ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធររាជធានីភ្នំពេញ ប្រធានក្រុមប្រឹក្សារាជធានី ជំរុញឱ្យអាជ្ញាធរបន្តចុះផ្សព្វផ្សាយដល់យុវជនក្រីក្រនិងគ្មានការងារធ្វើបានចុះឈ្មោះចូលរៀនក្នុង កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ

ចែករំលែក៖

ភ្នំពេញ ៖ ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញបានថ្លែងថា  លោកបានជំរុញឱ្យ អាជ្ញាធររាជធានីភ្នំពេញបន្តចុះផ្សព្វផ្សាយដល់យុវជនក្រីក្រនិងគ្មានការងារធ្វើបានចុះឈ្មោះចូលរៀនក្នុងកម្មវិធី បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេក ទេសដល់យុវជនមកពីគ្រួសារក្រីក្រ ដើម្បីឱ្យយុវជនយើងមានជំនាញមួយច្បាស់លាស់សម្រាប់ជាអាជីពក្នុងការដោះស្រាយជីវភាពប្រចាំថ្ងៃ។

លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានជំរុញបែបនេះក្នុង កិច្ចប្រជុំសាមញ្ញលើកទី៥៧ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយកម្មវិធីនេះក៏មានការអញ្ជើញចូលរួមផងដែរពីលោកមាន ចាន់ យ៉ាដា អភិបាលរងរាជធានីភ្នំពេញ និងជាតំ ណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សាបានថ្លែងកោតសរសើរការអនុវត្តការងារដ៏ល្អរបស់រដ្ឋបាលរាជធានីភ្នំពេញ និងកោតសរសើរដល់សមត្ថកិច្ចពាក់ព័ន្ធ ដែលខិតខំអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ដោយបានផាកពិន័យយានយន្តដែលល្មើសច្បាប់ ពិសេសត្រួតពិនិត្យអ្នកបើកបរមានជាតិស្រវឹង។

លោកប្រធានក្រុមប្រឹក្សាបានលើកឡើងពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យ ដែលជាកម្មវិធីមួយមានសារសំខាន់ធ្វើឱ្យយុវជនក្រីក្រនិងគ្មានការងារធ្វើមានជំនាញមួយច្បាស់លាស់ សម្រាប់ធ្វើជាអាជីព មានប្រភពចំណូលដែលអាចផ្គត់ផ្គងក្នុងក្រុមគ្រួសារបាន។ លោកបានជំរុញឱ្យអភិបាលខណ្ឌ សង្កាត់បន្តចុះផ្សព្វផ្សាយពីកម្មវិធីដ៏មានសារៈសំខាន់នេះទៅដល់យុវជនក្រីក្រ និងងាយរងគ្រោះបានទៅចុះឈ្មោះចូលរៀន ខណៈដែលការចូលរៀនបានផ្តល់អត្ថប្រយោជន៍ជាច្រើន ដោយសិស្សនឹងទទួលបានការសិក្សាដោយមិនបង់ថ្លៃ, ទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន២៨ម៉ឺនរៀល, មានជំនាញមួយពិតប្រាកដដែលទីផ្សារការងារកំពុងត្រូវការ និងឱកាសការងារធ្វើសមរម្យ និងប្រាក់ចំណូលទៀងទាត់។

លោកមាន ចាន់ យ៉ាដា បានបង្ហាញការគាំទ្រចំពោះយន្តការជំរុញឱ្យយុវជនក្រីក្រនៅក្នុងមូលដ្ឋាន រាជធានីភ្នំពេញបន្តចុះឈ្មោះចូលរៀនបន្តទៀត  ព្រោះជាយន្តការដ៏សំខាន់របស់រាជរដ្ឋាភិបាល សំដៅលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។ លោកបន្តថា អាជ្ញាធររាជធានីភ្នំពេញនឹងបន្តធ្វើកិច្ចសហការជាមួយមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ អាជ្ញាធរខណ្ឌទាំង១៤ ចុះផ្សព្វផ្សាយអំពីយន្តការចុះឈ្មោះទៅដល់យុវជនក្រីក្រ និងគ្មានការងារធ្វើនៅមូលដ្ឋានដែលមានទិន្នន័យច្បាស់លាស់។

តាមរបាយការណ៍របស់មន្ទីរការងារ និងបណ្តុះបណ្តាលរាជធានីភ្នំពេញបានឱ្យដឹងថា មកដល់ពេលនេះមានយុវជនក្រីក្រ គ្មានការងារធ្វើនៅរាជធានីភ្នំពេញជាង២ពាន់នាក់ហើយ បានចុះឈ្មោះចូល រៀនក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសទៅដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យចំនួន ១,៥ លាននាក់ ។

កម្មវិធីថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិទី៧នេះ ត្រូវបានប្រកាសឱ្យអនុវត្តជាផ្លូវការ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីឱ្យយុវជនមកពីគ្រួសារក្រីក្រ និងងាយរងគ្រោះអាចឆាប់មានជំនាញវិជ្ជាជីវៈ និងឆាប់មានការងារធ្វើសមរម្យដើម្បីលើកកម្ពស់ជីវភាពគ្រួសារ៕

ដោយ  ៖ សំរិត


ចែករំលែក៖