នាំចិនចុងសប្ដាហ៍នេះ កម្លាំងនគរបាលជាតិនៃក្រសួងមហាផ្ទៃ បានបង្ក្រាបក្រុមក្មេងទំនើងទូទាំងប្រទេសចំនួន៨ករណីនិងឃាត់ខ្លួនចំនួន៥០នាក់។ នេះបើតាមលោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។
លោក ទូច សុឃៈ (សុខៈ) បញ្ជាក់ថា ករណីក្មេងទំនើងបង្កបញ្ហាកើតឡើងក្នុងដែនដីរាជធានីខេត្តចំនួន៤ គឺរាជធានីភ្នំពេញ ខេត្តកណ្ដាល ពោធិ៍សាត់ និងខេត្តបាត់ដំបង។ ក្នុងនោះ ខេត្តបាត់ដំបង កើតឡើងតែ១ករណីប៉ុណ្ណោះ តែឃាត់ខ្លួនក្រុមក្មេងទំនើងរហូតដល់១៨នាក់។ អ្នកនាំពាក្យរងបន្តថា ខេត្តកណ្ដាលកើតឡើង២ករណី ឃាត់ខ្លួនក្មេងទំនើងចំនួន១២នាក់ ខណៈខេត្តពោធិសាត់ក៏បង្ក្រាបបាន២ករណីដែរ ដោយឃាត់ខ្លួនបានចំនួន១២នាក់ដែរ។
បញ្ហាក្មេងទំនើងនេះគឺជាទិសដៅអាទិភាពមួយក្នុងចំណោមទិសដៅអាទិភាពការងារទាំង៦របស់លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលបានដាក់ចេញតាមទស្សនៈ«អ្វីៗធ្វើដើម្បីផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ»។
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ (សុខៈ)បានលើកឡើងប្រសាសន៍របស់លោកឧបនាយករដ្ឋមន្ត្រី ដែលតែងតែរំលឹកជារឿយៗ ដល់អគ្គស្នងការដ្ឋាននគរបាលជាតិ បណ្ដាស្នងការដ្ឋាននិងតួអង្គពាក់ព័ន្ធ ឱ្យបង្កើនយកចិត្តទុកដាក់ការពារគ្រប់គ្រងសកម្មភាពអវិជ្ជមានរបស់ក្រុមក្មេងទំនើងក្នុងមូលដ្ឋាន និងញែកជា២ គឺវិធានការច្បាប់-ករណីធ្ងន់ត្រូវកសាងសំណុំរឿងទៅតុលាការផ្ដន្ទាទោសតាមច្បាប់។ ចំណែកករណីស្រាលល្មមៗ ត្រូវអនុវត្តវិធានការអប់រំ-ដោយប្រើយន្តការផ្សេងៗ និងការធ្វើកិច្ចសន្យាមានការធានាពីអាណាព្យាបាល ដើម្បីបញ្ឈប់សកម្មភាពមិនប្រក្រតីទាំងនោះ។
លោកបន្តទៀតថា ក្នុងនោះដែរ លោកឧបនាយករដ្ឋមន្ត្រីក៏ជំរុញដល់អាជ្ញាធរ និងសមត្ថកិច្ចទាំងអស់អនុវត្តប្រកបដោយភាពម៉ឺងម៉ាត់នូវគោលនយោបាយភូមិ-ឃុំ- សង្កាត់មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៕
ដោយ ៖ តារា