សហភាពអឺរ៉ុបបានអនុម័តកញ្ចប់ទណ្ឌកម្មលើកទី 13 ដែលផ្តោតលើប្រទេសរុស្ស៊ី ដោយដាក់ឈ្មោះបុគ្គល និងអង្គភាពថ្មីៗជាច្រើន រួមទាំងក្រុមហ៊ុនកូរ៉េខាងជើង និងក្រុមហ៊ុនចិន ដែលត្រូវបានគេជឿថាគាំទ្រសកម្មភាពយោធារុស្ស៊ី។
សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែកុម្ភៈ ឆ្នាំ ២០២៤ បានផ្សាយថា បណ្តាប្រទេសសហភាពអឺរ៉ុប (EU) បានឯកភាពគ្នាកាលពីថ្ងៃពុធសប្តាហ៍នេះ ក្នុងការដាក់ចេញនូវកញ្ចប់ទណ្ឌកម្មទី ១៣ ប្រឆាំងរុស្ស៉ី ដោយកំណត់គោលដៅលើក្រុមបុគ្គលនិងអាជីវកម្មដែលជាប់សង្ស័យថា បានជួយដល់សង្រ្គាមនៅអ៊ុយក្រែន។
ការសម្រេចនេះធ្វើឡើងខណៈដែលជិតដល់ខួប ២ឆ្នាំនៃការឈ្លានពានរបស់រុស្ស៉ី ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០២២។ បែលហ្សិក ដែលកាន់តំណែងជាប្រធានប្តូរវេននៃប្លុកទាំង ២៧ប្រទេស បាននិយាយថា នេះជាកញ្ចប់ទណ្ឌកម្មដ៏ធំមួយដែលអនុម័តដោយ EU។ បើតាមក្រុមអ្នកការទូត ឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសជាសមាជិក EU បានយល់ស្របគ្នាដាក់ចេញនូវទណ្ឌកម្មលើក្រុមហ៊ុននិងបុគ្គលប្រហែល ២០០ ក្នុងនោះក៏មានក្រុមហ៊ុនចិនមួយចំនួនដែលគេជឿជាក់ថាបានជួយដល់រុស្ស៉ី។
កញ្ចប់ទណ្ឌកម្មថ្មីនេះ នឹងពង្រឹងការរឹតត្បិតលើពាណិជ្ជកម្មប្រឆាំងនឹងអង្គភាពដែលពាក់ព័ន្ធនឹងឧស្សាហកម្មយោធារុស្ស៉ី ហើយបន្ថែមការហាមឃាត់លើការនាំចេញទៅកាន់រុស្ស៉ី ដូចជាសម្ភារបច្ចេកវិទ្យាទំនើបសម្រាប់ផលិតយន្តហោះដ្រូន ជាដើម។ លោកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុប បានគូសបញ្ជាក់ថា «ខ្ញុំសូមស្វាគមន៍ចំពោះការព្រមព្រៀងគ្នាលើទណ្ឌកម្មទី ១៣នេះ។ យើងត្រូវបន្តរារាំងដល់ដំណើរការសង្រ្គាមរបស់លោក ពូទីន»។
សហភាពអឺរ៉ុប បានចេញនូវទណ្ឌកម្មជាច្រើនប្រឆាំងរុស្ស៉ី ចាប់តាំងពីសង្រ្គាមនៅអ៊ុយក្រែនផ្ទុះឡើង ដោយកំណត់គោលដៅលើវិស័យថាមពល ធនាគារ ក្រុមហ៊ុនជីកយករ៉ែពេជ្រដ៏ធំរបស់រុស្ស៉ី អាជីវកម្ម និងទីផ្សារ រួមទាំងការបង្កកទ្រព្យសម្បត្តិនិងហាមឃាត់ការធ្វើដំណើររបស់មន្រ្តីសំខាន់ៗរុស្ស៉ី៕ ដោយ៖ ធីរីណា
រូបថត៖ Reuters