កាលពីថ្ងៃទី១៥ ខែកុម្ភៈ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានអំពាវនាវដល់គ្រប់គ្រួសាររុស្ស៊ីទាំងអស់ត្រូវតែមានកូនយ៉ាងតិចពីរនាក់ ដើម្បីភាពរស់រានរបស់ប្រទេសជាតិ និងមានកូនចាប់ពី ៣ នាក់ឡើងទៅ ប្រសិនបើពួកគេចង់អភិវឌ្ឍនិងរីកចម្រើន។
ក្នុងអំឡុងពេលជួបជាមួយនិយោជិតនៅរោងចក្រផលិតធុងមួយក្នុងតំបន់ Urals លោកប្រធានាធិបតីពូទីនបានមានប្រសាសន៍ថា “ប្រសិនបើយើងចង់រស់រានមានជីវិតជាប្រជាជនឬក្រុមជនជាតិភាគតិចដែលរស់នៅក្នុងប្រទេសរុស្ស៊ីនោះ គ្រួសារនីមួយៗត្រូវតែមានកូនយ៉ាងហោចណាស់ពីរនាក់ដើម្បីពង្រីកនិងអភិវឌ្ឍ គ្រួសារនីមួយៗត្រូវការកូនយ៉ាងតិច ៣នាក់”។ លោកបានសង្កត់ធ្ងន់ថា ចំនួនប្រជាជនរុស្ស៊ីនឹងធ្លាក់ចុះ ប្រសិនបើគ្រួសារនីមួយៗមានកូនតែមួយ។
ប្រធានាធិបតីរុស្ស៊ីក៏បានបញ្ជាក់ដែរថា លោកគាំទ្រ “តម្លៃប្រពៃណី” ដោយផ្អែកលើគ្រួសារ ជាតិ និងសាសនាគ្រិស្ត។ ប្រទេសរុស្ស៊ីបានជួបប្រទះការថយចុះចំនួនប្រជាជនចំនួនពីរទសវត្សរ៍។ យោងតាមទីភ្នាក់ងារស្ថិតិរដ្ឋរុស្ស៊ី Rosstat គិតត្រឹមដើមឆ្នាំ 2023 ចំនួនប្រជាជនរុស្ស៊ីត្រូវបានប៉ាន់ប្រមាណថាមានចំនួន 146.4 លាននាក់ ធ្លាក់ចុះពីជិត 149 លាននាក់កាលពី 20 ឆ្នាំមុន។
កាលពីខែតុលាឆ្នាំមុន Rosstat បានចេញរបាយការណ៍ទីពីរដែលព្យាករណ៍ថា ចំនួនប្រជាជនរបស់ប្រទេសនឹងបន្តធ្លាក់ចុះនិងថយចុះជាង 7 លាននាក់នៅឆ្នាំ 2046 ។ របាយការណ៍ដំបូងរបស់ Rosstat ត្រូវបានចេញផ្សាយនៅចុងខែកញ្ញានៃឆ្នាំដដែលជាមួយនឹងការប៉ាន់ស្មានថា ចំនួនប្រជាជនរុស្ស៊ីនឹងបន្តធ្លាក់ចុះយ៉ាងខ្លាំងក្នុងប៉ុន្មានឆ្នាំខាងមុខ៕ ដោយ៖ ធីរីណា
រូបថត៖ TTXVN