ភ្នំពេញ ៖ ជនសង្ស័យជានារីរូបស្រស់ម្នាក់ បានធ្វេីសកម្មភាពលួចម៉ូតូប្រជាពលរដ្ឋបានសម្រេចហើយ តែត្រូវម្ចាស់ម៉ូតូស្រែកឆោឡោផ្អេីលដល់កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលព្រែកកំពឹសដែលកំពុងល្បាតក៏ជួយដេញឃាត់ខ្លួនបានភ្លាមៗ កាលពីវេលាម៉ោង២និង០០នាទីរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ងាំ រ៉ហ្សា អាយុ១៧ឆ្នាំ ភេទស្រី មុខរបរសិស្ស ស្នាក់នៅទីតាំងកើតហេតុខាងលើ។ ចំណែកនារីជាជនសង្ស័យមានឈ្មោះ សុខ ចាន់ណា អាយុ២៧ឆ្នាំ មុខរបរមិនពិប្រាកដ ស្នាក់នៅភូមិស្វាយ ឃុំរកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
តាមសម្តីយុវតីដែលជាម្ចាស់ម៉ូតូខាងលើបានរៀបរាប់ឱ្យដឹងថា មុនពេលកើតហេតុនារីសង្ស័យខាងលើបានដើរចូលមកនិយាយលេងជាមួយនាងហើយបានកម្មង់ឱ្យរូបនាងកៀបនំបុ័ងសាំងវិចឱ្យរូបគេ ខណ:យុវតីខាងលើដើរចូលទៅក្នុងបន្ទប់ទឹកស្រាប់តែជនសង្ស័យធ្វើសកម្មភាពលួចយកម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ-1CN-7719 ដែលម្ចាស់បានចតទុកក្នុងផ្ទះ ហើយបានជិះរត់គេខ្លួនបាត់ ។ មួយសន្ទុះយុវតីរងគ្រោះបានបាត់អ្នកទិញនំបុ័ងនិងបាត់ម៉ូតូរបស់ខ្លួនក៏បានហៅបងប្រុសរបស់នាងឱ្យជិះម៉ូតូតាមរកក៏ប្រទះឃើញជនសង្ស័យកំពុងតែជិះម៉ូតូរបស់នាងនៅម្តុំស្ពានព្រែកជ្រៃ ផ្លូវ២១៧ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ហើយបានស្រែកឆោឡោផ្អើលសមត្ថកិច្ចកំពុងល្បាត ជួយដេញចាប់ឃាត់ខ្លួនតែម្តង។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យខាងលើបានសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពលួចយកម៉ូតូខាងលើនេះពិតប្រាកដមែន។ បច្ចុប្បន្ននេះ ជនសង្ស័យរូបស្រស់កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោដេីម្បីកសាងសុំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមច្បាប់៕
ដោយ ៖ ភារ៉ា ដង្កោ