ព័ត៌មានទាន់ហេតុការណ៍៖

ឆក់ទូរស័ព្ទ២ករណីផ្សេងគ្នាបានហេីយ តែរត់មិនរួចពីសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យឃាត់បានជាបន្តបន្ទាប់

ចែករំលែក៖

ភ្នំពេញ៖​ ត្រឹមតែរយៈពេលមិនបានកន្លះម៉ោងផងជនសង្ស័យ២ក្រុមបានធ្វេីសកម្មភាពឆក់ទូរស័ព្ទដៃពីកម្មការិនីរោងចក្រ២នាក់ពីរករណីផ្សេងគ្នាបានសម្រេចហេីយព្យាយាមគេចខ្លួនតែត្រូវបានកម្លាំងសមត្ថកិច្ចដេញឃាត់បានយកមកវិញ​ចាត់ការតាមនីតិវិធី។ 

សមត្ថកិច្ចបានឱ្យដឹងថា​ កាកពីវេលាម៉ោង២០និង១៥នាទីយប់​ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុច ផ្លូវបេតុង ស្ថិតនៅ ភូមិចោមចៅ២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានកម្មការីនីម្នាក់បានចេញពីធ្វើការរោងចក្រ ដើម្បីដើរ ត្រឡប់ទៅផ្ទះវិញ ដោយដើរនៅតាមផ្លូវបេតុង តែម្នាក់ឯង ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកេីតហេតុបានលូកដៃទាញ យកទូរស័ព្ទដៃ០១គ្រឿងម៉ាក OPPO F9 ពណ៌ខៀវ ចេញពីក្នុងហោប៉ៅខាងឆ្វេង មកបំរ៉ុងទូរស័ព្ទទៅប្រាប់ប្តី ឱ្យដឹង ស្រាប់ តែមានជន សង្ស័យចំនួន ០២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាស្ដុបពី (HONDA SCOOPY) ពណ៌ខ្មៅ ផលិតឆ្នាំ២០២៣ ពាក់ស្លាកលេខភ្នំពេញ1KG-2542 មកក្បែរ ហើយ ជនសង្ស័យ ដែលជិះពីខាងក្រោយ បានឆក់យកទូរស័ព្ទដៃ ពីជនរងគ្រោះបាន សម្រេចរួចហើយជនសង្ស័យ បាននាំគ្នាជិះម៉ូតូ គេចខ្លួនចេញពីកន្លែងបាត់។ 

