ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែង​ប្រសាសន៍សំខាន់ៗ​ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​

ចែករំលែក៖

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃអង្គារ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បា​បានមានប្រសាសន៍សំខាន់ៗ​នាឱកាស​អញ្ជើញជាអធិបតី បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់អាជ្ញាធរជាតិប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន និងផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩។

សូមអាន​ប្រសាសន៍សំខាន់ៗរបស់​សម្ដេច​មហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ មានដូចខាងក្រោម​៖

-សម្ដេចធិបតី​ ហ៊ុន ម៉ាណែត ថ្លែងថា ឆ្នាំ២០២៣ និងដើមឆ្នាំ២០២៤នេះ កម្ពុជានៅតែរងផលប៉ះពាល់ពីគ្រឿងញៀនខុសច្បាប់ ដោយសារការលបលួចធ្វើសកម្មភាពក្រោមរូបភាពផ្សេងៗ ជាអាទិ៍ ការធ្វើចរាចរណ៍គ្រឿងញៀនឆ្លងកាត់តាមផ្លូវគោក ផ្លូវអាកាស ផ្លូវទឹក និងតាមបញ្ជើប្រៃណីយ៍។

-សម្ដេចធិបតី បានចាត់ទុក ការណ៍ដែលកម្ពុជាត្រូវបានដកចេញពីបញ្ជីប្រផេះ នៃប្រទេសលាងលុយកខ្វក់ របស់អង្គការFATF  ជាសមិទ្ធផលធំមួយដែលកម្ពុជាសម្រេចបានក្នុងឆ្នាំ២០២៣។

-សម្ដេចធិបតី​ ថ្លែង​ថា សកម្មភាពនៃការប្រើប្រាស់គ្រឿងញៀននៅកម្ពុជា កំពុងតែរីករាលពីទីក្រុងទៅជនបទ ទៅកាន់ទីប្រជុំជន ហើយអ្នកប្រើប្រាស់ និងជួញដូរគ្រឿងញៀនមានការកើនឡើងគួរឱ្យព្រួយបារម្ភ។

-សម្ដេចធិបតី​ ថ្លែង​សំណូមពរឱ្យគ្រប់ក្រសួងស្ថាប័ន វិស័យឯកជន និងប្រជាពលរដ្ឋទាំងអស់ ត្រូវចាត់ទុកបញ្ហាគ្រឿងញៀន ជាបញ្ហារួមដែលត្រូវចូលរួមទប់ស្កាត់ លុបបំបាត់ និងប្រយុទ្ធប្រឆាំងទាំងអស់គ្នា ដោយត្រូវធ្វើការអប់រំពីផលប៉ះពាល់នៃគ្រឿងញៀន វិនាសកម្ម និងត្រូវមានវិធានការម៉ឺងម៉ាត់បំផុតចំពោះអ្នកប្រើប្រាស់គ្រឿងញៀន។

– សម្ដេចធិបតី បានលើកឡើងនូវអនុសាសន៍ផ្ដាំផ្ញើរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដីនៃកម្ពុជា ចំពោះបញ្ហាគ្រឿញៀននេះដល់រាជរដ្ឋាភិបាលអាណត្តិថ្មី ត្រូវចាត់ទុកបញ្ហាគ្រឿងញៀនជាបញ្ហាធំដែលត្រូវយកចិត្តទុកដាក់ធ្វើការដោះស្រាយ។

-សម្ដេចធិបតី ថ្លែងថា កន្លងមក ទោះបីជាមានការរីករាលនៃជំងឺកូវីដ-១៩ និងសង្គ្រាមនៅអ៊ុយក្រែនក្ដី ក៏មិនបានផ្អាកដំណើរការចរាចរណ៍គ្រឿងញៀននៅទូទាំងពិភព លោកនោះឡើយ។

-សម្ដេចធិបតី ថ្លែងថា ឆ្នាំ ២០២៣ និងដើមឆ្នាំ ២០២៤នេះ កម្ពុជា នៅតែរងការប៉ះពាល់ពីការជួយដូរគ្រឿងញៀនខុសច្បាប់ពីក្រុមជនឧក្រិដ្ឋ ខណៈដែលបញ្ហាគ្រឿងញៀននេះក៏បានរីករាលដាល់ទៅដល់តំបន់ជនបទមួយចំនួនក្នុងប្រទេស កម្ពុជា ផងដែរ។

-សម្ដេចធិបតី ថ្លែងថា បញ្ហាសន្ដិសុខ សុវត្ថិភាពពាក់ព័ន្ធនឹងគ្រឿងញៀននេះ គឺជាបញ្ហាសំខាន់ណាស់ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ធ្វើការដោះស្រាយ។ បញ្ហានេះកម្ពុជាត្រូវតែគិតគូរដើម្បីធ្វើយ៉ាងណាធានាទៅដល់អនាគតរបស់កូនចៅខ្មែរ និងបរិស្ថានល្អរបស់កម្ពុជា។

