ភ្នំពេញ៖ បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នាព្រឹកថ្ងៃអង្គារ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ បានលើក ឡើងពីគម្រោងដាក់ចេញយុទ្ធនាការសម្អាតប្រទេសកម្ពុជា បន្ទាប់ពីទទួលបានប្រជាពលរដ្ឋ នៅទូទាំងប្រទេស ចំនួនប្រមាណ៨លាននាក់ ក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លស្ទិកទេ»។
លោករដ្ឋមន្រ្តីមានប្រសាសន៍ថា ក្រសួងបរិស្ថាននឹងស្នើសុំឱ្យប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសយុវជន សិស្សានុសិស្ស ចូលរួមចំណាយពេល១០ ទៅ១៥នាទីចូលរួមប្រមូលសំរាម សំអាតអនាម័យជុំវិញផ្ទះ សាលា រៀន និងមូលដ្ឋានយកមកទុកដាក់ឱ្យបានត្រឹមត្រូវ ដើម្បី ធ្វើយ៉ាងណាឱ្យកម្ពុជាយើង គ្មានការបោះសំចោលផ្តេសផ្តាស់រាយប៉ាយ កម្ពុជាមានភាពស្អាតកម្ពុជាមានសម្រស់ ផូរផង់ ទាក់ទាញអ្នកវិនិយោគផង និងទាក់ទាញអ្នកទេសចរណ៍ផង ដើម្បីមកកម្សាន្តនៅប្រទេសកម្ពុជា។
បណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា ក្រសួងបរិស្ថាន បាននិងកំពុងធ្វើឱ្យកម្ពុជាស្អាត ខណៈពេលយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក រហូតមកដល់ថ្ងៃនេះ មានប្រជាជនប្រមាណ៥លាន នាក់បានចូលរួម ដែលមានទាំងសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ នៅតាមសាលារៀន កម្មករ កម្មការិនី នៅតាមរោងចក្រសហគ្រាស កាកបាទក្រហមកម្ពុជា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ថ្នាក់ដឹកនាំនិងមន្រ្តី មកពីក្រសួង ស្ថាប័ននានា និងប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
បណ្ឌិត អ៊ាង សុផល្លែត បានលើកឡើងថា យុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» របស់ក្រសួងបរិស្ថាន ទទួលបានការគាំទ្រ និងទទួលបានការចូលរួមកាន់តែច្រើន ដែលនៅក្នុងជំហានបន្ទាប់ គឺក្រសួងនឹងចែកធុងញែកសំរាមតាមសាលារៀន និងជួយបង្រៀនសិស្សានុនសិស្សបន្ថែមទៀត ឱ្យចេះញែកសំរាម ដាក់ថង់ប្លាស្ទិកដោយឡែក ដាក់សំរាមណាសម្រាប់ធ្វើជីដោយឡែក សំរាមណាអាចដុតបំផ្លាញចោល។ល។ យុទ្ធនាការបន្តនេះ គឺជាការបណ្តុះផ្នត់គំនិតយុវជនយើង ក៏ដូចជាប្រជាពលរដ្ឋ ឱ្យចេះញែកសំរាម ចេះបែងចែកសំរាម កាត់បន្ថយសំរាមបញ្ចេញចោល៕
ដោយ៖ សូរិយា