ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីយកឡាម កាត់ខ្សែកាបូប និងលួចទូរស័ព្ទដៃ របស់ជនបរទេស នៅសួនច្បារមាត់ទន្លេ ខណ្ឌដូនពេញ

ចែករំលែក៖

ភ្នំពេញ ៖ បន្ទាប់ពីបានឃើញការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គម Tik tok និងព័ត៌មានតាមបណ្តាញសង្គម មានករណីជនបរទេសម្នាក់ត្រូវបានចោរឆក់កាបូប លោក ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យលោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ សហការជាមួយកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះស្រាវជ្រាវស៊ើបអង្កេត ឃើញថាករណីនេះមិនមែនជាករណីឆក់នោះទេ គឺករណីជនបរទេសដែលជាជនរងគ្រោះបានដេកលក់លើបង់នៅសួនច្បារមាត់ទន្លេ ត្រង់ចំណុចផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ជ័យជំនៈ ខណ្ឌដូនពេញ ត្រូវបានជនសង្ស័យឈ្មោះ ខុំ ចាន់ ហៅអាខឿន ភេទប្រុស យកឡាមកាត់ខ្សែកាបូប និងលួចទូរសព្ទដៃ។ នេះជាការបញ្ជាក់ពីខាង អង្គភាពស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ នៅយប់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤។ 

សមត្ថកិច្ចបានបញ្ជាក់ថា៖ ជនសង្ស័យឈ្មោះ ខុំ ចាន់ ហៅអាខឿន ភេទប្រុស ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិតប្រាកដ នៅចំណុចផ្លូវលេខ៥ កែងផ្លូវ១៥៤ សង្កាត់ផ្សារកណ្តាល១។ វត្ថុតាងដកហូតរួមមាន៖ បាស្ព័រ ចំនួន០១, កាត់ATM ចំនួន០២។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី។ ជាមួយគ្នានេះដែរ សូមជនរងគ្រោះដែលជាជនបរទេសមកទទួលសម្ភារៈដែលបានបាត់នៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ៕

ដោយ ៖ សិលា


ចែករំលែក៖