ព័ត៌មានទាន់ហេតុការណ៍៖

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន​ អញ្ជេីញ ក្នុងពិធីប្រកាសចូលកាន់តំណែង​ និងបំពាក់ឋានន្តរសក្តិមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ​

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃពុធ​ ទី១៤​ ខែកុម្ភៈ​ ឆ្នាំ២០២៤​ លោកឧត្តមសេនីយត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ​ តំណាងដ៏ខ្ពង់ខ្ពស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជេីញ ក្នុងពិធីប្រកាសចូលកាន់តំណែង និងបំពាក់ឋានន្តរសក្តិលោក​អនុសេនីយ៍ឯក សុខ ឡេង មេបញ្ជាការរង កងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ជាវរសេនីយ៍ត្រី មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ​ ជំនួសលោក​វរសេនីយ៍ទោ យ៉ាន់​ សុវណ្ណ​ ដែលត្រូវបានទទួលភារកិច្ចថ្មី​ ជាប្រធានមន្ទីរភស្ភុភា​រ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត។ 

      ពិធីនេះក៏មានការអញ្ជេីញចូលរួមពីលោក​ ស្រេង​ សុផ​ល​ អភិបាល នៃគណៈអភិបាលក្រុងសិរីសោភ័ណ​ លោក​ ជាម​ សុខ​ ប្រធានក្រុមប្រឹក្សាក្រុងសិរីសោភ័ណ លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត​ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថ​ខេត្ត និងអាជ្ញាធរមូលដ្ឋាន​ កងកម្លាំងប្រដាប់អាវុធ ក្នុងក្រុងសិរីសោភ័ណផងដែរ ពិធីនេះប្រារព្ធធ្វេីឡេីង​នៅបញ្ជាការមូលដ្ឋាន​ក្រុងសិរីសោភ័ណ។  

    បន្ទាប់ពីទទួលសេចក្ដីសម្រេច​ និងលិខិតតែងតាំងផ្ទេរភារកិច្ច លោក​វរសេនីយ៍ត្រី​ សុខ​ ឡេង​ ក៏បានធ្វើការប្តេជ្ញាចិត្តគោរពច្បាប់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា,​គោរព និងអនុវត្តឱ្យបាននូវបទបញ្ជា វិន័យ សីលធម៌ របស់កងយោធពលខេមរភូមិន្ទ និងប្តេជ្ញាខិតខំបំពេញតួនាទី ភារកិច្ច វិជ្ជាជីវៈរបស់ខ្លួនជាកងរាជអាវុធហត្ថឱ្យសមទៅតាមទំនុកចិត្ត ដែលថ្នាក់លើប្រគល់ជូន,​ ប្តេជ្ញា​ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្រប់ស្ថាប័ន អង្គភាព ពិសេសអាជ្ញាធរគ្រប់ លំដាប់ថ្នាក់​,​ ពង្រឹង និងរឹតចំណងសាមគ្គីភាព ឱ្យកាន់តែល្អបន្ថែមទៀត ពិសេសសាមគ្គីភាព​​​​​ផ្ទៃក្នុង ដែលជាគន្លឹះដ៏សំខាន់បំផុតក្នុងការរួមចំណែកកសាងអង្គភាពឱ្យបានរឹងមាំបន្ថែមទៀត។ 

  ក្នុងឱកាសនោះ​ដែរលោកឧត្តមសេនីយត្រី បោន ប៊ិន ក៏បានពាំនាំនូវការផ្ដាំផ្ញើ សួរសុខទុក្ខពីសំណាក់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ ដោយក្តីនឹករលឹក។ 

  ជាមួយគ្នានោះ​លោកឧត្តមសេនីយ៍ត្រី​ បានដាក់ចេញនូវបទបញ្ជា​ ដល់គ្រប់មូលដ្ឋានកងរាជអាវុធហត្ថទាំង៩​ ក្រុង-ស្រុក​ បន្តចូលរួមចំណែកក្នុងការការពារសន្តិសុខ សណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋ​ឱ្យបានល្អ​ និងស្រាវជ្រាវ បង្ក្រាបរាល់បទបទល្មើសដែលកើតមានឡើងក្នុងមូលដ្ឋានរបស់ខ្លួន ពង្រឹងការអនុវត្តច្បាប់ និងបទបញ្ជា គោរពសិទ្ធមនុស្ស ព្រមទាំងជួយសង្គ្រោះដល់ប្រជាពលរដ្ឋនូវក្នុងឧបទ្ទវហេតុផ្សេងៗ ឱ្យបានទាន់ពេលវេលា។ 

   លោក​ឧត្តមសេនីយ៍ត្រីមេបញ្ជាការកងរាជអាវុធហត្ថខេត្ត​ ក៏បានសង្កត់ធ្ងន់ៗដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថ​ទាំងអស់ ត្រូវតែគោរពច្បាប់ គោរពបទបញ្ជា គោរពឋានានុក្រមការងារ គោរពលក្ខន្តិកៈ បទវិន័យទូទៅ នៃកងយោធពលខេមរភូមិន្ទ ជាពិសេសត្រូវមានសាមគ្គីភាព ឯកភាពផ្ទៃក្នុងល្អ មានទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អផងដែរ៕

ដោយ ៖ សិលា


ចែករំលែក៖