ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមជនសង្ស័យនិងក្រុមក្មេងទំនើងវាយគ្នា រួចបន្លំចូលផ្ទះអ្នកស្រុកយកម៉ូតូបាន១គ្រឿងនៅស្រុកស្វាយទាបប៉ុន្មានថ្ងៃមុននេះសមត្ថកិច្ចមិនទាន់ចាប់ឃាត់ខ្លួនបាននៅឡើយ

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរព្រមទាំងរាយការណ៍មកសមត្ថកិច្ច ខណៈដែលមានក្រុមក្មេងទំនើង១ក្រុមមានគ្នាជាច្រើននាក់ប្រដាប់ដោយកាំបិតនិងដាវជិះម៉ូតូទៅមកៗ រោទ៍ដំឡើងសំឡេងបំពង់ស៊ីម៉ាំងម៉ូតូសូរទ្រហឹងអឺងកងតាមដងផ្លូវជាតិលេខ១ ក៏ផ្ទុះជាជម្លោះដេញកាប់គ្នា រួចបន្លំចូលផ្ទះអ្នកស្រុកលួចយកម៉ូតូបាន១គ្រឿងនៅស្រុកស្វាយទាបកាលពី ប៉ុន្មានថ្ងៃមុនសមត្ថកិច្ចមិនទាន់ចាប់ឃាត់ខ្លួនបាននៅឡើយ។

ករណីនេះបានកើតឡើងកាលពីវេលាម៉ោង ៩ និង១០នាទីយប់ថ្ងៃទី១៤ខែកុម្ភៈឆ្នាំ២០២៥ នៅលើកំណាត់ផ្លូវជាតិលេខ១ស្ថិតនៅក្នុងភូមិលាភ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប  ខេត្តស្វាយរៀង។

ប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុនេះឡើង មានក្រុមក្មេងទំនើងមួយក្រុមប្រមាណជា៧នាក់ទៅ៨នាក់បានមកឈប់ម៉ូតូហូបបង្អែម។ លុះមួយសន្ទុះក្រោយមកក៏មានក្មេងជំនើងមួយក្រុមទៀតមានគ្នាប្រមាណជិត១០នាក់បានជិះម៉ូតូមកដល់កន្លែងកើតហេតុ ក៏នាំគ្នារោទ៍ម៉ូតូលាន់សូរទ្រហឹងអឺងកង ហើយជិះហួសបន្តិចក៏បាននាំគ្នាបត់ម៉ូតូមកវិញហើយឌឺដងដាក់ក្មេងមួយក្រុមដែលកំពុងហូបបង្អែមនៅទីនោះ។

ប្រភពបានបានឱ្យដឹងទៀតថា ខណៈនោះក្រុមក្មេងកំពុងហូបបង្អែមនាំគ្នារើសដុំថ្ម កាន់គ្រប់ដៃសម្រាប់ការពារខ្លួន ខ្លះក៏អូសម៉ូតូចូលក្នុងផ្ទះអ្នកស្រុក ចំណែកឯក្មេង១ក្រុមជិះម៉ូតូពេលមកដល់ក៏ផ្ទុះជម្លោះហើយយកដុំថ្មគប់ទៅលើក្រុមក្មេងទំនើងទាំងនោះតែម្តង។ ពេលនោះក្រុមក្មេងទំនើងបានឈប់ម៉ូតូ ខ្លះបានចុះពីលើម៉ូតូកាន់កាំបិតគ្រប់ដៃ ដេញកាប់ក្មេងមួយក្រុមនោះរត់គេចខ្លួនចូលក្នុងផ្ទះអ្នកស្រុកឱ្យជួយ ស្របពេលនោះបក្សពួកក្មេងទំនើងប្រមាណ៥ទៅ៦នាក់បានធ្វើជាដេញគ្នារត់ចូលផ្ទះអ្នកលក់ចាប់ហួយក្បែរនោះក៏លួចអូសយកម៉ូតូម្ចាស់ផ្ទះមួយគ្រឿងដែលទុកមុខផ្ទះជិះចេញទៅបាត់ ហើយមានម្នាក់ទៀតបម្រុងអូសម៉ូតូមួយគ្រឿងទៀត ប៉ុន្តែត្រូវម្ចាស់ម៉ូតូឃើញទាន់ ទាញកាំបិតគប់ក្រុមក្មេងទំនើងធ្វើឱ្យភ័យ ក៏រត់ចេញឡើងជិះម៉ូតូគេចខ្លួនបាត់អស់ទៅ។

តាមសេចក្តីរាយការណ៍បានឱ្យដឹងទៀតថា ក្រោយមកម្ចាស់ម៉ូតូដែលក្មេងទំនើងលួចយកទៅបាត់នោះ បានពិនិត្យមើលកាមេរ៉ាសុវត្ថិភាពក្នុងផ្ទះទើបឃើញសកម្មភាពក្មេងទំនើងចូលលួចយកម៉ូតូ ហើយក៏បានទៅប្ដឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍តែម្ដង។

ពាក់ព័ន្ធករណីខាងលើនេះលោកសោម សារ៉ន អធិការនគរបាលស្រុកស្វាយទាប អ្នកសារព័ត៌មានយើងបានទំនាក់ទំនងតាមប្រព័ន្ធតេឡេក្រាមកាលពីរសៀលថ្ងៃទី១៦ខែកុម្ភៈឆ្នាំ២០២៤នេះ ពាក់ព័ន្ធករណីខាងលើ ដោយលោកបានចូលមើល ប៉ុន្តែមិនបានឆ្លើយតបនោះទេ។ មហាជនរង់ចាំមើលចំណាក់ការរបស់លោកអធិការនគរបាលស្រុកស្វាយទាប  តើអាចឃាត់ខ្លួនជនសង្ស័យទាំងអស់នោះបានដែរឬទេ ?ខណៈដែលសមត្ថកិច្ចបានស្គាល់អត្តសញ្ញាណជនសង្ស័យទាំងនោះអស់ហើយ៕

ដោយ៖ សុថាន


ចែករំលែក៖