ព័ត៌មានទាន់ហេតុការណ៍៖

ក្នុងខែមករា ឆ្នាំ២០២៤នេះកម្ពុជារកចំណូលបានជាង ១២១ លានដុល្លារ ពីការ នាំចេញកៅស៊ូ និងផលិតផលធ្វើពីកៅស៊ូ

ចែករំលែក៖

ភ្នំពេញ ៖ ការនាំចេញកៅស៊ូ និងផលិតផលធ្វើពីកៅស៊ូ មានតម្លៃជាប្រាក់ចំនួនជាង ១២១លានដុល្លារ ក្នុងខែ មករា ឆ្នាំ២០២៤ កើនឡើង ១២៣ ភាគរយ បើប្រៀប ធៀបនឹងខែមករា ឆ្នាំ២០២៣ ខណៈតម្លៃលក់ជ័រកៅស៊ូនៅលើទីផ្សារអន្តរជាតិហក់ឡើង ១៩ដុល្លារក្នុង១តោនកាលពីខែមករា។ នេះបើយោងតាមស្ថិតិទំនិញពាណិជ្ជ កម្មនាំចេញរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។ 

បរិមាណនាំចេញជ័រកៅស៊ូទៅកាន់ទីផ្សារអន្តរជាតិប្រចាំ ខែមករា ឆ្នាំ ២០២៤ សម្រេចបានសរុប ៤១ ៤៨៦ តោន កើនឡើង ៥ ៦២៧តោន ស្មើនឹង ៦ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ដោយឡែកការនាំ ចេញផលិតធ្វើអំពីកៅស៊ូ សម្រេចបាន ៤៣៦ ម៉ែត្រគូប ថយចុះ ១,៦៣ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមលោក ហ៊ឹម អូន អគ្គនាយកនៃអគ្គនាយកដ្ឋានកៅស៊ូ។

លោក ហ៊ឹម អូន លើកឡើងដូច្នេះថា «ថ្លៃលក់ជ័រកៅស៊ូនៅលើទីផ្សារអន្តរជាតិជាមធ្យមប្រចាំខែមករា ឆ្នាំ ២០២៤ ថ្លៃ ១ ៤២៣ ដុល្លារក្នុង១តោន បានឡើង ១៩ ដុល្លារក្នុង១តោន ស្មើនឹង ១% ធៀបនឹងខែមុន។ រីឯ ថ្លៃលក់ឈើកៅស៊ូជាមធ្យមក្នុងខែមករា ឆ្នាំ ២០២៤ ថ្លៃ ២០៤ ដុល្លារក្នុងម៉ែត្រគូប»។

ការផលិតកៅស៊ូធម្មជាតិទូទាំងពិភពលោកបានកើន ឡើង ៩,១ ភាគរយ នៅក្នុងខែធ្នូ ឆ្នាំ២០២៣ ស្មើ ១,៥ លានតោន ប៉ុន្តែ តម្រូវការកៅស៊ូធម្មជាតិ របស់ពិភព លោកបានធ្លាក់ចុះ ៣,២ ភាគរយ ស្មើនឹង ១,២ លានតោន។ នេះបើតាមសមាគមប្រទេសផលិតកៅស៊ូធម្មជាតិ (ANRPC) ដែលមានមូលដ្ឋាននៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី  បានចេញផ្សាយរបាយ ការណ៍របស់ខ្លួនស្តីពី ទីផ្សារកៅស៊ូធម្មជាតិសកល កាល ពីថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២៤។

ប្រទេសថៃជាប្រទេសផលិតកៅស៊ូធម្មជាតិធំជាងគេ កាលពីឆ្នាំមុន បន្ទាប់មក ឥណ្ឌូនេស៊ី វៀតណាម ចិន ឥណ្ឌា ម៉ាឡេស៊ី និងកម្ពុជា ហើយ ប្រទេសចិន គឺជាអ្នកបញ្ជាទិញកៅស៊ូធម្ម ជាតិធំជាងគេ បន្ទាប់មកប្រទេសឥណ្ឌា ថៃ និងម៉ាឡេស៊ី។ បើតាម លោកហ៊ឹម អូន ចំពោះ ថ្លៃជ័រកៅស៊ូ គ្រួសារនៅនឹងចម្ការប្រចាំខែមករា ឆ្នាំ២០២៤ គឺ ទឹកជ័រកៅស៊ូប្រភេទ  DRC 100% ថ្លៃ ៤ ៧៥០ -៥ ១០០ រៀលក្នុង១គីឡូក្រាម បានកើន ឡើង ១២១ រៀលក្នុង១គីឡូក្រាមបើធៀបនឹងខែមុន។ 

