ខេត្តបាត់ដំបង ៖ និយាយមិនខុសទេ ! ខេត្តបាត់ដំបង គឺជាខេត្តស៊ីវិល័យមួយរបស់កម្ពុជា តាំងពីជំនាន់សង្គមរាស្ត្រនិយមដែលល្បីល្បាញខាងផ្នែកកសិកម្ម គឺកសិផលមានរស់ជាតិឆ្ងាញ់ ដោយសារទីតាំងសណ្ឋានដីមានជីជាតិ និងអាកាសធាតុអំណោយផល។
សូម្បីតែកវីនិពន្ធបទចំរៀង លោក គង្គ ប៊ុនឈឿន បានតាក់តែង រៀបរាប់ក្បោះក្លាយ ជាមួយនឹង ចំរៀងដ៏ពិរោះរណ្តំ អធិរាជសំឡេងទិព្វ លោក សុិន សុីសាមុត ។
ក្រៅពីនេះ វិស័យទេសចរណ៍ ក៏មានសក្តានុពលខ្លាំងណាស់ដែរ ជាពិសេសមានតំបន់ទេសចរណ៍ធម្មជាតិ និងកសិ-ទេសចរណ៍ជាច្រើនកន្លែង ដែលកំពុងត្រូវការវិនិយោគអភិវឌ្ឍន៍ ដើម្បីបង្កើនការទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត។ លោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា ៖ ដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល និងរដ្ឋបាលខេត្ត ក្នុងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធនានាក្នុងខេត្ត ជាមួយបណ្តាខេត្តជុំវិញ រួមបញ្ចូលទាំងការជំរុញការវិនិយោគអភិវឌ្ឍន៍តំបន់ទេសចរណ៍នានាក្នុងខេត្ត បានធ្វើឲ្យខេត្តបាត់ដំបងក្លាយជាគោលដៅទេសចរដ៏សំខាន់មួយ នៅភាគពាយ័ព្យនៃប្រទេស ជាពិសេសក្នុងឱកាសថ្ងៃឈប់សម្រាក និងពិធីបុណ្យជាតិធំៗ។ លោកអភិបាលខេត្ត បានបញ្ជាក់ថា ៖ ខេត្តបាត់ដំបង មានតំបន់ទេសចរណ៍ធម្មជាតិ និងកសិ-ទេសចរណ៍ជាច្រើនកន្លែង ប្រមាណ ១១១កន្លែង សម្រាប់ទាក់ទាញវិនិយោគ ដោយសារកំណើនភ្ញៀវទេសចរកើនឡើងជារៀងរាល់ឆ្នាំ បានផ្តល់ឱកាសជាច្រើនដល់ការវិនិយោគសាងសង់សំណង់សណ្ឋាគារ ខ្នាតទំនើប ព្រមទាំងការប្រកបអាជីវកម្ម ភោជនីយដ្ឋានឲ្យមានស្តង់ដារតាមតម្រូវការរបស់ភ្ញៀវថែមទៀត។ លោកអភិបាលខេត្តបន្តថា រាជរដ្ឋាភិបាល បាន និងកំពុងតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធកាន់តែច្រើនមកខេត្តបាត់ដំបង ដើម្បីផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរ និងមានរយៈពេលខ្លី ដូចជា គម្រោងសាងសង់ព្រលានយន្តហោះ កម្រិត 4C ការលើកកម្ពស់កម្រិតផ្លូវដែកពីភ្នំពេញទៅប៉ោយប៉ែត ដែលមានស្រាប់ (តភ្ជាប់ផ្លូវដែកអាស៊ានមកពីប្រទេសថៃ) ការតភ្ជាប់ផ្លូវបាត់ដំបង ពោធិ៍សាត់ និងកោះកុង ដែលជាតំបន់ទេសចរណ៍តំបន់ឆ្នេរសមុទ្រដ៏មានសក្តានុពល និងគម្រោងតភ្ជាប់ផ្លូវពីខេត្តបាត់ដំបង ទៅខេត្តសៀមរាប ដែលជាគោលដៅទេសចរណ៍ធំបំផុតរបស់កម្ពុជា។ ជាមួយគ្នានេះ លោកអភិបាលខេត្ត មានសុទិដ្ឋិនិយមថា នាថ្ងៃអនាគត ខេត្តបាត់ដំបង នឹងកាន់តែមានសេដ្ឋកិច្ចរីកចម្រើន ជឿនលឿន នៅពេលគម្រោងទាំងនេះលេចចេញជាផ្លូវការ ព្រោះវិនិយោគិនជាតិ និងអន្តរជាតិ នឹងសម្លឹងឃើញឱកាសវិយោគ នៅខេត្តបាត់ដំបងកាន់តែច្រើន។ ចំណែកភ្ញៀវទេសជាតិ និងអន្តរជាតិ ក៏នឹងចូលមកទស្សនាខេត្តនេះ កាន់តែច្រើនឡើងថែមទៀតផងដែរ។ សូមបញ្ជាក់ថា ៖ បច្ចុប្បន្នរមណីយដ្ឋានទេសចរណ៍ នៅខេត្តបាត់ដំបង មានដូចជា រមណីយដ្ឋានវប្បធម៌ ប្រវត្តិសាស្ត្រ ៥កន្លែង, រមណីយដ្ឋានវប្បធម៌ ២កន្លែង រមណីយដ្ឋានធម្មជាតិ ១៥កន្លែង រមណីយដ្ឋានប្រវត្តិសាស្ត្រកែច្នៃ ១កន្លែង រមណីយដ្ឋានកែច្នៃ ១១កន្លែង រមណីយដ្ឋានកសិទេសចរណ៍ ៤កន្លែង កីឡាទេសចរណ៍ ៣កន្លែង សហគមន៍ទេសចរណ៍ និងអេកូទេសច រណ៍ ៤កន្លែង និងវត្តទេសចរណ៍គំរូ ១០កន្លែង។ លើសពីនេះ ខេត្តបាត់ដំបង ក៏មានព្រំប្រទល់ជាប់ប្រទេសថៃ ដែលមានច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកតំបន់ចំនួន ៥ ក្នុងនោះរួមមាន៖ ច្រកទ្វារព្រំដែនអន្តរជាតិ មាន ២ គឺច្រកទ្វារដូង និងច្រកទ្វារគីឡូ១៣ (ភ្នំជី) និងច្រកតំបន់ព្រំដែន មានចំនួន ៣ គឺច្រកទ្វារអូររំដួល ច្រកទ្វារអូរអន្លក់ (សួនស៊ុំ) និងច្រកទ្វារឆករកា (៤០០)។
ខេត្តបាត់ដំបង មិនត្រឹមជាខេត្ត សុីវីល័យប៉ុណ្ណោះទេ ឥទ្ធិពលនៃជម្រុកស្រូវ ត្រី ធ្វើអោយប្រជាពលរដ្ឋ ប្តូរមុខមាត់ ជីវភាព ពីដំណាក់មួយ ទៅដំណាក់ការមួយ។ បច្ចុប្បន្ន ត្រូវបានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ លើគ្រប់វិស័យ សូម្បីតែកន្លែងកម្សាន្ត រៀបចំដោយមានអ្នកវិនិយោគ ទទួលភ្ញៀវច្រើន និងស្រូបយកកម្លាំងពលកម្មក្នុងស្រុក បានប្រជាពលរដ្ឋមានការងារធ្វើ ៕
ដោយ ៖ សិលា