លុះមកដល់វេលាម៉ោង២០និង៣០នាទីថ្ងៃខែដដែល​ និងមលដ្ឋានដដែល​ ជនរងគ្រោះឈ្មោះ យ៉ន បុប្ផា ភេទស្រី បានជិះកង់អាគុយ០១គ្រឿងតែម្នាក់ឯង ចេញពីកន្លែង ធ្វេីការក្នុងទិសដៅពីលិចទៅកើត ដើម្បីត្រឡប់ទៅផ្ទះ ដោយជនរងគ្រោះ បានស្ពាយកាបូបនៅជាប់និងខ្លួនចំហៀងខាង ឆ្វេងដៃ ដោយនៅក្នុងកាបូបស្ពាយនោះ ជនរងគ្រោះ បានដាក់ទូរស័ព្ទដៃ០១គ្រឿងម៉ាកOPPO F9 ពណ៌ក្រហម ក្នុងពេលនោះ ស្រាប់តែមានជនសង្ស័យ ចំនួន០៣នាក់ បានជិះម៉ូតូចំនួន០២គ្រឿង ដោយជនសង្ស័យ១-ឈ្មោះ ឡុង ជូ ភេទប្រុស (អ្នក បើកម៉ូតូ) ២-ឈ្មោះ ជា ពន្លឺ ភេទប្រុស (អ្នកឆក់)បានជិះ ម៉ូតូ០១គ្រឿងម៉ាកហុងដា ឌ្រីមសង់ (HONDA DREAM) ពណ៌ខ្មៅ ផលិតឆ្នាំ២០២១ ពាក់ស្លាកលេខភ្នំពេញ1TW-4729 ចំណែកជនសង្ស័យឈ្មោះ វន្នី ភារវុធ ភេទប្រុស បានជិះម៉ូតូ០១គ្រឿងម៉ាកហុងដាស្កុបពី (HONDA SCOOPY) ពណ៌ខ្មៅ ផលិតឆ្នាំ ២០២៣ ពាក់ស្លាកលេខភ្នំពេញ1KG-2542 តែម្នាក់ឯងចាំបិទគូទ ហើយជនសង្ស័យឈ្មោះ ឡុង ជូ ភេទប្រុស បានជិះម៉ូតូដឹកឈ្មោះ ជា ពន្លឺ ភេទប្រុស ទៅអែប នៅខាងឆ្វេងដៃ ជនរងគ្រោះ រួចហើយ ជនសង្ស័យឈ្មោះ ជា ពន្លឺ ភេទប្រុស ដែលជិះម៉ូតូនៅខាងក្រោយ បានប្រើដៃខាងស្តាំទៅលួចឆក់ យកកាបបូប ស្ពាយ ពីជនរងគ្រោះ ដោយដាច់ខ្សែកាបូប ហើយជនសង្ស័យ បានឆក់យកកាបូបស្ពាយ ដែលមានដាក់ទូរស័ព្ទដៃ០១គ្រឿងម៉ាក OPPO F9 ពណ៌ក្រហម ជារបស់ជនរងគ្រោះ បានសម្រេចរួចហើយជនសង្ស័យទាំង០៣នាក់ បាននាំគ្នាជិះ ម៉ូតូគេចខ្លួនចេញពីកន្លែងកើតហេតុ ដោយក្នុងពេលកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាល រដ្ឋបាលចោមចៅទី២ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដែលកំពុងតែជិះ ម៉ូតូល្បាត នៅក្បែរនោះ ឃើញ ដូច្នេះ ក៏បាននាំគ្នាជិះម៉ូតូដេញតាម ពីចំណុច ផ្លូវបេតុង ខាងមុខរោងចក្រផលិត សំលៀកបំពាក់តុងហ្គា ស្ថិតនៅ ភូមិចោមចៅ២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ រហូតចំណុចផ្លូវជាតិលេខ៣ ខាងមុខ ស្ថានីយ៍ប្រេង ច្រកចូលវត្តព្រៃស្គី សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ទើបកម្លាំង សមត្ថកិច្ចនគរបាល បានដេញតាមទាន់ និងឃាត់ខ្លួនជនសង្ស័យ ចំនួន០៣នាក់៖ ១-ឈ្មោះ ឡុង ជូ ភេទប្រុស ២-ឈ្មោះ ជា ពន្លឺ ភេទប្រុស ៣-ឈ្មោះ វន្នី ភារវុធ ភេទប្រុស រួមនិងវត្ថុតាង ចាប់យកជាក់ស្តែង នាំយកមកធ្វើការសាកសួរ នៅទីស្នាក់ការប៉ុស្តិ៍ នគរបាលរដ្ឋបាល ចោមចៅទី២ ដោយជនរងគ្រោះចំនួន០២នាក់១-ឈ្មោះ ម៉ក់ សុផល ភេទស្រី ២-ឈ្មោះ យ៉ន បុប្ផា ភេទស្រី បានមកដាក់ពាក្យបណ្តឹងប្តឹងចោទប្រកាន់ទៅលើ ជនសង្ស័យ ចំនួន០៣នាក់៖ឱ្យសមត្ថកិច្ចនគរបាល កសាងសំណុំរឿងបញ្ជូនទៅ ផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដើម្បីអនុវត្តន៍តាមនីតិវិធីបន្ត៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