ខេត្តសៀមរាប៖ សត្វទន្សោង១ក្បាលដែលជាប្រភេទសត្វត្រូវបានកត់ត្រាក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទជិតផុតពូជនៅលើពិភពលោក បានងាប់ដោយ សារជាប់អន្ទាក់របស់ព្រានព្រៃនៅក្នុងសហគមន៍ព្រៃឈើឆក់បាស់នៅស្រុកបន្ទាយស្រី។
យោងតាមខណ្ឌរដ្ឋបាលព្រៃឈើខេត្ត សៀមរាប បានឱ្យដឹងថា មានសត្វទន្សោង១ក្បាលបានរងរបួសជើងមុខខាងស្តាំធ្ងន់ធ្ងរដោយសារតែជាប់អន្ទាក់របស់ព្រានព្រៃនៅក្នុងសហគមន៍ព្រៃឈើឆក់បាស់ខេត្តសៀមរាបកាលពីថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ។
សត្វទន្សោង១ក្បាលនោះ ត្រូវបានមន្រ្តីជំនាញជួយសង្រ្គោះដោយបាញ់ថ្នាំសណ្តំរួចដឹកយកមកព្យាបាលមួយរយៈនៅក្នុងចម្ការពូជឈើគ្រញូង ស្ថិតនៅភូមិត្រពាំងថ្ម ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។ ខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាបបានបញ្ជាក់ថា ដោយ សាររបួសធ្ងន់ធ្ងរខ្លាំងពេកសត្វទន្សោងនោះបានងាប់នៅថ្ងៃដដែលនោះតែម្តង។
យោងតាមរបាយការណ៍របស់មន្ត្រីបរិស្ថាន បានឱ្យដឹងថា សត្វទន្សោង នៅក្នុងប្រទេសកម្ពុជា មានចន្លោះពី២ ពាន់ ៧០០ទៅ៥ពាន់៧០០ក្បាល ដែលចំនួននេះបានធ្វើឱ្យប្រទេសកម្ពុជា ជាកន្លែងដែលមានវត្តមានសត្វទន្សោងច្រើនជាងគេនៅលើពិភពលោក ខណៈចំនួនសត្វទន្សោងសរុបនៅលើពិភពលោក ត្រូវបានគេប៉ានស្មានថាមានចន្លោះពី៥ពាន់៩០០ ទៅ១ម៉ឺន១ពាន់ក្បាលតែប៉ុណ្ណោះ៕
ដោយ៖ សូរិយា