-សម្ដេចធិបតី គូសបញ្ជាក់ថា បញ្ហាគ្រឿងញៀននៅក្នុងពិភពលោកបច្ចុប្បន្ន កាន់តែប្រទាក់ក្រឡា, កាន់តែទំនើប និងកាន់តែមានឥទ្ធិពល ហេតុនេះយើងត្រូវរួមគ្នាទប់ស្កាត់បញ្ហា គ្រឿងញៀនទាំងអស់គ្នា ដើម្បីអនាគតកូនចៅយើងកាន់តែប្រសើរ។

-សម្ដេចធិបតី ថ្លែងថា រាជរដ្ឋាភិបាលអាណត្តិទី៧ បានដាក់ចេញនូវវិធានការគន្លឹះចំនួន ៥ ក្នុងនោះវិធានការគន្លឹះទី៤ គឺបានផ្តោតការយកចិត្តទុកដាក់លើភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ហើយការអនុវត្តការរឿងនេះគឺត្រូវលុបំបាត់ឱ្យបានចំពោះបញ្ហាគ្រឿងញៀននៅក្នុងសហគមន៍។

-សម្ដេចធិបតី ថ្លែងបញ្ជាក់ជាថ្មីម្តងទៀតថា មន្រ្ដីរាជការគ្រប់ប្រភេទ និងកងកម្លាំងប្រដាប់អាវុធ បើរកឃើញមានពាក់ព័ន្ធ ឬប្រើប្រាស់គ្រឿងញៀន គឺត្រូវបណ្ដេញចេញពីក្របខណ្ឌតែម្ដង។

-សម្ដេចធិបតី ថ្លែងស្នើដល់ស្ថាប័នដែលមានមន្ត្រីរបស់ខ្លួន ត្រូវ បណ្ដេញចេញពីក្របខណ្ឌជាមន្ត្រីរាជការ ត្រូវសហការចែករំលែកទិន្នន័យ(ព័ត៌មាន)ពាក់ព័ន្ធនឹងការ បណ្ដេញចេញនោះ ទៅក្រសួងមុខងារសាធារណៈ ដើម្បីបញ្ជៀសកុំឱ្យបុគ្គលរូបនោះ ដាក់ពាក្យទៅ បម្រើការងារនៅស្ថាប័នផ្សេងទៀតបាន។

-សម្ដេចធិបតី​ ថ្លែង​ណែនាំឱ្យក្រសួងធម្មការ និងសាសនា ក្រសួងព័ត៌មាន ក្រសួងទេសចរណ៍ ក្រសួងអប់រំ ត្រូវសហការជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន រៀបចំចងក្រងខ្លឹមសារផលប៉ះពាល់នៃគ្រឿងញៀន ផ្សព្វផ្សាយតាមសាលារៀន វត្តអារាម វេទិកាសិល្បកម្សាន្ត និងកីឡានានា។​ 

-​សម្ដេចធិបតី​ ថ្លែងថា​ បញ្ហាគ្រឿងញៀន មិនមែនកើតមានតែក្នុងប្រទេសកម្ពុជាតែប៉ុណ្ណោះទេ ពោលបញ្ហានេះកើតមានជារួមគ្រប់ប្រទេសទាំងអស់ សូម្បីតែប្រទេសដែលមានច្បាប់ប្រហារជីវិតអ្នកជួញដូរគ្រឿងញៀនក៏ដោយ ក៏នៅតែមានបញ្ហាជួញដូរគ្រឿងញៀន។​ ខណៈកម្ពុជា នៅតែបន្តរងផលប៉ះពាល់ពីគ្រឿងញៀន ដោយសារតែមានការលបលួចធ្វើសកម្មភាពក្រោមរូបភាពផ្សេងៗ។

-សម្ដេចធិបតី​ ដាក់បញ្ជាឱ្យក្រសួងមហាផ្ទៃ ,ក្រសួងការពារជាតិ និងអាជ្ញាធរដែលមានសមត្ថកិច្ច ត្រូវ ទប់ស្កាត់ការជួញដូរគ្រឿងញៀនឆ្លងកាត់តាមព្រំដែន តាមផ្លូវគោក ផ្លូវអាកាស ផ្លូវទឹក និងតាមបញ្ជើប្រៃណីយ៍ ជាពិសេសមកពីតំបន់ត្រីកោណមាស។

-សម្តេចធិបតី ថ្លែងថា កម្ពុជា នឹងមិនឈានដល់ការប្រើប្រាស់អាវុធ ដើម្បីបង្ក្រាបញ្ហាគ្រឿងញៀនឡើយ។

