ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ឱ្យតែរកឃើញមានករណីពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន គឺត្រូវបណ្តេញចេញពីក្របខណ្ឌតែម្តង។
សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងដូចនេះ នៅរសៀលថ្ងៃទី ២០ កុម្ភៈ ២០២៤ ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងារត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ និងផ្សព្វផ្សាយផែនការយុទ្ធនាការលើកទី៩ ។
សម្តេចធិបតី បានថ្លែងបន្តថា ៖ ដើម្បីពង្រឹងវិន័យ ឯកភាព ក្នុងការអនុវត្តទាំងមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់ អាវុធ គឺត្រូវមានក្របខណ្ឌសីលធម៌ និងការទទួលខុសត្រូវជាងប្រជាពលរដ្ឋធម្មតា ពីព្រោះត្រូវធ្វើជាគម្រូដល់គេ។ ដូចនេះមុនការអនុវត្តវិធាននេះ គឺផ្តើមចេញពីការសម្អាតផ្ទះរបស់ខ្លួនមុនគេ នេះជាគោលនយោបាយ អត់មានការអនុគ្រោះមន្ត្រីក្នុងជួររាជរដ្ឋាភិបាល អាណត្តិទី៧នេះទេ។
នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ៖ រាជរដ្ឋាភិបាលមិនលើកលែងចំពោះមន្ត្រីរាជការ កងទ័ព និងកងកម្លាំងប្រដាប់អាវុធដែលពាក់ព័ន្ធនឹងគ្រឿងញៀន ដែលនេះជាវិធីសាស្ត្រសម្អាតចកនៅក្នុងបឹង។
សម្តេចធិបតី បានលើកឡើងថា៖ «មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធទាំងថ្នាក់ជាតិ និងក្រោមជាតិ ឨ្យតែរកឃើញប្រើប្រាស់ ឬពាក់ព័ន្ធគ្រឿងញៀន ត្រូវបណ្តេាញចេញពីក្របខណ្ឌ អត់ទុកទេ»។សម្តេចធិបតីបញ្ជាក់ថា ដើម្បីបង្រ្កាបគ្រឿងញៀនឱ្យអស់ពីកម្ពុជា ពោលត្រូវអនុវត្តសម្អាតមន្ត្រីរាជការស៊ីវិលដែលជាអ្នកបង្រ្កាបជាមុនសិន។
សម្តេចធិបតីថ្លែងថា៖ «អត់មានការអនុគ្រោះមន្ត្រីក្នុងជួររាជរដ្ឋាភិបាលទៀតទេក្នុងការប្រើប្រាស់គ្រឿងញៀន ខ្ញុំថាកាប់ប្រឡា គឺកាប់ឱ្យវាដាច់ កាប់មិនដាច់វាទៅមុតយើង»៕
ដោយ ៖ សិលា