ព័ត៌មានទាន់ហេតុការណ៍៖

ជិតមួយខែកន្លះមកនេះ សមត្ថកិច្ចក្រសួងមហាផ្ទៃ បញ្ជូនជនសង្ស័យ១៣៥នាក់ ទៅតុលាការក្នុងប្រតិបត្តិការបង្រ្កាបល្បែងស៊ីសង៩២ទីតាំង!

ចែករំលែក៖

ភ្នំពេញ ៖ គិតពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សមត្ថកិច្ចនគរបាលជាតិ នៃក្រសួងមហាផ្ទៃ បានបើកប្រតិបត្តិការបង្ក្រាបករណីល្បែងស៊ីសងចំនួន៩២ទីតាំង ដោយអនុវត្តវិធានការច្បាប់ពោលគឺបញ្ជូនទៅកាន់តុលាការចំនួន១៣៥នាក់។ នេះបើតាមលោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

លោក ទូច សុឃៈ (សុខៈ) បរិយាយថា សមត្ថកិច្ចនគរបាល បានអនុវត្តវិធានការច្បាប់ គឺកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចំនួន៤៧ទីតាំង លើ១៤រាជធានីខេត្ត។ ក្នុងនោះ ល្បែងភ្នាល់តាម Internet ចំនួន២ទីតាំង ដោយឃាត់ខ្លួនអ្នកប្រព្រឹត្តិចំនួន២៥នាក់។ ក្រៅពីនេះ ល្បែងស៊ីសងផ្សេងៗតាមមូលដ្ឋាន បង្ក្រាបចំនួន៤៥នាទី ឃាត់ខ្លួនជនសង្ស័យចំនួន១១០នាកើ។ 

ក្រៅពីការបង្ក្រាបល្បែងស៊ីសង ដោយអនុវត្តវិធានការច្បាប់ ក៏មានការបង្ក្រាប ដោយត្រឹមតែអនុវត្តវិធានការរដ្ឋបាលផងដែរ ពោលគឺគ្រាន់តែអប់រំ ណែនាំ ធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព។ ក្នុងនោះនគរបាលបានបង្ក្រាបចំនួន៤៥ទីតាំង លើដែនដី៦ខេត្ត ដោយឃាត់ខ្លួនអ្នកពាក់ព័ន្ធបានចំនួន១០៥នាក់។

ការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ គឺការទិសដៅអាទិភាពមួយក្នុងចំណោមទិសដៅអាទិភាពទាំង៦(បញ្ហាគ្រឿងញៀន ចរាចរណ៍ បទល្មើសព្រហ្មទណ្ឌ ក្មេងទំនើង ការជួញដូរមនុស្ស និងបញ្ហានានាតាមបន្ទាត់ព្រំដែនទាំងគោកនិងទឹក) ដែលឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដឹកនាំបញ្ជាឱ្យសមត្ថកិច្ចយកចិត្តទុកដាក់អនុវត្ត ចាប់ពីដើមនីតិកាលទី៧ នៃរាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា។

អនុវត្តតាមច្បាប់ និងឈរលើមូលដ្ឋាននៃគោលការណ៍ដឹកនាំខាងលើនេះ សមត្ថកិច្ចនគរបាលជាតិ ទាំងនៅអគ្គស្នងការដ្ឋាននគរបាលជាតិ ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ ទូទាំងប្រទេស បានយកចិត្តទុកដាក់អនុវត្តបង្ក្រាបយ៉ាងសកម្ម រាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ជាពិសេសបានអនុវត្តតាមគោលនយោបាយភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព៕

ដោយ​៖ តារា​


ចែករំលែក៖