-សម្ដេចធិបតី ថ្លែងបញ្ជាក់ថា គិតម៉ោងនេះរាជរដ្ឋាភិបាលត្រូវអនុវត្តច្បាប់លើបញ្ហាគ្រឿងញៀន គឺមិនត្រូវលើកលែងនោះទេ។ សម្ដេចធិបតីសង្ឃឹមថា ប្រមាណ១៥ឆ្នាំទៀតភាពរញ៉េរញ៉ៃនៃបញ្ហាគ្រឿងញៀននឹងបាត់ចេញអស់ពីប្រទេសកម្ពុជា។​ 

-សម្ដេចធិបតី ប្រកាសផ្ដាំដល់អ្នកដែលរកស៊ីមានបានក្នុងជំនួញគ្រឿងញៀន គប្បីបញ្ឈប់សកម្មភាពនេះ ហើយប្ដូរអាជីពថ្មីជំនួសវិញ ព្រោះនេះជាអំពើបាប។

-សម្ដេចធិបតី​ បញ្ជាក់ថា​ តាមរយៈការដាក់ចេញនូវវិធានការច្បាស់លាស់ ដើម្បីលុបបំបាត់គ្រឿងញៀន ខ្ញុំ(សម្ដេចធិបតី)សង្ឃឹមថា នៅអំឡុង ១០ ឬ ១៥ ឆ្នាំខាងមុខ បញ្ហាគ្រឿង ញៀន នឹងត្រូវថយចុះ ឬ លុបបំបាត់ទាំងស្រុង។

-សម្ដេចធិបតី​ ថ្លែងអំពាវនាវដល់វិនិយោគិនបរទេសទាំងឡាយ ណា ដែលមានបំណងចង់មកវិនិយោគដាំកញ្ឆានៅកម្ពុជា សូមកុំចាំបាច់ចំណាយពេលធ្វើដំណើរមក កម្ពុជានោះអី។ ខណៈសម្ដេច​ប្រកាសថា៖«ដរាបណា ហ៊ុន ម៉ាណែត នៅជានាយករដ្ឋមន្រ្ដី ខ្ញុំនឹងមិនអនុញ្ញាតឱ្យមានការដាំកញ្ឆានៅកម្ពុជានោះទេ»។​ 

គួរជម្រាបថា​ គ្រឿងញៀន បានក្លាយទៅជាបញ្ហាដ៏គួរឱ្យព្រួយបារម្ភនៅក្នុងសង្គមកម្ពុជា បន្ទាប់ពីការជួញដូរ និងការប្រើ​ប្រាស់​​មានសភាពកាន់ធ្ងន់ធ្ងរ។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា​ បានចាត់ទុកការងារប្រយុទ្ធប្រឆាំងគ្រឿង​ញៀនជាកិច្ចការដ៏ចាំបាច់មួយសម្រាប់កិច្ចការសន្តិសុខសង្គម ហើយសម្តេចបានដាក់ចេញបទបញ្ជាក្តៅឱ្យ​អាជ្ញាធរពាក់ព័ន្ធរួមគ្នាប្រយុទ្ធប្រឆាំងឱ្យមានប្រសិទ្ធភាព។

ដើម្បីការប្រយុទ្ធប្រឆាំងគ្រឿងញៀនមានប្រសិទ្ធភាពសម្តេចធិបតី បានសម្រេចកែសម្រួល​សមាស​ភាពអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយបានតែងតាំងឧបនាយករដ្ឋមន្ត្រី៤រូប ជាថ្នាក់​ដឹក​នាំអាជ្ញាធរនេះ ហើយមានថ្នាក់ដឹកនាំមកពីក្រសួង ស្ថាប័នរបស់រដ្ឋចំនួន១៤រូបផ្សេងទៀត ជា​សមា​ជិក​។

ជាមួយគ្នានោះ​ សម្ដេច​នាយករដ្ឋមន្ត្រី​កម្ពុជា​ ក៏បានប្រកាសចាត់វិធានការក្តៅទៅលើស្ថាប័នកងកម្លាំងប្រដាប់អាវុធ​មាន​កង​ទ័ព និងនគរបាលជាតិ ដោយបណ្តេញចេញពីក្របខណ្ឌ បើរកឃើញមានជាប់ពាក់ព័ន្ធនឹងគ្រឿង​ញៀន។ ក្នុងនោះមានកម្លាំងយោធា និងនគរបាលជាតិមួយចំនួន ត្រូវបានបណ្តេញចេញពីក្របខណ្ឌ​ផង​ដែរ បន្ទាប់ពីរកឃើញជាប់ពាក់ព័ន្ធនឹងគ្រឿងញៀនផងដែរ៕

ដោយ​៖​ស​ តារា


ចែករំលែក៖