លោក យូ រដ្ឋា ជាកសិករ ដាំកៅស៊ូលក្ខណៈគ្រួសារ នៅខេត្តស្ទឹងត្រែង បានឱ្យដឹងថា ជ័រកៅស៊ូមានតម្លៃចន្លោះពី ២ ២០០ ទៅ ២៥០០ រៀលក្នុង១គីឡូក្រាម ប៉ុន្តែ តម្លៃហក់ឡើងបន្តិចចំនួន ២ ៨០០រៀល ក្នុង១ គីឡូក្រាមនៅចុងខែមករា ឆ្នាំ ២០២៤។

កសិកររូបនេះ និយាយថា ៖« កៅស៊ូ ឆ្នាំនេះ តម្លៃថោក ហើយមិនសូវមានជ័រទៀត គ្រប់តែចម្ការហ្នឹងជ័ររាងដូច ជាខ្សោយទិន្នផល ហើយតម្លៃថោកតាំងពីដើមដៃ ដើម ឆ្នាំមក បានត្រឹម ២ ២០០រៀល,២ ៣០០រៀល,២ ៤០០ រៀល,២ ៥០០រៀល ក្នុង១គីឡូក្រាម ដល់ពេល កៅស៊ូតែត នៅចុងខែមករា កៅស៊ូមានតម្លៃថ្លៃវិញបន្តិចបាន ២ ៨០០ រៀល។ ឆ្នាំនេះ កៅស៊ូ អន់បន្តិច មិនសូវមានជ័រ មិនដឹងវាមកពីអ្វីដែរ ប្រហែលជាយើងអត់បានដាក់ជីគ្រប់គ្រាន់ ថយជ័រថយឆ្នាំទៅអាចបានក្នុងខែ១ តោនកន្លះក្នុងចម្ការកៅស៊ូ៣ហិកតាហើយឆ្នាំនេះ បាន១តោន តិចតួច ១ តោន ១០០គីឡូ ១តោន ២០០គីឡូ ក្រាម ព្រោះកន្លែខែលក់ម្តង់បាន៦០០គីឡូក្រាម»។

ជាទូទៅ ដើមកៅស៊ូ ត្រូវបានផ្អាកចៀរយកជ័រក្នុងអំឡុងខែកុម្ភៈ និង ខែមីនា ព្រោះវាជារដូវជ្រុះស្លឹកចាស់បង្កើតស្លឹកថ្មី ដូច្នេះ ហើយ ជ័រកៅស៊ូនឹងមិនមានច្រើនសម្រាប់លក់ និងនាំចេញ ក្នុងអំឡុងខែមីនា និងខែមេសា។ 

កម្ពុជារកចំណូលបាន ៩១៩ លានដុល្លារពីការនាំចេញកៅស៊ូ និងផលិតផលធ្វើពីកៅស៊ូនៅឆ្នាំ ២០២៣ កើន ឡើង ៦៩,៦ ភាគរយបើធៀបនឹងឆ្នាំ២០២២។ ទីផ្សារនាំចេញកៅស៊ូកម្ពុជាភាគច្រើនរួមមាន ចិន វៀតណាម ម៉ាឡេស៊ី សិង្ហបុរី ឥណ្ឌា និងសហភាពអឺរ៉ុប។

ក្នុងឆ្នាំ ២០២៣នេះ ផលិតផលកៅស៊ូសរុបមានចំនួន ៣៩១ ៨០០ តោន កើនឡើង ៩ ៨០០តោន ហើយផ្ទៃដីក៏កើនឡើងផងដែរគឺមានចំនួន ២ ៥៩៤ ហិកតា ដែលភាគច្រើនកើន ឡើងទៅលើផ្ទៃដីកៅស៊ូគ្រួសារ ហើយ ពាក់ព័ន្ធកៅស៊ូឧស្សាហកម្មមិនមានការកើនឡើងទេ។នេះបើតាម ឯកឧត្តម ហ៊ឺម អូន។

នៅឆ្នាំ២០២៣ ទីផ្សារកៅស៊ូធម្មជាតិពិភពលោកត្រូវបានគេរំពឹងថា នឹងឈានដល់ ១៤,៦៩ លានតោន ហើយ ការប្រើប្រាស់ត្រូវបានគេព្យាករថាមានចំនួន ១៤,៧៣៨ លានតោន។នេះបើតាមសមាគមប្រទេសផលិតកៅស៊ូធម្មជាតិ (ANRPC)៕

ដោយ៖ សូរិយា


ចែករំលែក៖