ភ្នំពេញ៖ សមាគមយុវជនខ្មែរមហានគរ បានតាមដានអំពីស្ថានការក្នុងការឃោសនាការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទៅ៥យ៉ាងយកចិត្តទុកដាក់ ក្នុងនោះក្នុងនាមយុវជនសង្គមស៊ីវិល និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ យើងខ្ញុំសូមសម្តែងការកោតសរសើរដល់គណកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប និងស្ថាប័នពាក់ព័ន្ធដែលបានយកចិត្តទុកដាក់ក្នុងការរៀបចំដំណើរការឃោសនាបោះឆ្នោត និងសម្របសម្រួលដើម្បីធានាបានថាការបោះឆ្នោតព្រឹសភានីតិកាលទី៥ បានប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។
ប៉ុន្តែជាអកុសលម្តងហើយម្តងទៀតមានគណបក្សនយោបាយមួយ ដែលគ្មានបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតព្រឹទ្ធ សភាសម្រាប់អាណត្តិនេះ បាននិងកំពុងធ្វើសកម្មភាពញុះញង់ដល់សមាជិកក្រុមប្រឹក្សា ឃុំ-សង្កាត់ ដែលជាអង្គបោះឆ្នោតទៅ វិញ។ ទង្វើគំរាមកំហែងលើអង្គបោះឆ្នោត បង្គាប់បញ្ជាឲ្យបោះឆ្នោត ជូនគណបក្សនេះ ឬគណបក្សនោះ សបញ្ជាក់ថាជាកា រំលោភ លើសិទ្ធក្នុងការសម្រេចចិត្តរបស់អង្គបោះឆ្នោត រំលោភលើការសម្ងាត់នៃបោះឆ្នោត និងធ្វើឱ្យបាត់ទំនុកចិត្តលើការបោះ ឆ្នោតជាដើម។
ក្រុមយុវជនសង្គមស៊ីវិល នៃសមាគមយុវជនខ្មែរមហានគរ ចាត់ទុកថា សកម្មភាពគំរាមកំហែងរបស់ គណបក្សនេះជាទង្វើមិនគប្បី និងផ្ទុយពីគោលការណ៍នៃច្បាប់ និងរំលោភបំពានដល់សិទ្ធិបោះឆ្នោតជ្រើសរើសសមាជិក ព្រឹទ្ធសភា ដែលធានាដោយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ព្រមទាំងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងៗទៀត។
ជាចុងក្រោយយើងខ្ញុំទាំងអស់គ្នា សូមធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការចំពោះអ្នកនយោបាយ បុគ្គល ឬក្រុមណា មួយ ដែលមានចិត្តគំនិតបំបែកបំបាក់ និងធ្វើឱ្យប្រទេសជាតិកម្ពុជា អស្ថិរភាព អសន្តិសុខ និងអណាធិបតេយ្យជាដាច់ខាត។ យើងខ្ញុំសូមគាំទ្រដល់ ស្ថាប័នពាក់ព័ន្ធ ពិសេស ក្រសួងមហាផ្ទៃ និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មានវិធានចំពោះគណបក្សនយោបាយ ឬបុគ្គលជ្រុលនិយមទាំងអស់នោះ ដើម្បីធានាដល់ការបោះឆ្នោតជ្រើសតាំងសមាជិក ព្រឹទ្ធសភានីតិកាលទី៥ ដែលនឹងប្រព្រឹត្តទៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២៤ខាមុខនេះ ប្រព្រឹត្តដោយរលូន សេរីភាព រក្សាការ សម្ងាត់ និងប្រជាធិបតេយ្យយ៉ាងពិតប្រាកដ។ យើងរួមគ្នាលុបបំបាត់នយោបាយខ្មៅកខ្វក់ជ្រុលនិយមឲ្យចេញ ផុតពីកម្ពុជា៕
ដោយ ៖ សិលា